អានតួអត្ថបទ
បារាំង

បារាំង​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធជាតិ​ចំពោះ​ជនរងគ្រោះ​ក្នុង​អំពើ​ភេរវកម្ម​ថ្ងៃទី១៣ វិច្ឆិកា

នៅ​ក្នុង​ប្រទេស​បារំាង ២សប្តាហ៍​ក្រោយ​អំពើ​ភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស និង​ជាយ​ក្រុង​ប៉ារីស​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ១៣០នាក់ និង​របួស​ជាង ៣០០នាក់​កាល​ពី​ថ្ងៃទី១៣ វិច្ឆិកា​មក រដ្ឋាភិបាល​បាន​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធជាតិ និង​សាធារណៈរដ្ឋ​នៅ​ក្នុង​វិមាន Invalides ក្នុង​ទីក្រុង​ប៉ារីស។ គោលដៅ​នៃ​ការ​រៀបចំ​ពិធី​ជា​លក្ខណៈ​ជាតិ និង​សាធារណរដ្ឋ​ថ្ងៃ​បាន​ធ្វើ​ឡើង ដើម្បី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ចំពោះ​ជនរងគ្រោះ​ក្នុង​អំពើ​ភេរវកម្ម។ ក្រៅ​ពី​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នៅ​ក្នុង​វិមាន Invalides និង​ដើម្បី​សម្តែង​ឯកភាពជាតិ លោក​ប្រធានាធិបតី​បារាំង​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បារាំង​ដោត​ទង់ជាតិ​នៅ​តាម​ផ្ទះ​ដែរ​ក្នុង​ថ្ងៃ​នេះ។

លោក​ប្រមុខរដ្ឋ​បារាំង​ហូឡង់​អង្គុយ​​​នៅ​ក្នុង​ពិធី​គោរពវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​អំពើ​ភេរវកម្ម ថ្ងៃទី២៧ វិច្ឆិកា ២០១៥
លោក​ប្រមុខរដ្ឋ​បារាំង​ហូឡង់​អង្គុយ​​​នៅ​ក្នុង​ពិធី​គោរពវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​អំពើ​ភេរវកម្ម ថ្ងៃទី២៧ វិច្ឆិកា ២០១៥ REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​សុក្រ ទី២៧ វិច្ឆិកា​នេះ ប្រទេស​បារាំង​ទំាង​មូល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ចំពោះ​ជនរងគ្រោះ​ទាំង ១៣០នាក់​ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​អំពើភេរវកម្ម​កាល​ពី​ថ្ងៃ​ទី១៣ វិច្ឆិកា​ក្នុង​ទីក្រុង​ប៉ារីស និង​ជាយក្រុង​ប៉ារីស។ ពិធី​គោរព​វិញ្ញាណក្ខន្ធ​ដែល​រៀបចំ​នៅ​ក្នុង​វិមាន Invalides បាន​ចាប់​ផ្តើម​នៅ​ម៉ោង ១០ និង​៣០នាទី ម៉ោង​ក្នុង​ប្រទេស​បារាំង ត្រូវ​ជា​ម៉ោង ៤ និង ៣០នាទី​រសៀល ម៉ោង​ក្នុង​ប្រទេស​កម្ពុជា។ ពិធី​បុណ្យ​បាន​ចូលរួម​ដោយ​លោក​ប្រធានាធិបតី​បារាំង​ហ្រ្វង់ស័រ ហូឡង់ ថ្នាក់ដឹកនំា​រដ្ឋាភិបាល និង​ឥស្សរជន​នយោបាយ​មក​ពី​គ្រប់​គណបក្ស​ទំាង​អស់ ព្រម​ទំាង​ក្រុម​គ្រួសារ​ជិត ឆ្ងាយ​របស់​ជនរងគ្រោះ និង​អ្នក​រងរបួស​ជា​ច្រើន​នាក់​ដែល​អាច​ធ្វើ​ដំណើរ​មក​ចូលរួម​បាន ព្រោះ​មាន​អ្នក​រងរបួស​ខ្លះ​កំពុង​បន្ត​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅ​ឡើយ។

ជា​សរុប មាន​មនុស្ស​ចូលរួម​ប្រមាណ​ជា ២ ៥០០នាក់​នៅ​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ជា​លក្ខណៈជាតិ និង​សាធារណរដ្ឋ​ថ្ងៃ​នេះ។ ពិធី​បុណ្យ​បាន​ចាប់​ផ្តើម​ជាមួយ​នឹង​ភ្លេងជាតិ និង​បន្ត​ដោយ​បទចម្រៀង​ក្រោម​ចំណងជើង​ថា « យើង​មាន​តែ​ក្តី​ស្រឡាញ់ »។ បន្ទាប់​មក​ទៀត គឺ​ជា​ឈាន​ដល់​ដំណាក់កាល​ក្តុកក្តួល​ដោយ​មាន​ការ​ប្រកាស​ឈ្មោះ និង​អាយុ​របស់​អ្នក​ស្លាប់​ទំាង ១៣០នាក់។ គួរ​ជម្រាប​ជូន​ថា ជនរងគ្រោះ​ទំាង ១៣០នាក់​មាន​អាយុ​ចន្លោះ​ពី ២០ ទៅ​ជាង ៦០ឆ្នំា តែ​ភាគច្រើន​មាន​អាយុ​ក្រោម ៣៥ឆ្នាំ។ ទន្ទឹម​នឹង​ការ​ប្រកាស​ឈ្មោះ​ជនរងគ្រោះ​ម្នាក់ៗ ក៏​មាន​ការ​ដាក់​បញ្ចាំង​រូបថត​​ជនរងគ្រោះ​នៅ​លើ​ផ្ទាំង​សំពត់ ស ដ៏​ធំ​អម​ដោយ​ទង់ជាតិ​បារាំង​ផង​ដែរ។
 

លោក​ប្រមុខរដ្ឋ​បារាំង​ហូឡង់​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធចំពោះ​ជន​រងគ្រោះ​ក្នុង​អំពើ​ភេរវកម្ម
លោក​ប្រមុខរដ្ឋ​បារាំង​ហូឡង់​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធចំពោះ​ជន​រងគ្រោះ​ក្នុង​អំពើ​ភេរវកម្ម Reuters/Charles Platiau

ពិធី​បុណ្យ​បាន​បិទ​បញ្ចប់​តាម​រយៈ​ការ​ថ្លែង​សុន្ទកថា​របស់​លោក​ប្រធានាធិបតី​បារាំង​ហ្រ្វង់ស័រ ហូឡង់។

« ថ្ងៃ​សុក្រ ទី១៣ វិច្ឆិកា ថ្ងៃ​ដែល​យើង​មិន​អាច​បំភ្លេច​បាន​ទេ។ ប្រទេស​បារាំង​បាន​ទទួល​រងការ​វាយប្រហារ​ដោយ​ក្រុមមនុស្ស​កំសាកបំផុត។ គឺ​ជា​ទង្វើ​សង្រ្គាម​ដែល​បាន​រៀបចំ​បញ្ជា​ពី​ចម្ងាយ​ដោយ​បាន​សម្លាប់​មនុស្ស ១៣០នាក់ និង​របួស​ជា​ច្រើន​រយ​នាក់​ក្នុង​បុព្វហេតុ​ដ៏​ឆ្កួតលីលា។ ថ្ងៃ​នេះ ប្រទេស​បារំាង​ទំាង​មូល​យំសោក​ចំពោះ​ជន​រងគ្រោះ​ទំាង ១៣០នាក់។ ជីវិត ១៣០នាក់​ត្រូវ​បាន​សម្លាប់ ព្រហ្មលិខិត​ចំនួន ១៣០ ​ត្រូវ​បាន​បំផ្លាញចោល និង​គេ​លែង​បាន​ឮ​ទៀត​ឡើយ នូវ​សំណើច​ក្អាកក្អាយ​ទំាង ១៣០នាក់ »

បារាំង​បង្ហាញ​ពី​ឯកភាពជាតិ​ប្រឆាំង​នឹង​ភេរវនិយម

មាន​ហេតុផល​ចំនួន​ពីរ​ដែល​រដ្ឋាភិបាល​បាន​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ចំពោះ​ជនរងគ្រោះ​ក្នុង​អំពើ​ភេរវកម្ម​នា​ទីក្រុង​ប៉ារីស និង​ជាយ​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃទី១៣ វិច្ឆិកា។ ហេតុផល​ទី១ រដ្ឋអំណាច​ត្រូវ​ការ​ពេល​វេលា និង​ការ​រួម​សហការណ៍​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ​ដើម្បី​ស្វែង​រក​អត្តសញ្ញាណ​ឲ្យ​បាន​ច្បាស់​លាស់ ព្រោះ​នៅ​ក្នុង​ចំណោម​សាកសព​ទំាង ១៣០នាក់ មាន​សាកសព​មួយ​ចំនួន​បាន​ខ្ទេចខ្ទីរ បាត់បង់​ភិនភាគ​ដើម​ដោយ​ឥទ្ធិពល​គ្រាប់ផ្ទុះ និង​គ្រាប់កាំភ្លើង​របស់​ពួក​ភេរវជន។

ហេតុផល​ទី២ រដ្ឋអំណាច​បាន​ទុក​ពេល​វេលា​ឲ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ​រៀបចំ​ពិធី​បុណ្យ​ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់។ ដូច្នេះ​ឃើញ​ថា ការ​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ចំពោះ​ជនរងគ្រោះ​ជា​លក្ខណៈ​ជាតិ និង​សាធារណរដ្ឋ​ដោយ​រដ្ឋាភិបាល​ថ្ងៃ​នេះ​មិន​ជា​យឺត​ពេល​ទេ។ អ្វី​ដែល​សំខាន់​តាម​រយៈ​ពិធី​បុណ្យ​ថ្ងៃ​នេះ គឺ​បារំាង​ចង់​បង្ហាញ​ពី​ការ​ឯកភាពជាតិ​ក្នុង​ការ​មិន​ចុះ​ញ៉ម​នឹង​ការ​គំរាមកំហែង​របស់​ពួក​ភេរវជន និង​មិន​ចុះ​ញ៉ម​ចំពោះ​ការ​ញុះញង់​ឲ្យ​មាន​ការ​ស្អប់ខ្ពើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ