អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

អ៊ីរ៉ង់​បញ្ឈប់​សកម្មភាព​នុយក្លេអ៊ែរ​ តាម​កិច្ចព្រមព្រៀង​ក្រុង​ហ្សឺណែវ​ យ៉ាងយូរ​នៅ​ដើម​ខែមករា​​ ឆ្នាំ២០១៤​

នៅថ្ងៃ​សុក្រ​នេះ អ៊ីរ៉ង់​បាន​ប្រាប់ថា ​ខ្លួន​នឹង​ចាប់អនុវត្ត​តាម​កិច្ចព្រមព្រៀង​ក្រុងហ្សឺណែវ ដែល​បាន​សំរេច​ចេញ​កាលពីថ្ងៃ​អាទិត្យ​ សប្តាហ៍​មុននេះ ដោយ​នឹង​បញ្ឈប់​សកម្មភាព​នុយក្លេអ៊ែរ​​​មួយចំនួន អោយ​បាន​យ៉ាងយូរ​​ នៅចុងខែ​ធ្នូ​​​ រឺ​ក៏​​ដើម​ខែ​មករា ឆ្នាំ​២០១៤ក្រោយ​នេះ។ កាលពីថ្ងៃ​អាទិត្យ​សប្តាហ៍​មុន​ ប្រទេស​មហាអំណាច​៥+១ មាន​អាមេរិក រុស្ស៊ី ចិន អាល្លឺម៉ង់ បារាំង​ អង់គ្លេស និង​អ៊ីរ៉ង់​ បានសំរេច​ចេញ​នូវ​កិច្ចព្រមព្រៀង​​​​មួយ សំរាប់​រយៈពេល​៦ខែ បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ ដោយ​តំរូវ​អោយអ៊ីរ៉ង់​បញ្ឈប់​សកម្មភាព​នុយក្លេអ៊ែរ។

លោក Reza Najafi តំណាង​អ៊ីរ៉ង់ នៅ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ
លោក Reza Najafi តំណាង​អ៊ីរ៉ង់ នៅ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ REUTERS/Heinz-Peter Bader
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សុក្រ​នេះ នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​រដ្ឋបាល​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ នៅ​ទីក្រុង​វីយេន ប្រទេស​អូទ្រីស លោក Reza Najafi រេហ្សា ណាចាហ្វ៊ី តំណាង​​ប្រទេស​អ៊ីរ៉ង់​ បាន​ប្រាប់ថា ​ យ៉ាងយូរ​​​នៅចុងខែ​ធ្នូ​​​ រឺ​ក៏​​ដើម​ខែ​មករា ​ឆ្នាំ​២០១៤​ខាងមុខ​នេះ​ អ៊ីរ៉ង់​​នឹង​ចាប់ផ្តើម​​បញ្ឈប់​សកម្មភាព​នុយក្លេអ៊ែរ​​​មួយចំនួន ​ស្រប​​តាម​កិច្ចព្រមព្រៀង​ក្រុងហ្សឺណែវ ​​ដែល​បាន​សំរេច​​កាលពីថ្ងៃ​អាទិត្យ​ សប្តាហ៍​មុន។

គួររំលឹក​ថា កាលពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន ប្រទេស​មហាអំណាច​៥+១ មាន​ បារាំង អាមេរិក រុស្ស៊ី ចិន អាល្លឺម៉ង់ អង់គ្លេស និង​អ៊ីរ៉ង់​ បានសំរេច​ចេញ​នូវ​កិច្ចព្រមព្រៀង​​​​មួយ សំរាប់​រយៈពេល​៦ខែ បន្ធូរបន្ថយ​ទណ្ឌកម្មមួយចំនួន​ដល់​​​អ៊ីរ៉ង់ ដោយ​តំរូវ​អោយអ៊ីរ៉ង់​បញ្ឈប់​សកម្មភាព​នុយក្លេអ៊ែរ។ ក្នុង​គោលការណ៍​​កិច្ចព្រមព្រៀង​​​៦ខែ​នេះ ​អ៊ីរ៉ង់​ត្រូវ​បញ្ឈប់​ការចម្រើនធាតុ​អ៊ុយរ៉ានីញ៉ូម​​អោយ​បាន​ជាង​៥ភាគរយ ព្យួរចោល​នូវ​ការសាងសង់​ម៉ាស៊ីន​ប្រតិកម្ម​ទឹកធ្ងន់​ នៅ​ក្រុងអារ៉ាក់។ ប្រតិករទឹកធ្ងន់​​នេះ​អាច​អោយអ៊ីរ៉ង់​ផលិត​ធាតុ​ភ្លុយតូនីញ៉ូម ដែលឈាន​ទៅដល់​ការផលិត​គ្រាប់បែកបរមាណូ​បាន។ ​​កិច្ចព្រមព្រៀង​ក្រុងហ្សឺណែវ​ក៏តំរូវ​អោយ​អ៊ីរ៉ង់​​យល់ព្រម​អោយ​អ្នកជំនាញ​អន្តរជាតិ​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ទីតាំង​នុយក្លេអ៊ែរ​នានា​ផងដែរ។

ប្រសិន​បើ​កិច្ចព្រមព្រៀង​​រយៈ​ពេល​៦ខែ​នេះ អាច​អនុវត្ត​ទៅ​បាន​ល្អនោះ​ យ៉ាងយូរ​មួយឆ្នាំ​​ទៀត ប្រទេស​មហាអំណាច​៥+១ និង​អ៊ីរ៉ង់​ អាច​នឹង​ឈានទៅសំរេច​នូវ​កិច្ចព្រមព្រៀង​សរុបធំ​មួយ​បាន។

បញ្ហា​នៅពេល​នេះ គឺ​ថា​​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ ​ដែលត្រូវ​ចុះទៅពិនិត្យ​ទីតាំង​នុយក្លេអ៊ែរ​ នៅ​អ៊ីរ៉ង់​ នៅ​មិនទាន់​បាន​ត្រៀម​ខ្លួន​រួចស្រេច​នៅឡើយ​ទេ។ ទីភ្នាក់ងារ​នៅខ្វះ​ថវិកា និង​អ្នកជំនាញ​បន្ថែម​ទៀត។ ​​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​គ្មាន​អ្នកជំនាញ​ស្ថិត​នៅ​ជា​អចិន្ត្រៃយ៍​ នៅប្រទេស​​អ៊ីរ៉ង់​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ