អានតួអត្ថបទ
បារាំង

អាពាហ៍​ពិពាហ៍​រវាង​អ្នក​ស្រឡាញ់​ភេទដូចគ្នា​នៅតែ​ត្រូវ​ច្បាប់​ហាមប្រាម

ប្រទេស​បារាំង​នៅ​តែ​មិន​អនុញ្ញាត​ជានិច្ច​​ឲ្យ​មាន​អាពាហ៍ពិពាហ៍​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។ ក្រុមប្រឹក្សាធម្មនុញ្ញ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ២៩​មករា បាន​អនុម័ត​សេចក្តី​សំរេចចិត្ត​របស់​ខ្លួន បន្ទាប់ពី​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​ស្រ្តី​ពីរ​នាក់​ដែល​ប្រាថ្នា​ចង់​​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ជា​ផ្លូវការ​ស្របច្បាប់​ការ​រស់​នៅ​រួមសុខរួម​ទុក្ខ​​របស់​ខ្លួន​១៤​ឆ្នាំ​មក​ហើយ។ សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​យល់​ឃើញ​ថា ការ​ហាមប្រាម​អាពាហ៍ពិពាហ៍​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​មាន​លក្ខណៈ​​ត្រឹមត្រូវ​ស្រប​តាម​រដ្ឋធម្មនុញ្ញ។

ក្រុមគ្រួសារ​អ្នកស្រឡាញ់ភេទ​ដូចគ្នា ដែល​ទាមទារ​ឲ្យ​ច្បាប់​ទទួលស្គាល់​អាពិពាហ៍​ពិពាហ៍​របស់​ពួកគេ
ក្រុមគ្រួសារ​អ្នកស្រឡាញ់ភេទ​ដូចគ្នា ដែល​ទាមទារ​ឲ្យ​ច្បាប់​ទទួលស្គាល់​អាពិពាហ៍​ពិពាហ៍​របស់​ពួកគេ ©AFP PHOTO/FRANCOIS NASCIMBENI
ផ្សាយពាណិជ្ជកម្ម

02:16

សេចក្តីរាយការណ៍​របស់ វីនស្តុន រតនា

អ្នក​ស្រី​Corinne​និង​Sophie​ទាំង​ពីរ​នាក់​ស្រឡាញ់​គ្នា​រស់​នៅ​តំបន់​Reims​ បាន​ទាមទារ​សិទ្ធិ​រៀប​ការ​ជាមួយ​គ្នា​ ដើម្បី​ការពារ​ទំនុក​បំរុង​កូន​បួន​នាក់​របស់​ខ្លួន​។ក្រុមប្រឹក្សា​ធម្ម​នុញ្ញ​ដែល​គាត់​បាន​ប្តឹង​ប្តល់​ទើប​នឹង​ឆ្លើយ​ប្រាប់​គេ​ថា​ ប្រការ​៧៥​និង​១៤៤​នៃ​ក្រម​រដ្ឋប្បវេណី​ដែល​បដិសេធ​អាពាហ៍​ពិពាហ៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​មាន​លក្ខណៈ​ត្រឹម​ត្រូវ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​។

ដូច្នេះ​គឺ​ពុំ​មែន​តាម​ផ្លូវ​រដ្ឋធម្មនុញ្ញ​នោះ​ទេ​ដែល​គោល​ជំហរ​ស្តី​ពី​បញ្ហា​អាពាហ៍​ពិពាហ៍​នេះ​នឹង​វិវឌ្ឍ​។​ប៉ុន្តែ​ ចាប់​ពី​អំណើះ​ត​ទៅ​ គ្មាន​អ្វី​នឹង​ឃាត់​ឃាំង​រដ្ឋាភិបាល​កុំ​ឱ្យ​តាក់​តែង​ច្បាប់​នោះ​ទេ​។​គេ​នៅ​នឹក​ចង​ចាំ​បញ្ហា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​មាន​សិទ្ធិ​អាច​ចិញ្ចឹម​កុមារ​ធ្វើ​ជា​កូន​គឺ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ផ្ទុក​ផ្តាក់​ឱ្យ​ពួក​អ្នក​នយោបាយ​ជា​អ្នក​សំរេច​ចិត្ត​ក្នុង​បញ្ហា​នេះ។​

សេចក្តី​សំរេច​ចិត្ត​អំពី​អាពាហ៍​ពិពាហ៍​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ពុំ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ឡើយ​ ​ ដ្បិត​លោក​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ Jean-Louis​ Debré​បាន​ថ្លែង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ថា​ សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​គ្មាន​បេសកកម្ម​ត្រូវ​ធ្វើ​ជម្រើស​ក្នុង​បញ្ហា​សង្គម​នោះ​ទេ​។

ក៏​ប៉ុន្តែ​ពួក​សកម្មជន​ការពារ​មូល​ហេតុ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​បាន​សង្ឃឹម​ទៅ​លើ​សញ្ញា​ដ៏​ខ្លាំង​មួយ​ ​ ដើម្បី​ធ្វើ​ឱ្យ​ចម្រើន​ជឿន​លឿន​ទៅ​មុខ​ការប្រយុទ្ធ​តស៊ូ​របស់​ខ្លួន​”​ យើង​ទើប​នឹង​ធ្វើ​ឱ្យ​កន្លង​ផុត​ទៅ​ខណៈ​មួយ​ជា​ប្រវត្តិសាស្ត្រ​ “​ ​ -​នេះ​ជា​ការថ្លែង​របស់​ស្ត្រី​ជា​មេធាវី​ Caroline​ Mécary ​ដែល​តំណាង​សមាគម​SOS​ Homophobie​។​គាត់​បាន​ពោល​បន្ថែម​ទៀត​ថា​ “​ គឺ​របៀប​ដែល​បណ្តាជន​ភាគ​ច្រើន​ជា​អ្នក​ស្រឡាញ់​ភេទ​ខុស​គ្នា​ប្រព្រឹត្ត​ទៅ​លើ​ពួក​ជន​ភាគ​តិច​ជា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ត្រូវ​គេ​វាស់​វែង​កំរិត​នៃ​អរិយធម៌​របស់​បណ្តាជន​ភាគ​ច្រើន​នោះ​ “​ ។

សមូហភាព​ដទៃ​ទៀត​បន្ទោស​បារាំង​ថា​ជា​ប្រទេស​ស្ថិត​នៅ​ក្រោយ​គេ​​ក្នុង​ចំណោម​រដ្ឋ​ប្រជាធិបតេយ្យ​នៅអឺរ៉ូប។ គេ​រំឭក​ប្រាប់​ថា ប្រទេស​ជាច្រើន​ ដូចយ៉ាង ប៊ែលហ្ស៊ិក ហុល្លង់ អេស្ប៉ាញ ព័រទុយហ្កាល់ អនុញ្ញាត​ឲ្យ​គ្រប់​ជន​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​រៀបការ​ជាមួយ​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ