អានតួអត្ថបទ
ឥណ្ឌា

រដ្ឋាភិបាល​ឥណ្ឌា​កំពុង​ប្រឈមមុខ​នឹង​ចលនា​ប្រឆាំង​អំពើ​ពុករលួយ

សកម្មជន​ប្រឆាំងអំពើ​ពុករលួយ​នៅ​ឥណ្ឌា គឺ​លោក Anna Hazare ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌា​ដោះលែង​វិញ​ហើយ បន្ទាប់​ពី​ត្រូវ​បាន​ប៉ូលិស​ចាប់ឃុំ​ខ្លួន តាំង​ពីថ្ងៃ​អង្គារ ដោយសារ​តែ​លោក​បាន​រៀបចំ​ធ្វើ​កូដកម្ម​អត់អាហារ ដើម្បី​ប្រឆាំង​នឹង​សេចក្តី​ព្រាងច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ដែល​លោក​យល់ថា មាន​លក្ខណៈ​ធូររលុងពេក។ ការចាប់ខ្លួន​លោក​ Anna Hazare បាន​បណ្តាល​ឲ្យ​ចលនា​ប្រឆាំង​អំពើ​ពុករលួយ​បាន​ផ្ទុះឡើង​​ នៅទូទាំង​ប្រទេស។ ឥណ្ឌា​តែងតែ​ត្រូវបាន​​គេទទួលស្គាល់ថា​ជា​​ប្រទេស​ប្រជាធិបតេយ្យ​ដ៏ធំមួយ​ ក៏ប៉ុន្តែ អំពើពុករលួយ​​កំពុង​ស៊ីរូង​នៅស្ទើរតែ​គ្រប់​ស្រទាប់​សង្គម។

ចលនា​បាតុកម្ម​ប្រឆាំង​នឹង​អំពើ​ពុករលួយ នៅ​ឥណ្ឌា ថ្ងៃ​ព្រហស្បតិ៍ ១៨ សីហា ២០១១
ចលនា​បាតុកម្ម​ប្រឆាំង​នឹង​អំពើ​ពុករលួយ នៅ​ឥណ្ឌា ថ្ងៃ​ព្រហស្បតិ៍ ១៨ សីហា ២០១១ REUTERS/Adnan Abidi
ផ្សាយពាណិជ្ជកម្ម

 

ក្នុងរយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ លោក Anna Hazare បាន​ក្លាយ​ទៅជា​មហាត្មះ​គន្ធី នៅសតវត្សរ៍​ទី​២១។ កាល​ពីថ្ងៃ​ពុធ មួយថ្ងៃ​​ក្រោយ​ពី​ប៉ូលិស​ចាប់ខ្លួន​លោក Hazare មនុស្ស​រាប់ម៉ឺននាក់​បាន​នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម​ នៅទូទាំង​ប្រទេស​ឥណ្ឌា ដើម្បី​គាំទ្រ​ចលនា​ប្រឆាំង​អំពើ​ពុករលួយ ដឹកនាំ​ដោយ​លោក Hazare ។
 
ប្រឈមមុខ​នឹង​​​ចលនា​ប្រឆាំង​រដ្ឋាភិបាល​ដ៏ធំ​បំផុត ដែល​​កម្រ​នឹង​ជួប​ប្រទះ​បែបនេះ រដ្ឋាភិបាល​ឥណ្ឌា​ក៏​បាន​សុខចិត្ត​ដោះលែង​លោក​ Anna Hazare វិញ ក៏ប៉ុន្តែ លោក​បាន​បដិសេធ​មិន​ចេញ​ពី​មន្ទីរឃុំឃាំង ដោយសារ​តែ​អាជ្ញាធរ​បាន​ហាមឃាត់​លោក​មិន​ឲ្យ​ធ្វើ​កូដកម្ម​អត់អាហារ។
 
ក្រោយ​ពី​ឆ្លងកាត់ការចរចា​គ្នា​ លោក​ Hazare ក៏​បាន​សុខចិត្ត​ចេញ​ពី​មន្ទីរឃុំឃាំង ក្រោយ​ពី​រដ្ឋាភិបាល​​​អនុញ្ញាត​ឲ្យ​លោក​ធ្វើ​កូដកម្ម​អត់អាហារ នៅទីសាធារណៈ រួមជាមួយ​នឹង​អ្នក​គាំទ្រ​របស់​លោក ក៏ប៉ុន្តែ ការធ្វើ​កូដកម្ម​នេះ​​អនុញ្ញាត​ឲ្យ​ធ្វើ​តែ​ក្នុង​រយៈពេល ១៥ថ្ងៃ​ប៉ុណ្ណោះ។
 
គួរ​រំឭកថា តាម​គម្រោង​ កាលពីថ្ងៃ​អង្គារ លោក​ Anna Hazare ចង់​​​ធ្វើ​កូដកម្ម​អត់អាហារ​នៅទីសាធារណៈ ​រហូតដល់​ស្លាប់ ប្រសិនបើ​​រដ្ឋាភិបាល​មិនពង្រឹង​វិធានការ​កម្ចាត់​អំពើ​ពុករលួយ​ទេនោះ។
 
ក្នុងមួយរយៈកាល​ចុងក្រោយ​នេះ រដ្ឋាភិបាល​របស់​លោក​ម៉ាន់មហាន់ ស៊ិញ (​Manmohan Singh) មាន​ជាប់ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​អាស្រូវ​ពុករលួយ​ជាច្រើន។ អតីត​រដ្ឋមន្រ្តី​ក្រសួង​ទូរគមនាគមន៍​​របស់​លោក​ស៊ិញ កំពុង​តែ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ ជុំវិញ​ភាព​មិនប្រក្រតី ក្នុងការ​ផ្តល់​អាជ្ញាប័ណ្ណ​​ដល់​ក្រុមហ៊ុន​ឯកជន ដែល​បណ្តាល​ឲ្យ​រដ្ឋ​ខាតបង់​ប្រាក់​ចំណូល​ប្រមាណ ៣៩ពាន់​លាន​ដុល្លារ។
 
ក៏ប៉ុន្តែ ប្រជាជន​ឥណ្ឌា ដែល​ចេញ​ធ្វើ​បាតុកម្ម​​ប្រឆាំង​អំពើ​ពុករលួយ នៅពេលនេះ ​​មិនមែន​ប្រឆាំង​តែ​នឹង​អំពើ​ពុករលួយ​នៅថ្នាក់​កំពូលៗ​នោះទេ ប៉ុន្តែ សំខាន់ គឺ​ប្រឆាំង​នឹង​អំពើ​ពុករលួយ ដែល​ពួក​គេ​ជួប​ប្រទះ​នៅ​ក្នុង​ការរស់​នៅ​ប្រចាំថ្ងៃ។ ការទារសំណូក​កើតមាន​នៅ​ស្ទើរតែគ្រប់​កន្លែង រាប់ចាប់តាំង​ពី​ការ​សុំ​អាជ្ញាប័ណ្ណ​ធ្វើ​ជំនួញ រហូតដល់​ការ​សុំ​សេចក្តី​ចម្លង​សំបុត្រ​កំណើត ឬ​ការ​ចុះឈ្មោះ​ចូលរៀន​នៅ​សកលវិទ្យាល័យ។
 
ឥណ្ឌា​មិនមែន​ជា​ប្រទេស​កាន់​អំណាច​ផ្តាច់ការ ដូចជា​នៅ​បណ្តា​ប្រទេស​អារ៉ាប់នោះទេ។ ក៏ប៉ុន្តែ មាន​អ្នក​វិភាគខ្លះ​យល់ថា ចលនា​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅពេលនេះ​អាច​នឹង​រាលដាល​ទៅជា​បដិវត្តន៍​មួយ ប្រសិន​បើ​រដ្ឋាភិបាល​​មិន​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​​​ឲ្យ​បាន​ហ្មត់ចត់​ទេនោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ