អានតួអត្ថបទ
អាកាសចរណ៍

Germanwings៖ របាយការណ៍​ត្រូវ​ថ្លឹងថ្លែង​រវាង​សន្តិសុខ​អ្នក​ដំណើរ​និង​ការ​សម្ងាត់​សុខភាព​បុគ្គល

គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន ​Germanwings ​កាល​ពី​ថ្ងៃ​ទី​ ២៤ ​មីនា​ ឆ្នាំ​២០១៥ ​នៅ​ប្រទេស​បារាំង​ បាន​សម្លាប់​ជីវិត​មនុស្ស​១៥០​នាក់។ នៅថ្ងៃ​អាទិត្យ​ទី​ ១៣​ មីនា​នេះ ​ការិយាល័យ​ស៊ើបអង្កេត​គ្រោះ​ថ្នាក់​ផ្លូវ​អាកាស​របស់​បារាំង ​និង​ត្រូវ​ចេញ​របាយ​ចុងក្រោយ ​ដើម្បី​បិទ​បញ្ចប់​ការងារ​របស់​ខ្លួន។ ករណី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន ​Germanwings ​គឺជា​ករណី​ពិសេស​មិន​ធ្លាប់​មាន ​ ព្រោះ​វា​ជា​ករណី​ធ្វើ​អត្តឃាត​របស់​អ្នក​បើកបរ​យន្តហោះ ​ហើយ​ឆ្លងកាត់​មេរៀន​នេះ ​ភ្នាក់ងារ​ស៊ើប​អង្កេត​ត្រូវ​ចេញ​អនុសាសន៍​ជាច្រើន ​ដើម្បី​បញ្ចៀស​ករណី​គ្រោះថ្នាក់​បែបនេះ​ទៅ​ថ្ងៃ​ខាង​មុខ។

យន្តហោះក្រុមហ៊ុនអាល្លឺម៉ង់ Germanwings ចត​នៅព្រលាន​យន្តហោះ​
យន្តហោះក្រុមហ៊ុនអាល្លឺម៉ង់ Germanwings ចត​នៅព្រលាន​យន្តហោះ​ REUTERS/Wolfgang Rattay
ផ្សាយពាណិជ្ជកម្ម

យន្តហោះ ​Airbus A320 ​របស់​ក្រុមហ៊ុន​ Germanwings ​ដែល​មាន​ដឹក​អ្នក​ដំណើរ​១៤៤​នាក់ ​និង​បុគ្គលិក​ធ្វើការ​លើ​យន្តហោះ​៦នាក់​ បាន​ធ្លាក់​នៅ​តំបន់​ភ្នំ​ក្នុង​ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​ទី​២៤​ មីនា​ ឆ្នាំ​២០១៥។ ការ​ស៊ើបអង្កេត​ពីរ​ដាច់​ដោយឡែក​ពីគ្នា ​ត្រូវ​បាន​ចាប់ផ្តើម​ធ្វើ​ ទីមួយ​គឺ​ខាង​តុលាការ​បារាំង ​ដែល​ត្រូវ​ស៊ើប​រក​អ្នក​ទទួល​ខុសត្រូវ​លើ​គ្រោះថ្នាក់​នេះ ​ហើយ​មួយ​ទៀត​គឺ​ការ​ស៊ើប​អង្កេត​របស់​ការិយាល័យ​សន្តិសុខ​ផ្លូវអាកាស​បារាំង​ ដែល​ត្រូវ​ស្រាវជ្រាវ ​ពី​មូលហេតុ​នៃ​ការ​ធ្លាក់។ គឺ​របាយការណ៍​ចុងក្រោយ​របស់​ការិយាល័យ​នេះ​ហើយ​ ដែល​គេ​កំពុងតែ​រងចាំ​ស្តាប់ ​ព្រោះវា​នឹង​មាន​កំណត់ ​នូវ​អនុសាសន៍​ធំៗ ​ទាញ​ចេញ​ពី​មេរៀន​គ្រោះថ្នាក់​នេះ ​ដើម្បី​សំដៅ​ចៀសវាង​គ្រោះថ្នាក់​ដដែល​ ទៅ​ថ្ងៃ​ខាង​មុខ។

 

Andreas Lubitz  អ្នកបើក​​យន្តហោះ​ដែល​សម្លាប់​​ខ្លួន
Andreas Lubitz អ្នកបើក​​យន្តហោះ​ដែល​សម្លាប់​​ខ្លួន

ឆ្លងតាម​ការ​ស៊ើប​អង្កេត​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ ​អ្វី​ដែល​គេ​ដឹង​ប្រាកដ​ គឺ​យន្តហោះ​ធ្លាក់​ដោយសារ​តែ​អ្នក​បើក​យន្តហោះ​ម្នាក់​ឈ្មោះ ​Andreas Lubitz ​ជា​អ្នក​បញ្ជា​យក​យន្តហោះ ​ទៅ​បំបុក​នឹងភ្នំ​ដើម្បី​សម្លាប់​ខ្លួន។ ជន​នេះ ​បាន​ឆ្លៀត​ពេល​ ដែល​អ្នក​បើក​យន្តហោះ​ម្នាក់​ទៀត​ចេញ​ទៅ​បន្ទប់​ទឹក ​ បាន​ចាក់​សោ​ពី​ខាងក្នុង​បន្ទប់​បើកបរ​ ហើយ​បាន​ចាប់ផ្តើម​បញ្ជា​យន្តហោះ​តែ​ម្នាក់ឯង ​ ដោយ​បាន​ហោះ​សំដៅ​ទៅ​បុក​នឹង​ជំរាល​ភ្នំ ​នាំយក​ទាំង​ជីវិត​មនុស្ស​១៤៩​នាក់​ទៀត​ទៅ​ជាមួយ​ផង។

ការ​ស៊ើប​អង្កេត​បាន​បង្ហាញ​ផងដែរ​ ​ថា​មុន​ពេល​កើតហេតុ ​អ្នក​បើក​យន្តហោះ​រូបនេះ ​មាន​បញ្ហា​ផ្លូវចិត្ត​ សតិ​អារម្មណ៍​មិន​នឹងន ​ដោយ​មាន​សំបុត្រ​ពេទ្យ​ជាច្រើន​បាន​បញ្ជាក់។ ក៏​ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ដឹង​ ហើយ​អាច​ហាមឃាត់​ជន​នេះ​មិនឲ្យ​ ​ទៅ​ធ្វើការ​បាន​ទេ ​ដោយសារ​តែ​ក្រុមហ៊ុន​គ្មាន​សិទ្ធិ​លូកលាន់​រឿង​សម្ងាត់​ ទាក់ទង​នឹង​សុខភាព​ របស់​បុគ្គលិក​ ម្នាក់ៗ​បាន​ទេ។

គឺ​ត្រង់​ចំណុច​នេះ​ហើយ ​ដែល​កំពុងតែ​ចោទ​ជា​បញ្ហា ​ព្រោះ​ក្នុង​ករណី​នេះ ​ បញ្ហា​សុខភាព​របស់​អ្នក​បើក​យន្តហោះ ​គឺ​ជា​លក្ខខណ្ឌ​សន្តិសុខ​ចំបង​របស់​អ្នក​ដំណើរ។ គេ​មិន​អាច​បន្ត ​ យក​អាយុ​ជីវិត​មនុស្ស​រាប់រយ​នាក់ ​ទៅ​ផ្ញើរ​នឹង​អ្នក​បើកបរ​ ដែល​មាន​បញ្ហា​ផ្លូវចិត្ត​ចង់​សម្លាប់​ខ្លួន​ បែប​នេះ​បាន​ទេ។ របាយការណ៍ ​របស់​ក្រុម​ការងារ​ស៊ើប​អង្កេត​ នឹង​ត្រូវតែ​ថ្លឹងថ្លែង​ពី​បញ្ហា​នេះ ​ ដោយ​ធ្វើ​យ៉ាងណា ​ផ្តល់​អទិភាព​ទៅ​ដល់​សុវត្ថិភាព​របស់​អ្នក​ដំណើរ​លើ​យន្តហោះ។

ចំណុច​មួយទៀត​ ដែល​អាច​ជា​បទ​ពិសោធន៍​ទាញ​ចេញ​ពី​គ្រោះថ្នាក់​នេះ ​ គឺ​ការ​ចាក់​សោ​បន្ទប់​បើកបរ​ពី​ខាង​ក្នុង ​ ព្រមទាំង​ការ​ទុក​ឲ្យ​អ្នក​បើកបរ​តែ​ម្នាក់​ នៅ​ខាង​ក្នុង​តែ​ម្នាក់​ឯង។ គួរ​រំលឹក​ថា ​ចាប់​តាំង​ពី​មាន​ ភេរវកម្ម​ ​ថ្ងៃ​ទី​ ១១​ កញ្ញា​ ឆ្នាំ​២០០១​ នៅ​ក្រុង​ញូវយ៉ក​ គេ​បាន​កែប្រែ​លែងឲ្យ​អាច​បើក​ទ្វារ​បន្ទប់​បើកបរ​ពី​ខាង​ក្រៅ​បាន ​ ដើម្បី​ការពារ​កុំឲ្យ​មាន​ជន​ទុច្ចរិត​ចូល​ទៅ​គម្រាម​ ​អ្នក​បើកបរ។ យ៉ាងណាមិញ​ចាប់​តាំង​ពី​មាន​គ្រោះថ្នាក់​យន្តហោះGermanwings ​នេះ ​ភ្នាក់ងារ​អាកាសចរណ៍​អឺរ៉ុប​បាន​ចេញ​អនុសាសន៍​មួយ ​តម្រូវ​ឲ្យ​មាន​អ្នក​បើកបរ​ពីរ​នាក់​នៅ​ជា​ប្រចាំ​ ក្នុង​ពេល​បើកបរ​ តាំង​ពី​ឡើង​រហូត​ដល់​ចុះ។ ប៉ុន្តែ​អនុសាសន៍​នេះ ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​តែមួយ​ចំនួន​ប៉ុណ្ណោះ​ដែល​គោរព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ