អានតួអត្ថបទ
ក្រិក-អាល្លឺម៉ង់

ក្រិក​រឹតបន្តឹង​សន្តិសុខ​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់

លោកស្រី​អង់ហ្កេឡា មែរកិល (Angela Merkel) ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់​ បាន​មក​ដល់​ប្រទេស​ក្រិក នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ នៅ​ក្នុង​ដំណើរទស្សនកិច្ច​ជាលើក​ដំបូង​បំផុត ចាប់តាំង​ពី​ក្រិក​ធ្លាក់​ក្នុង​វិបត្តិប្រាក់បំណុល។ នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​នេះ អាជ្ញាធរ​ក្រិក​បាន​ចេញ​បម្រាម​មិន​ឲ្យ​មាន​ការធ្វើ​បាតុកម្ម នៅ​តាម​ទីតាំង​សំខាន់ៗ​មួយចំនួន ហើយ​សន្តិសុខ​ក៏​ត្រូវ​បាន​រឹត​បន្តឹង ក្នុង​កម្រិត​ខ្ពស់​បំផុត​ដែរ។

ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ និង​ប្រមុខរដ្ឋាភិបាល​ក្រិក នៅ​ទីក្រុង​អាថែន ថ្ងៃអង្គារ ៩ តុលា ២០១២
ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ និង​ប្រមុខរដ្ឋាភិបាល​ក្រិក នៅ​ទីក្រុង​អាថែន ថ្ងៃអង្គារ ៩ តុលា ២០១២ REUTERS/Yorgos Karahalis
ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពី​ក្រិក​ធ្លាក់​ក្នុង​វិបត្តិ​ប្រាក់បំណុលមក អាល្លឺម៉ង់ គឺ​ជា​ប្រទេស​ដែល​បាន​ចេញលុយ​ច្រើន​ជាងគេ​បំផុត ដើម្បី​ជួយក្រិក។ ក៏ប៉ុន្តែ លោកស្រី​អង់ហ្កេឡា មែរកិល ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ គឺ​​ជា​ប្រមុខដឹកនាំ ដែល​ប្រជាជន​ក្រិក​ស្អប់​ជាងគេ​ ដោយសារ​តែ​​ពួកគេ​​យល់ថា គឺ​លោកស្រី​មែរកិល​នេះ​ហើយ ដែល​ជា​មេគំនិត ដាក់​គំនាប​ឲ្យ​រដ្ឋាភិបាល​ក្រិក​អនុវត្ត​នយោបាយ​ត្បិតត្បៀត​ការ​ចំណាយ បង្កើន​ពន្ធដារ និង​កាត់បន្ថយ​ប្រាក់ខែ​​មន្រ្តី​រដ្ឋការ។ ជារៀងរាល់​ពេល ដែល​ប្រជាជន​ក្រិក​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​កាត់បន្ថយ​ការ​ចំណាយ​សាធារណៈ គេ​តែងតែ​សង្កេតឃើញ​មាន​បាតុករ​ខ្លះ​​នាំគ្នា​​លើក​បដា ឬ​ស្រែក​ប្រឆាំង​នឹង​លោកស្រី​មែរកិល។​

ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​របស់​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ នៅ​ថ្ងៃ​អង្គារ​នេះ ក្រុម​សហជីព​​ក្រិក​ក៏​គ្រោង​នឹង​នាំ​គ្នា​ធ្វើ​បាតុកម្ម​​ ប្រឆាំង​នឹង​ការ​អ​នុវត្ត​នយោបាយ​ត្បិតត្បៀត​ថវិកា​នេះ​ដែរ។ ក៏ប៉ុន្តែ អាជ្ញាធរ​ក្រិក​បាន​ចេញបម្រាម មិន​ឲ្យ​មាន​បាតុកម្ម​នៅតាម​ទីតាំង​សំខាន់ៗ​មួយ​ចំនួន ដូចជា នៅ​មុខស្ថានទូត​អាល្លឺម៉ង់ និង​នៅ​តាម​កន្លែង​ផ្សេងទៀត ដែល​លោកស្រី​មែរកិល​ត្រូវ​​មាន​វត្តមាន ឬ​​នៅ​​ក្បែរ​ផ្លូវ ដែល​ក្បួន​រថយន្ត​របស់​លោកស្រី​​មែរកិល​ត្រូវ​ឆ្លងកាត់។

ប៉ូលិស​ប្រមាណ​ជា ៦ពាន់ ៥រយ​នាក់ អម​ដោយ​ឡាន​បាញ់​ទឹក និង​ឧទ្ធម្ភាគចក្រ​ផង ត្រូវ​បាន​រដ្ឋាភិបាល​ក្រិក​​ដាក់ពង្រាយ ដើម្បី​រក្សា​សន្តិសុខ ក្នុង​អំឡុង​ដំណើរទស្សនកិច្ច រយៈពេល ៦ម៉ោង​នេះ ដែល​លោកស្រី​មែរកិល​ត្រូវ​ជួប​ជាមួយ​លោក​អន់តូនីស សាម៉ារ៉ាស់ (Antonis Samaras) នាយករដ្ឋមន្រ្តីក្រិក និង​លោក​ប្រធានាធិបតី ការ៉ូឡូស ប៉ាពូល្យ៉ាស់ (Carolos Papoulias)។

គួរបញ្ជាក់ថា ចាប់តាំងពីពេល​ក្រិក​ធ្លាក់​ក្នុង​វិបត្តិ​បំណុល​មក លោកស្រី​មែរកិល មិនដែល​ទៅបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ក្រិក​ទេ។ មន្រ្តី​អ្នកនាំពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អះអាងថា ដំណើរទស្សនកិច្ច​របស់​លោកស្រី​មែរកិល នៅពេលនេះ គឺ​ធ្វើ​ឡើង ក្នុងគោលដៅ​បង្ហាញការ​គាំទ្រ​ដល់​នយោបាយ​របស់​រដ្ឋាភិបាល​ក្រិក​ផង និង​ដើម្បី​ជា​សារ​ទៅកាន់​អ្នកវិនិយោគ​ផង​ថា អាល្លឺម៉ង់​គាំទ្រ​ឲ្យ​ក្រិក​បន្ត​ស្ថិត​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ