បាតុកម្មប្រឆាំងក្នុងពេលលោកហ៊ូ ជិនតាវបំពេញទស្សនកិច្ចនៅហុងកុង
លោកហ៊ូ ជិនតាវ ប្រធានាធិបតីចិន ដែលចូលរួមក្នុងពិធីប្រារព្ធខួប ១៥ឆ្នាំ នៃការផ្ទេរការគ្រប់គ្រងកោះហុងកុង ពីអង់គ្លេសមកចិន នៅថ្ងៃអាទិត្យនេះ បានប្រឈមមុខនឹងបាតុកម្មប្រឆាំង ដែលរិះគន់ការរំលោភសិទ្ធិមនុស្ស នៅចិន និងទាមទារឲ្យចិនបញ្ឈប់របបនយោបាយបែបឯកបក្ស។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៣១
ថ្លែងទៅកាន់ភ្ញៀវប្រមាណជាង ២ពាន់នាក់ ក្នុងពិធីប្រាព្ធខួប ១៥ឆ្នាំ នៃការផ្ទេរការគ្រប់គ្រងកោះហុងកុង នៅព្រឹកថ្ងៃអាទិត្យនេះ លោកហ៊ូ ជិនតាវ បានប្រកាសសន្យាថា ចិននឹងបន្តគោរពនូវច្បាប់មូលដ្ឋាន (Basic Law ដែលជាច្បាប់ធម្មនុញ្ញរបស់ហុងកុង) ដែលមានចែងអំពីគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”។
គួររំឭកឡើងវិញថា ក្រោយពីកោះហុងកុងត្រូវបានរាជាណាចក្រអង់គ្លេសប្រគល់ទៅឲ្យចិនវិញ នៅឆ្នាំ១៩៩៧ ហុងកុងត្រូវគ្រប់គ្រងដោយរបបនយោបាយដាច់ដោយឡែកពីចិនដីគោក ដោយមានច្បាប់ធម្មនុញ្ញ ទង់ជាតិ រូបិយប័ណ្ណ កម្លាំងប៉ូលិស និងប្រព័ន្ធតុលាការផ្ទាល់ខ្លួន។
នៅព្រឹកមិញនេះ នៅក្នុងពេលដែលលោកហ៊ូ ជិនតាវ កំពុងថ្លែងសុន្ទរកថា ស្រាប់តែមានបាតុករម្នាក់ ងើបឈរឡើង ហើយស្រែកទាមទារឲ្យចិនបោះបង់ចោលរបបនយោបាយបែបឯកបក្ស។ មុននឹងត្រូវភ្នាក់ងារសន្តិសុខចាប់នាំខ្លួនចេញ បាតុកររូបនេះក៏បានស្រែករិះគន់ផងដែរ ជុំវិញការបង្រ្កាបបាតុកម្មទាមទារលទ្ធិប្រជាធិបតេយ្យ នៅទីលាន Tiananmen ក្រុងប៉េកាំង កាលពីថ្ងៃទី៤ មិថុនា ឆ្នាំ១៩៨៩។
នៅរសៀលថ្ងៃអាទិត្យ បាតុកម្មទ្រង់ទ្រាយធំមួយ ដោយមានអ្នកចូលរួមរាប់ម៉ឺននាក់ ត្រូវបានគេរៀបចំធ្វើ ដូចជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែ លោកហ៊ូ ជិនតាវ បានធ្វើដំណើរចាកចេញពីហុងកុង តាំងពីមុនថ្ងៃត្រង់ម៉្លេះ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកហ៊ូ ជិនតាវ នៅហុងកុង បានចាប់ផ្តើមតាំងពីថ្ងៃសុក្រ។ មុននឹងចូលរួមក្នុងពិធីប្រារព្ធខួប ១៥ឆ្នាំ នៃការផ្ទេរការគ្រប់គ្រងកោះហុងកុង លោកប្រធានាធិបតីចិនក៏បានចូលរួមផងដែរ ក្នុងពិធីចូលកាន់តំណែងជាផ្លូវការនៃអភិបាលថ្មីរបស់ហុងកុង។ អភិបាលហុងកុងថ្មី គឺលោក Leung Chun-Ying គឺជាអតីតអ្នកជំនួញហុងកុង ដែលត្រូវបានគេមើលឃើញថា ជាមនុស្សស្និទ្ធនឹងបក្សកុម្មុយនិស្តចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ