អានតួអត្ថបទ
ភូមា

ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​នាំគ្នា​​ភៀសខ្លួនចេញ​ពី​ភូមា​​យ៉ាង​គំហុក​

ជនជាតិ​ភាគតិច​ គ្មាន​ទឹកគ្មាន​ដី​ រ៉ូហ៊ីងយ៉ា បាន​នាំ​គ្នា​រត់​ភៀស​ខ្លួន​ទាំង​ហ្វូងៗ ចេញ​ពី​ប្រទេស​ភូមា ក្នុង​រយៈ​ពេល​ចុងក្រោយ​នេះ។ បើ​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ ក្នុង​រយៈ​ពេល​តែ​ពីរ​សប្តាហ៍​​នេះ​សោះ មាន​ជនជាតិ​រ៉ូហ៊ីងយ៉ា​ ប្រមាណ​ ១​ម៉ឺន​នាក់ បាន​នាំ​គ្នា​ចុះ​ទូករត់ ចាកចេញ​ពី​ភូមា។

ទួក​ដឹក​ជន​ភៀស​ខ្លួន​រ៉ួហ៊ីងយ៉ា
ទួក​ដឹក​ជន​ភៀស​ខ្លួន​រ៉ួហ៊ីងយ៉ា Reuters/Andrew Biraj
ផ្សាយពាណិជ្ជកម្ម

មិន​ធ្លាប់​មាន​ឡើយ ការ​រត់​ភៀស​ខ្លួន​ទាំង​ហ្វូងៗ​យ៉ាង​ដូច្នេះ​ពី​មុន​មក ! នេះ​បើ​តាម​​​​នាយក​អង្គការ​ការពារសិទ្ធិមនុស្ស​រ៉ូហ៊ីងយ៉ា Arakan Project។ អង្គការ​ក្រៅ​រដ្ឋាភិបាល ក្នុង​ស្រុក​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​បង្អែក​សម្រាប់​តាមដាន​ស្ថានភាព​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​នៅ​ភាគ​ខាង​លិច​ភូមា បាន​បន្ថែម​ទៀត​ថា មូលហេតុ​នៃ​​ការ​សម្រុក​ចេញនា​ពេល​នេះ ទំនង​ជា​​ជនជាតិ​រ៉ូហ៊ីងយ៉ា​ដឹង​ថា​លែង​មាន​អ្វី​ត្រូវ​រង់​ចាំ​ពី​រដ្ឋ​រ៉ាឃិន​ទៀត​ហើយ។

 
បើ​តាម​ទិន្នន័យ​ ជនជាតិ​រ៉ូហ៊ីងយ៉ា ប្រមាណជាង ១​សែន​នាក់ ដែល​​អង្គការ​សហប្រជាជាតិ​បាន​ចាត់​ទុក​ជា​ជនជាតិ​ភាគ​តិច​​​រង​គ្រោះខ្លាំង​ជាង​គេ​នៅ​លើ​ពិភពលោក បាន​នាំ​គ្នា​ភៀស​ខ្លួន​ចេញ​ពីភូមា តាម​ផ្លូវសមុទ្ទ តាំង​ពី​ខែ​មិថុនា​ ២០១២​មក។ ឆ្នាំ​ដែល​មាន​​អំពើ​ហិង្សា​ផ្ទុះ​ឡើង​ខ្លាំង​​រវាង​ក្រុម​អ្នក​កាន់​ព្រះពុទ្ធ​សាសនា និង​ជនជាតិ​រ៉ូហ៊ីងយ៉ា កាន់​សាសនា​អ៊ីស្លាម​ រហូត​មាន​ស្លាប់​ជាង​២០០​នាក់ និង​ជន​ភៀស​ខ្លួន ភាគ​ច្រើន​ជា​ក្រុម​ជនជាតិ​ភាគ​តិច​កាន់​សាសនា​អ៊ីស្លាម​រ៉ូហ៊ីងយ៉ា។

ក្រុម​នេះ​បន្ត​រស់​នៅ​ក្នុងជំរំ​រខេករខាក និង​លក្ខខណ្ឌ​យ៉ាង​ត្រដាប​ត្រដួស។ ដោយ​ប្រថុយ​នឹង​មរណៈ ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា សុខចិត្ត​ការ​រត់​ភៀស​ខ្លួន​តាម​សមុទ្ទ ដោយ​ទូក​តូចៗ​ សំដៅ​ជា​ពិសេស​ទៅ​ប្រទេស​ម៉ាឡេស៊ី កាន់​តែ​ច្រើនឡើងៗ ក៏​ព្រោះ​តែ​​មាន​លេច​ធ្លាយ​ព័ត៌មាន​​ស្តីពី​គម្រោង​ “ផែនការសកម្ម” របស់​រដ្ឋាភិបាល​ភូមា​ថ្មី ដែល​ចង់​ដាក់​បង្ខំ​ឱ្យ​ពួក​រ៉ូហ៊ីងយ៉ា រស់​នៅ​តែក្នុង​ជំរំ។

ប៉ុន្តែ​អាជ្ញាធរ​ភូមា​ បាន​បដិសេធ​​ដំណឹង​នេះ និង​បាន​បរិហារ​ថា​មាន​ការ​ឃោសនា​បំបោង​ព័ត៌មាន​ពី​សំណាក់​ក្រុម​រ៉ូហ៊ីងយ៉ា​ខ្លួន​ឯង។ បើ​តាម​អ្នក​នាំ​ពាក្យ​រដ្ឋ​រ៉ាឃិន គ្មានទេ​ការ​ចាប់​ខ្លួន​ ឬ​ការ​ធ្វើ​ទារុណកម្ម​លើ​ជនជាតិ​ភាគ​តិច​នេះ។ ​ក្នុង​ពេល​ធ្វើ​ជំរឿន ជា​លើក​ទី​មួយ តាំង​ពី​ជាង​៣០​ឆ្នាំ​មក ជនជាតិ​រ៉ូហ៊ីងយ៉ា ភាគ​ច្រើន​មិន​ត្រូវ​បាន​ចុះ​ឈ្មោះ​រាប់​ក្នុង​បញ្ជី​ទេ​ ព្រោះ​ខ្លាច​គេ​ដឹង​ថា​ជា​ជនជាតិ​ភាគតិច​កាន់​សាសនាអ៊ីស្លាម មាន​ការ​ស្អប់​ខ្ពើម​ បង្ក​ភាព​តាន​តឹង​នាំ​ដល់​អំពើ​ហិង្សា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ