អានតួអត្ថបទ
ប្រេស៊ីល

បុគ្គលិក​រថភ្លើង​ក្រោម​ដី​ នៅ​ប្រេស៊ីល​ធ្វើ​កូដកម្ម​ មួយ​សប្តាហ៍​មុន​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​

នៅ​​ប្រមាណ​ជា​មួយ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​​ ការ​ប្រកួត​កីឡា​បាល់ទាត់​ពិភពលោក ​​នៅ​​ប្រទេស​​ប្រេស៊ីល​​​​ ​​នឹង​ត្រូវ​ចាប់​ផ្តើម​​។​​ ​ប៉ុន្តែ​គេ​មាន​ការព្រួយបារម្ភ​​ជា​ខ្លាំង​​ដោយ​​បុគ្គលិក​​អ្នក​​បម្រើ​​ការងារ​​​ក្នុង​ប្រពន្ធ័​រថភ្លើង​​ក្រោមដី​ ​នៅ​ទីក្រុង​សាវប៉ូឡូ​ បាន​សម្រេច​ធ្វើ​កូដកម្ម​​​ដោយ​គ្មាន​ពេល​កំណត់​​ នៅ​ថ្ងៃ​ព្រហស្បត៍​នេះ​ ។​​​ កូដកម្ម​នេះ​អាច​​នឹង​បង្ករ​ឲ្យ​មាន​​ការ​រាំង​ស្ទះ​​ដល់​ប្រពន្ធ័​​ដឹក​ជញ្ជូន​​​ នៅ​​​ទីក្រុង​​សាវប៉ូឡូ ​ទីក្រុង​ដែល​នឹង​មាន​រៀបចំការ​ ប្រកួត​​បើក​ឆាក​រវាង​ក្រុម​កីឡាករ​ប្រទេស​​ប្រេស៊ីល​​​ និង​ ​ប្រទេស​ក្រូអាស៊ី។​

បុគ្គលិក​រថភ្លើង​ក្រោម​ដី​​នៅសាវប៉ូឡូ​ប្រកាស​ធ្វើ​​កូដកម្ម​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ​
បុគ្គលិក​រថភ្លើង​ក្រោម​ដី​​នៅសាវប៉ូឡូ​ប្រកាស​ធ្វើ​​កូដកម្ម​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ​ REUTERS/Nacho Doce
ផ្សាយពាណិជ្ជកម្ម

ប្រពន្ធ័​រថភ្លើង​ក្រោមដី​នៅ​​​​​​ទីក្រុង​សាវប៉ូឡូ​ ជា ​មធ្យោបាយ​ធ្វើ​ដំណើរ​​ ដ៏​​សំខាន់​បំផុត​​ឆ្ពោះ​​ទៅ​​ពហុកីឡាដ្ឋាន​​ ដែល​  ​ពហុកីឡាដ្ឋាន​ដ៏​ទំនើប​មួយ​នេះ​ ​ ទើប​តែ​ត្រូវ​បាន​សាងសង់​ឡើង​ដើម្បី ​​ទទួល​រៀបចំ​សម្ភោធ​បើក​ការ​ប្រកួត​កីឡា​បាល់ទាត់​ពិភពលោក​ ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​​ ១២​​មិថុនា​ ខាង​មុខ​នេះ។​​

សហជីព​ការពារ​បុគ្គលិក​ទាំង​​ ១ម៉ឺននាក់​ បាន​សម្រេច​ធ្វើ​កូដកម្ម​នេះ​បន្ទាប់​ពី​មាន​ការចចារ​​មិន​បាន​សំរេច ​លើ​ការ​ទាមទារ​ដំឡើង​បា្រក់ខែ​។​ សហជីព​បាន​សុំ​ ​ដំឡើង​ចំនួន​​​ ១៦,៥%​​ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​សាវប៉ូឡូ​យល់ព្រម​ដំឡើង​តែ​ចំនួន​ ៧,៨%​ ប៉ុណ្ណោះ។​ បើ​តាម​សហជីព​ ​ការ​ផ្តល់​​ឲ្យ​របស់​រដ្ឋាភិបាល​ គឺ​មិន​បាន​ធ្វើ​ឡើង​ដោយ​យោង​ទៅ​តាម​ស្ថាន​ភាព​ជាក់ស្តែង​នៃ​អត្រា​​តំលៃ​​ទំនិញ​​សព្វ​សារពើ​ ដែល​កាន់តែ​ឡើងថ្លៃទៅៗ​​ ​នោះទេ។ ​

គួរ​រំលឹក​ផង​ដែរ​ថា​ កាល​ពី​ខែ​មិថុនា​ឆ្នាំ​ទៅ​​ ទីក្រុង​សាវប៉ូឡូ​ ក៏​បាន​ប្រឈមមុខ​នឹង​វិបត្ត​សង្គម​របៀប​​នេះ​រួច​មក​ហើយ​​ ដែល​កាល​នោះ​ មាន​ក្រុម​បាតុករ​ជា​ច្រើន​ម៉ឺន​នាក់​​ ដែល​ភាគ​ច្រើន​ជា​​សិស្ស​​ និស្សិត​ បាន​នាំ​គ្នា​ស្រែក​ទាមទារ​សុំ​ឲ្យ​ពួក​គេ​អាច​ធ្វើ​ដំណើរ​តាម​ប្រពន្ធ័​ដឹក​ជញ្ជូន​សាធារណ:​​ដោយ​ឥត​​គិត​ថ្លៃ។ ​ប៉ុន្តែ​កាលនោះ​​ក្រុម​បាតុករ​ ត្រូវ​បាន​អជ្ញាធរ​បង្ក្រាប​យ៉ាង​ចាស់ដៃ។​​

ប្រជាជន​ជា​ច្រើន​លាន​នាក់​បាន​រិះគន់​​រ​ដ្ឋា​ភិបាល​ ថា​បាន​ខ្ជះខ្ជាយ​​ថវិការ​​រដ្ឋ​​ចំនួន​​១១​ពាន់លាន​ដុល្លា​​ ក្នុងការ​រៀបចំ​ការ​ប្រកួត​កីឡា​បាល់ទាត់​ពិភពលោក។​​ រដ្ឋា​ភិបាល​គួរ​ណាស់​​​​ តែ​​ប្រើ​​បា្រស់​​បា្រក់​​ទាំង​​នោះ​​​ ក្នុង​ការ​សាងសង់​ហេដ្ឋារចនាសម្ពន្ធ័​ដឹក​ជញ្ជូន​សាធារណ:​ ​វិសយ័​សុខាភិបាល​​ រឺ​​​ វិសយ័​អប់រំ​​ជាដើម។​ ​មួយ​ឆ្នាំ​កន្លង​មក​នេះ​​ រដ្ឋា​ភិបាល​មិន​បាន​ធ្វើ​អ្វី​ទាល់​តែ​សោះ។​ ​

បើ​យោង​តាម​សំដី​របស់​លោក​ប្រធាន​អង្ការក្រៅ​រដ្ឋា​ភិបាល​មួយ​រូប​ ថ្វី​ដ្បិត​​ប្រទេស​ប្រេស៊ីល​ស្ថិត​ក្នុង​លំដាប់​ទី៧​ ក្នុង​ចំណោមប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់ ​ប៉ុន្តែ​ប្រទេស​នេះ​​ប្រឈម​​មុខ​​​នឹង​​ ​​វិប​ត្ត​​សង្គម​ជាច្រើន​។ ​ក្នុង​មួយ​ឆ្នាំៗ ​មាន​ឃាតុកម្ម​ ប្រមាណ​ជា​​៥ម៉ឺន​ករណី។​​ លោក​បន្ត​ថា​​ប្រជាជន​​មាន​​ការ​​ខឹង​សម្បារ​កាន់​តែ​ខ្លាំង​ឡើង​ៗ​​ ដោយ​​ឃើញ​ថវិការ​រដ្ឋ​ ​ជា​ច្រើន​ពាន់លាន​​ត្រូវ​​ចំណាយ​​ទៅ​លើ​​ការសាងសង់​​ពហុកីឡាដ្ឋាន​ដោយ​​ឥតប្រយោជន៍។ ​

ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ប្រទេស​ប្រេស៊ីល​មាន​កំនើន​​សេដ្ឋកិច្ច​​ខ្ពស់​ជា​លំដាប់​ ហើយ​ការ​ទទួល​រៀប​ចំ​ ​កីឡា​បាល់ទាត់​ពិភពលោក​ឆ្នាំ​នេះ​​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ការ​ហូរ​ចូល​នូវ​វិនិយោគទន​កាន់​​តែ​ ​ច្រើន។​ ប៉ុន្តែ​បន្ទាប់​ពី​ទទួល​រង​នូវ​អតិផរណា​ចំនួន​៦,៥% ​មួយឆ្នាំ​កន្លង​មក​នេះ​​ អ្វីៗ​​ហាក់​ដូច​​ជា​រាំងស្ទះ ​ហើយ​ជីវភាព​របស់​ប្រជាជន​កាន់តែ​លំបាក​ទៅ​។​​ ទាំងនេះ​ហើយ​​ ​ដែល​បាន​ជំរុញ ​​​ឲ្យ​ប្រជាជន​បះ​បោរ​ ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់​។ តែ​ទោះ​ជា​យ៉ាងណា​ កូដកម្ម​លើកនេះ​ខុស​ប្លែក​ពី​​ លើ​ក​​មុន​ ដោយ​ថា​ប្រជាពលរដ្ឋ​ហាក់​មាន​ការ​ភយ័ខ្លាច​នូវ​ការបង្ក្រាប​ដោយ​ហឹង្សា​ ​នឹង​ការ​​ធ្វើ​​ទុក្ខ​​បុកម្នេញ​ពី​សំណាក់​អជ្ញាធរ។​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ