អានតួអត្ថបទ
រុស្ស៊ី-តួកគី

តួកគី​​ចង់​បំផ្លាញគម្រោង​​សម្ព័ន្ធ​អន្តរជាតិ ដែល​ចង់​វាយ​ប្រហារ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម?

ភាពតានតឹង​នៅ បន្ត​មាន បន្ទាប់ពី តួកគី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី មួយ​គ្រឿង នៅ​ព្រំដែន​តួកគី ស៊ីរី។ ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន កាលពី​ថ្ងៃ​ម្សិលមិញ បាន​ព្រមាន​ខ្លាំង​ពី​ផលវិបាក​ដែល​តួកគី​នឹង​ជួប នៅក្រោយ​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី។ ទីក្រុង​ម៉ូស្គូ​បាន​ប្រកាស​នៅថ្ងៃ​ពុធ តាំងទី​ខែល​មីស៊ីល នៅ​ខេត្ត Lattaquié ជាទី​ដែល​យន្តហោះ​រុស្ស៊ី ធ្លាក់ កាលពី​ថ្ងៃម្សិលមិញ។ 

ពួក​ឧទ្ទាម​តួកកូម៉ាន​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​តួកគី​បង្ហាញ​​បំណែក​របស់​ឆ័ត្រយោង​របស់​អ្នកបើកបរ​យន្តហោះ​រុស្ស៊ី​ម្នាក់ ដែល​ក្រុម​គេ​បាន​បាញ់​សម្លាប់​ក្រោយ​ការបាញ់​ទម្លាក់​យន្តហោះរុស្ស៊ី ថ្ងៃទី ២៤​វិច្ឆិកា ២០១៥
ពួក​ឧទ្ទាម​តួកកូម៉ាន​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​តួកគី​បង្ហាញ​​បំណែក​របស់​ឆ័ត្រយោង​របស់​អ្នកបើកបរ​យន្តហោះ​រុស្ស៊ី​ម្នាក់ ដែល​ក្រុម​គេ​បាន​បាញ់​សម្លាប់​ក្រោយ​ការបាញ់​ទម្លាក់​យន្តហោះរុស្ស៊ី ថ្ងៃទី ២៤​វិច្ឆិកា ២០១៥ ©REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន បាន​អំពាវនាវ នៅថ្ងៃ​ពុធទី ២៥ វិច្ឆិកា កុំ​ឲ្យ​ប្រជាជន​រុស្ស៊ី ធ្វើដំណើរ​ទៅប្រទេស​តួកគី​តទៅទៀត។ ទេសចរ​រុស្ស៊ី តំណាង​ឲ្យ៣៥ភាគរយ​នៃ​អ្នកទេសចរ​បរទេស នៅ​ប្រទេស​តួកគី។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នៅថ្ងៃ​ពុធ នាយក​រដ្ឋមន្រ្តី​រុស្ស៊ី​បាន​ប្រកាស​ផ្អាក​គម្រោងការរួម ដែល​រុស្ស៊ី និង​តួកគី​មានជាមួយ​គ្នា។ តាម​ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី ក្រុមហ៊ុន​តួកគី​ជាច្រើន​នឹង​បាត់បង់​ប្រយោជន៍​ច្រើន​នៅ​ទីផ្សារ​រុស្ស៊ី។

 
ក្រសួងការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់ដែរថា អ្នកបើកបរ​យន្តហោះ​ម្នាក់ ដែល​នៅ​រស់រាន​មាន​ជីវិត នៅក្រោយ​ការបាញ់​ទម្លាក់​របស់​តួកគី ត្រូវ​បាន​គេ​ជួយសង្រ្គោះ និង​ដឹក​ចូល​បន្ទាយ ក្នុង​មូលដ្ឋានទ័ព​ជើងទឹក​របស់​រុស្ស៊ី នៅ​ខេត្ត​Lattaquié ដែល​ស្ថិតនៅ​តាម​ព្រំដែន​ស៊ីរី និង​តួកគី។ ក្រៅតែ​ប្រកាស​បញ្ជូន​នាវាចម្បាំង​ដែល​មាន​បំពាក់​ដោយ​គ្រាប់មីស៊ីល​បាញ់​យន្តហោះ ក្រសួងការពារ​ជាតិ​រុស្ស៊ី​នៅបាន​បញ្ជាក់ថា អំណើះតទៅ រាល់​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី នឹង​ត្រូវ​អម​ដំណើរ​ដោយ​យន្តហោះ ប្រមាញ់​រុស្ស៊ី​បន្ថែមទៀត។

នៅ​ថ្ងៃ​អង្គារ ទីក្រុង​អង់ការ៉ា បាន​និយាយ​ថា ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ មិនស្គាល់​មុខមួយ ដែល​បាន​រំលោភ ហោះ​ចូល​ក្នុង​ដែន​អាកាស​របស់តួកគី អស់​រយៈពេល ១៧​វិនាទី។ តួកគី​បាន​អះអាងថា ក្នុង​រយៈពេល ៥​នាទី អ្នកបើកបរ​តួកគី​បាន​បញ្ជូន​សញ្ញា ព្រមាន​ទៅ​យន្តហោះ ពីរគ្រឿង​ដែល​ហោះ​សំដៅ​ដែនអាកាស​តួកគី។ តាម​ផែនទី គូស​បញ្ជាក់​ដោយ​ក្រសួងការពារ​ជាតិ​តួកគី គេឃើញថា យន្តហោះ​រុស្ស៊ី ត្រូវ​បាន​បាញ់ទម្លាក់ នៅក្នុង​ទឹកដី​ស៊ីរី នៅ​ក្រោយ​ហោះចេញ​ពី​ដែន​អាកាស​តួកគី។

ចាប់តាំង​ពី​ឆ្នាំ ១៩៥០ នេះ​ជា​លើក​ទី ១​ដែល​យន្តហោះ​រុស្ស៊ី ត្រូវ​គេ​បាញ់​ធ្លាក់ ដោយ​ សមាជិក​អូតង់ ឬ​អាច​និយាយ​ថា តួកគី ជា​ប្រទេស​សមាជិក​អូតង់​ដំបូងគេ ដែល​បាន​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី។

ការបាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី កាលពី​ថ្ងៃ​ម្សិលមិញ ជា​រឿង​ដែល​គេរំពឹង​ថា នឹង​អាច​កើតមាន គ្រប់​ពេលវេលា។ ចាប់តាំង​ពី​រុស្ស៊ី បើក​ប្រតិបត្តិការ​ទ័ព​នៅ​ស៊ីរី ប្រទេស​ជិតខាង​របស់ខ្លួន តួកគី​បាន​ចោទ​កាលពី​ដើម​ខែ​តុលា ថា យន្តហោះ​រុស្ស៊ី​បាន​រំលោភ​ចូល​ក្នុង​ដែន​អាកាស​របស់ខ្លួន។ តួកគី​ធ្លាប់​បាន​ព្រមាន​រួចហើយថា នឹង​មិន​លើកលែង នៅពេល​ក្រោយៗ​នោះទេ។

ព្រឹត្តិការណ៍​នៅថ្ងៃ​ម្សិលមិញ គឺ​ជារឿង​ដែល​ជៀស​មិនផុត។ យន្តហោះ​តួកគី​តាមប្រមាញ់​បាញ់​យន្តហោះ​រុស្ស៊ី ក្នុងទឹកដី​តួកគី ព្រោះ​ថា តួកគី​ទំនង​ចង់​ការពារ​ក្រុមឧទ្ទាម តួកកូម៉ាន់ ដែល​តួកគី ទើប​បណ្តុះបណ្តាល និង​ដែល​កំពុង​ជាប់ដៃ​ប្រយុទ្ធ​ជាមួយ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី បាស្ហា អាល់អាសាដ នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ។ តួកគី​អាច​គិតថា យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី ដែល​តួកគី​បាញ់​ទម្លាក់ កាលពី​ថ្ងៃ​អង្គារ មាន​គម្រោង​ទៅ​ទម្លាក់​គ្រាប់បែក​លើ​ក្រុមឧទ្ទាម តួកកូម៉ាន ដែល​ខ្លួន​គាំទ្រ។ អីចឹង​ហើយ បាន​ជា​តួកគី​ត្រូវ​តែ​សម្រេច​ចាត់ការ​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី​ជាមុន។ តាម​តួកគី យន្តហោះ​របស់​រុស្ស៊ី មិន​បាន​ទម្លាក់​គ្រាប់បែក​លើ​ក្រុមជីហាត​ទេ ប៉ុន្តែ ទៅលើ​ក្រុមឧទ្ទាម ក្រុមប្រឆាំង​ស៊ីរី ក្នុង​គោលបំណង​ការពារ​អំណាច​របស់​ប្រធានាធិបតី​ស៊ីរី។

ការណ៍​ដែល​តួកគី​ហ៊ាន​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី​នៅពេលនេះ គឺ​មិនខ្លាច​ការវាយបក​វិញ ពី​រុស្ស៊ី គឺ​មក​ពី​តួកគី អាង​អង្គការ​អូតង់ ដែល​ទើប​បាន​បញ្ជាក់​ជាថ្មី គាំទ្រ គោរព​ចំណាត់ការ​របស់​តួកគី ដែល​ចង់​ការពារ​ដែនអធិបតេយ្យ​របស់ខ្លួន។

ម្យ៉ាងទៀត តួកគី​ក៏​កំពុង​ខកចិត្ត ដែល​ឃើញ ប្រទេស​លោកខាងលិច ដែលនៅក្នុង​នោះ មានតាំង​ពី​អាមេរិក និង​បារាំង ដែល​ចង់​សហការ​ជាមួយ​រុស្ស៊ី ដើម្បី ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម។ តួកគី​សម្រេច​បាញ់ទម្លាក់​យន្តហោះ​រុស្ស៊ី នៅពេលនេះ ក៏ព្រោះតែ​តួកគី ចង់​ផ្ញើសារ ដាស់​សតិ​ប្រទេស​លោកខាងលិច ថា រុស្ស៊ី នៅតែ​ជា​សម្ព័ន្ធមិត្ត​របស់​បាស្ហា អាល់អាសាដ ដែល​គេមិនត្រូវ​បោះដៃ​សហការ​ជាមួយដាច់ខាត។
 

វ៉ៃគេ​រួច រត់​ចូល​ផ្ទុះ។ ប្រធានាធិបតី​តួកគី​និយាយ​ទាំង​ចុង ចុងក ពីរឿង​ដែល​យន្តហោះ​តួកគី ​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី
វ៉ៃគេ​រួច រត់​ចូល​ផ្ទុះ។ ប្រធានាធិបតី​តួកគី​និយាយ​ទាំង​ចុង ចុងក ពីរឿង​ដែល​យន្តហោះ​តួកគី ​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី REUTERS/Kayhan Ozer/Presidential Press Office

ជំហរ​ដ៏ស្រពិចស្រពិល​របស់​តួកគី ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមជីហាត​នៅ​ស៊ីរី​
ប្រធានាធិបតី​តួកគី ធ្លាប់​បាន​ចោទ​ថា គឺ​ប្រធានាធិបតី​ស៊ីរី ដែល​ជួយ​គាំទ្រ​ក្រុមគួដ ស៊ីរី និង​តួកគី ដើម្បី​ងើបបះបោរ​ប្រឆាំង រដ្ឋាភិបាល​តួកគី។ ទិសដៅ​សំខាន់​របស់​តួកគី ធ្វើ​យ៉ាងម៉េច​ឲ្យ​ប្រធានាធិបតី​ស៊ីរី ចុះចេញពីអំណាច​ជា​ដាច់ខាត។ រហូតមក បើ​ទោះ​បី​ជា​តួកគី​ចូលរួម​ក្នុង​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក ធ្វើ​ប្រតិបត្តិការ​ទ័ព​នៅ ស៊ីរី ប៉ុន្តែ យន្តហោះ​ចម្បាំង​តួកគី​វាយសំដៅ​តែ​ទៅលើ​ក្រុមគួដ ដែល​ជាសត្រូវ​របស់​ក្រុង​អង់ការ៉ា ប៉ុន្តែ​មិន​មែន​ទៅលើ​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​នោះទេ។ តួកគី​នៅ​បាន​ជួយ​បណ្តុះបណ្តាល ពួកឧទ្ទាម​តួកកូម៉ាន ដែល​កំពុង​ប្រយុទ្ធនឹង​ទាហាន​រដ្ឋាភិបាល​ស៊ីរីថែមទៀត។ ទិសដៅ​សំខាន់​របស់​តួកគី កម្ចាត់​ប្រធានាធិបតី​ស៊ីរី​ដែល​គ្រោះថ្នាក់​មិនថា សម្រាប់​ប្រជាជន​ស៊ីរី និង​តួកគី។

តួកគី​ជា​សមាជិក​របស់អូតង់ ជាមួយ​ប្រទេស​លោកខាងលិច ប៉ុន្តែ តួកគី​គ្មានជំហរ​ដូច​សមាជិក​ដទៃ​ទៀត​នោះទេ។ បារាំង និង​អាមេរិក​ចង់​វាយបំផ្លាញ​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​ដែល​កំពុង​ដើរ​ធ្វើភេរវកម្ម​នៅអឺរ៉ុប និង​កំពុង​រីករាលដាល​ទៅ​ទុយនីស៊ី លីប៊ី ឬ​អាហ្វហ្កានីស្ថាន។ ប៉ុន្តែ សម្រាប់​តួកគី ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​មិនមែន​ជាសត្រូវ​របស់ខ្លួន​នោះទេ។

ដោយសារ​តែ​ជំហរ​មិន​ច្បាស់លាស់​របស់​តួកគី ប្រធានាធិបតី​ពូទីន នៅក្រោយ​ហេតុការណ៍​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី បាន​និយាយថា យន្តហោះ​រុស្ស៊ី បាញ់ទម្លាក់​ដោយ​ក្រុមចូលដៃ​ជើង​ជាមួយ​ពួកភេរវនិយម។ លោក​ពូទីន​នៅ​ចោទសួរ​ពី​តួនាទី​របស់​តួកគី ដែល​បើតាម​រុស្ស៊ី គឺ​ជា​ដៃគូ ទិញប្រេង​ពី​ក្រុម​ជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម។ គឺ​លុយ​របស់​តួកគី នេះ​ហើយ ដែល​បាន​ជួយចិញ្ចឹម​ក្រុមជីហាត ឲ្យ​ចេញ​ទៅ​ធ្វើ​ភេរវកម្ម នោះ។

តួកគី​ចង់​បាញ់​ព្រួញ​មួយ​សម្លាប់​សត្វពីរ។ ទីមួយ គឺព្រមាន​រុស្ស៊ី កុំ​ឲ្យ​ខ្លាំង ព្រហើន​បើក​យន្តហោះ រំលោភ​ដែនអាកាស​របស់ខ្លួន និង​ទី ២ គឺ​តួកគី​ចង់​បញ្ជាក់​ទៅ​ប្រទេស​សម្ព័ន្ធមិត្ត​លោកខាង​លិច​ថា តួកគី​ប្រឆាំង​ដាច់ខាត មិន​ចង់​ឲ្យ​មាន​ការចូលរួម​សហការ​របស់​អាមេរិក និង​បារាំង ជាមួយ​រុស្ស៊ី។ តួកគី​ប្រហែល​ប៉ង​ចង់​ឲ្យ​សម្ព័ន្ធអន្តរជាតិ ដែល​រួមបញ្ចូល អាមេរិក បារាំង និង​រុស្ស៊ី ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត រលាយ​ទៅវិញ ដោយសារ​ភាពតានតឹង ក្រោយ​ការបាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី​លើកនេះ។
 
អគ្គលេខាធិការ​អង្គការ​អូតង់ និង​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា សុទ្ធតែ​ប្រកាស​គាំទ្រ​តួកគី ក្នុង​បុព្វហេតុ​ការពារ​ដែនអាកាស​របស់ខ្លួន។ ប៉ុន្តែ ជាមួយ​គ្នានោះ សម្ព័ន្ធមិត្ត​របស់​តួកគី​បាន​ដាស់តឿន តួកគី ឲ្យអត់ធ្មត់ ពិចារណា​ល្អិតល្អន់ មុន​នឹង​បង្កើត​ភាពតានតឹង​ដូច​លើកនេះ។ អូតង់ និង​អាមេរិក​បាន​អំពាវនាវ​ផងដែរ​ឲ្យ​ភាគី​ជម្លោះ ស្ងប់ស្ងាត់ និង​ចរចា ដើម្បី ដោះស្រាយ​បញ្ហាតានតឹង។ ប្រហែល​ដោយសារ​តែ​ឃើញ​អាមេរិក ឬ​អូតង់​មិនសូវ​និយាយ​ច្រើន អីចឹង​ហើយ ទើប​បាន​ជា​នៅ​ថ្ងៃ​ពុធ​នេះ លោកប្រធានាធិបតី​តួកគី​បាន​ចេញ​មុខ​មក​និយាយ​ថា តួកគី​គ្មាន​បំណង បង្កើត​ភាពតានតឹង​នោះទេ។

គំនិត​ប៉ង​របស់​ទីក្រុង​អង់ការ៉ា​ដែល​ចង់​ឲ្យ​រុស្ស៊ី ប្រឈម​មុខ​ជាមួយ​ប្រទេស​លោកខាងលិច​ជួប​បរាជ័យ ដោយសារ​តែ​ទាំង​អូតង់ និង​អាមេរិក​គឺ​គ្មាន​ឆន្ទៈ​ប្រឈមមុខ​ជាមួយ​រុស្ស៊ី​នោះទេ។ មួយ​វិញ​ទៀត រុស្ស៊ី​វិញ ក៏​មិន​បាន​ផ្ទុះកំហឹង រហូត​ដល់​ប្រកាស​ធ្វើសង្រ្គាម​ជាមួយ​តួកគីដែរ។ រូបភាពនេះ អាច​កើតមាន​នៅក្នុង​សម័យ​សង្រ្គាម​ត្រជាក់។ ឯកអគ្គរដ្ឋទូត​រុស្ស៊ី នៅប៉ារីស​នៅបាន​បញ្ជាក់​ថា រុស្ស៊ី នៅតែ​ត្រៀមខ្លួន​សហការ​ជាមួយ​ប្រទេស​លោកខាងលិច ឬ​ទាំង​តួកគី ផងដើម្បី​ប្រយុទ្ធប្រឆាំង នឹង​ក្រុមជីហាតនៃអង្គការ​រដ្ឋអ៊ីស្លាម។ មានន័យថា ​តួកគី​ទោះជាមាន​ផែនការ​ចង់​បំផ្លាញ​គម្រោង​បង្កើត​សម្ព័ន្ធអន្តរជាតិ ប្រឆាំង​នឹង​ក្រុមជីហាត ប៉ុន្តែ តួកគី​នៅ​តែ​មិន​បាន​សម្រេច ព្រោះថា ក្រុមភេរវនិយម ជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម បាន​ក្លាយ​ជា​សត្រូវរួម​របស់​ពិភពលោក គឺ​មិនមែន​ប្រធានាធិបតី​ស៊ីរី តាម​ការគិត​ទុក​របស់​តួកគី​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ