អានតួអត្ថបទ
ឥណ្ឌូណេស៊ី

អតីត​ហេរញ្ញិក​គណបក្ស​កាន់​អំណាច​ជាប់​ពន្ធនាគារ​ពី​បទ​​ពុករលួយ​

អតីត​​ហេរញ្ញិក​​គណបក្ស​​ប្រជាធិបតេយ្យ​​ដែល​​ជា​គណបក្ស​​របស់​​គណបក្ស​កាន់​អំណាច ត្រូវ​បាន​​តុលាការ​​ប្រឆាំង​​អំពើ​​ពុករលួយ​​នៅ​​​ទីក្រុង​ ហ្សាការតា​ផ្តន្ទាទោស​​នៅ​​ថ្ងៃ​​សុក្រ​២០​មេសា​នេះ​ ឲ្យ​ជាប់​ឃុំឃាំង​ក្នុង​​ពន្ធនាគារ​​ចំនួន​​៤​​ឆ្នាំ ​១០​​ខែ ​បន្ទាប់ពី​ការ​​ជំនុំជំរះ​​លើ​​​​សំណុំរឿងអាស្រូវ​ពុក​រលួយ​មួយ​ដែល​បានលេចឮសូរខ្ចខា្ចយពេញ​​ប្រទេស​ឥណ្ឌូណេស៊ី ។ ករណីនេះ បាន​ធ្វើ​គណបក្ស​លោក​ប្រធានាធិបតី មាន​​ការ​​ទើស​​ទាល់​ចិត្ត​យ៉ាង​ខ្លាំង។​

អតីតហេរញ្ញិកនៃគណបក្សប្រជាធិបតេយ្យឥណ្ឌូណេស៊ីកាន់អំណាច Muhammad Nazaruddin, អង្គុយក្នុងតុលាការក្នុងពេលជំនុំជម្រះទោសគាត់ពីបទពុករលួយនៅហ្សាការតាថ្ងៃ២០មេសា២០១២
អតីតហេរញ្ញិកនៃគណបក្សប្រជាធិបតេយ្យឥណ្ឌូណេស៊ីកាន់អំណាច Muhammad Nazaruddin, អង្គុយក្នុងតុលាការក្នុងពេលជំនុំជម្រះទោសគាត់ពីបទពុករលួយនៅហ្សាការតាថ្ងៃ២០មេសា២០១២ REUTERS/Ipong Hadiyanti
ផ្សាយពាណិជ្ជកម្ម

 

តុលាការ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ទីក្រុងហ្សាការតា បាន​ទទួល​ស្គាល់ការ​ជាប់​ពិរុទ្ធ​របស់​លោក​ Muhammad Nazaruddin អតីតហេរិញ្ញិកគណបក្សប្រជាធិបតេយ្យកាន់រដ្ឋអំណាច​ពីបទ​ ពុករលួយ ។​ លោក Nazaruddin ធ្លាប់​បាន​ទទួល​ប្រាក់​សំណូក​ចំនួន ៤៦០០ ​លាន ​រូពី ស្មើ នឹង​ ៣៨ ម៉ឺន​អឺរ៉ូ ក្នុងការ ​ប្រគល់​កិច្ច​សន្យាសាងសង់​ភូមិមួយសម្រាប់​ល្បែងកីឡាអត្តពលកម្ម​នៃ​​​ភូមិភាគ​​អាស៊ី​អគ្នេយ៍​​ ដែលបានប្រព្រឹត្តទៅនៅខែវិច្ឆិកា​​ឆ្នាំ២០១១ ក្នុងប្រទេសឥណ្ឌូណេស៊ី។

 
«ជនជាប់ចោទ បានធ្វើ​ឲ្យអាប់មុខមាត់ដល់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ​ដែលបានខិតខំប្រឹងប្រែងប្រយុទ្ធ​កំចាត់ទល់នឹង​​អំពើ​ពុករលួយនៅក្នុង​ប្រទេស »- នេះ​​ជាការថ្លែង​ប្រាប់​របស់​លោក​ចៅក្រម Darmawati Ningsih និងបាន​ប្រកាស​សេចក្តី​វិនិច្ឆ័យ​ទោស​ថា ជនជាប់ចោទ​ត្រូវ​​បង់​​ពិន័យប្រាក់ចំនួ​ន​ ២០០ លាន​រូពីឬ​ស្មើនឹង​១​ .៦៦០០អឺរ៉ូ ទៀត ។
    

លោក​ Nazaruddinធ្លាប់បាន​រ​ត់គេច​​ខ្លួនទៅ​នៅ​ប្រទេស​កូឡុម​ប៊ី​​​ក៏ប៉ុន្តែ ត្រូវ​​បានអាជ្ញាធរកូឡុមប៊ី​ចាប់បញ្ជូនខ្លួន​មកឲ្យ​ប្រទេស​ឥណ្ឌូនេស៊ី​​​វិញកាលពីខែសីហា២០១១។

សំណុំរឿងអាស្រូវ​របស់អតីតហេរញ្ញិក​គណបក្ស​កាន់អំណាច​នៅ​ឥណ្ឌូណេស៊ីដែល​ត្រូវបាន​គ្រប់​កាសែត​ក្នុង​ស្រុកលើក​​បរិហារ​យ៉ាង​ភ្លូកទឹកភ្លូកដី​​នៅលើទំព័រ​ទី១​របស់​ខ្លួន​អស់​រយៈ​ពេល​ដ៏​យូរខែ និងបានធ្វើ​ឲ្យ​លោក​​ប្រធានាធិបតី Susilo​Bambang​ Yudhono មាន​ការ​ទើសទាល់ចិត្តយ៉ាងខ្លាំង ពីព្រោះ​​ លោក​​​បានជាប់ឆ្នោតប្រធានាធិបតី​ឥណ្ឌូណេស៊ី​ទាំង​ពីរ​លើក​នៅ​​ឆ្នាំ ២០០៤ និង​ ២០០៩ គឺដោយសារតែកម្មវិធី​មួយ​របស់​លោក​ គឺការប្រយុទ្ធ​ប្រឆាំង​​ទល់​នឹង​អំពើ​ពុករលួយ ។​

ដោយ​​មិនព្រម​​សុខចិត្ត​ទទួល​ទោស​តែ​ម្នាក់​ឯង​គត់ លោក​ Nazaruddin ​-បាន​និយាយ​​​ ចោទ​ប្រកាន់​ទៅលើអ្នកទទួលខុស​ត្រូវ​មួយ​ចំនួន​ធំ​ផ្សេងទៀត​នៅពេលជំនុំជំរះជាអាទិ៍ ទៅលើ​ប្រធាន​​គណបក្ស​ប្រជាធិបតេយ្យ​​ឥណ្ឌូណេស៊ី លោក Anas Urbaningrum​​ តែ លោក​ប្រធាន​គណបក្ស ​បាន​​បដិសេធ​ យ៉ាង​ដាច់​អហង្កា​រាល់ការគៃបន្លំ​។ ​ ​ ​ ​​    ​ 

គួរបញ្ជាក់ដែរថា សំណុំរឿងអាស្រូវទាំងនេះ បាន​ផ្ទុះឡើង នៅ​តែ​ពីរ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ដល់ថ្ងៃ​​រៀបចំ ការបោះឆ្នោត​ប្រធានាធិបតី​​ឥណ្ឌូណេស៊ីលើកក្រោយ​នៅ​​ឆ្នាំ​​២០១៤-ការ​​បោះ​ឆ្នោត-​ដែល​មកទល់ពេលនេះ ​នរណាក៏គិតដែរ​ថា លោក Anas Urbaningrum នេះ អាចនឹង​​ឈរ​ឈ្មោះ​​ជា​​បេក្ខជ​ន​ប្រធានាធិបតី​ឥណ្ឌូណេស៊ីនាពេលខាងមុខនេះដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ