អានតួអត្ថបទ
ឥណ្ឌូណេស៊ី

បេក្ខជន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ប្រកាស​ពី​ជ័យជម្នះ​រៀងៗ​ខ្លួន

នៅ​ល្ងាច​ថ្ងៃ​ពុធ បេក្ខជន​​ទាំងពីរ​រូប ដែល​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី បាននាំគ្នា​ចេញមុខ​អះអាង​តែរៀងៗ​ខ្លួន​ថា ខ្លួន​គឺ​ជា​អ្នក​ទទួល​ជោគជ័យ​ក្នុង​ការបោះឆ្នោត​នេះ។ ការ​ប្រកាស​ជោគជ័យ​នេះ​ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត នៅមិនទាន់​​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​រាប់សន្លឹកឆ្នោត​នៅឡើយ។

លោក​ Prabowo Subianto (ឆ្វេង) និង​លោក Joko Widodo បេក្ខជន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី
លោក​ Prabowo Subianto (ឆ្វេង) និង​លោក Joko Widodo បេក្ខជន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

 

កាលពីដំបូង គឺ​លោក​ ហ្សូកូ វីដូដូ (Joko Widodo) អភិបាល​ក្រុង​ហ្សាការតា ដែល​បាន​ចេញមុខ​ប្រកាស​មុនគេ​ថា លោក​ជា​អ្នក​ទទួល​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី នៅថ្ងៃ​ពុធ​នេះ។ ការអះអាង​ពី​ជោគជ័យ​នេះ​ត្រូវ​បាន​ធ្វើឡើង ដោយ​យោងទៅលើ​​លទ្ធផល​ក្រៅផ្លូវការ ​ធ្វើឡើង​ដោយ​វិទ្យាស្ថាន ឬ​ស្ថាប័ន​​ក្រៅរដ្ឋាភិបាល​មួយ​ចំនួន។

ក៏ប៉ុន្តែ ភ្លាមៗ​ក្រោយ​ការ​ប្រកាស​ជ័យជម្នះ​របស់​លោក​វីដូដូ គូប្រជែង​របស់​លោក គឺ​អតីត​ឧត្តមសេនីយ៍ ​ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) ក៏​ស្រាប់តែ​បាន​ចេញមុខ​ប្រកាស​ជ័យជម្នះ​របស់​លោក​ដែរ ដោយ​សំអាង​ទៅលើ​លទ្ធផល​​ក្រៅផ្លូវការ​ ដែល​គណបក្ស​របស់​លោក​ទទួលបាន។

ជាការពិត បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ គេ​ពិតជា​ឃើញ​មាន​លទ្ធផល​ក្រៅផ្លូវការ​ខុសៗ​គ្នា​ពិតមែន គឺ​លទ្ធផល​ ធ្វើឡើង​ដោយ​វិទ្យាស្ថាន ​​ចំនួន ៥​ ​បង្ហាញ​ថា លោក វីដូដូ ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​លោក​ ស៊ូប៊ីយ៉ានតូ ក្នុងចន្លោះ ពី ៤% ទៅ ៥%។ ក៏ប៉ុន្តែ វិទ្យាស្ថាន​ ២ផ្សេងទៀត បាន​គណនា​ឃើញ​ថា លោក​ស៊ូប៊ីយ៉ានតូ ទទួល​បាន​សំឡេង​ច្រើន​ជាង​លោក​វីដូដូ ទៅវិញ គឺ​ច្រើន​ជាង ក្នុងចន្លោះ ពី ១% ទៅ ២%។

គួរបញ្ជាក់ថា នៅ​ឥណ្ឌូណេស៊ី ការ​គណនា​លទ្ធផល​បោះឆ្នោត​ក្រៅផ្លូវការ​ដោយ​វិទ្យាស្ថាន​ជំនាញ​ធ្លាប់​ត្រូវបាន​គេ​ផ្តល់​ទំនុកចិត្ត​ច្រើន ដោយ​សារ​តែ​ កាល​ពី​ការបោះឆ្នោត​មុនៗ លទ្ធផល​ក្រៅផ្លូវការ​នេះតែងតែ​​ឆ្លុះបញ្ចាំង​ពី​លទ្ធផលផ្លូវការ។ ក៏ប៉ុន្តែ នៅ​ក្នុង​ការបោះឆ្នោត​​​ប្រធានាធិបតី​នៅថ្ងៃ​ពុធនេះ បេក្ខជន​ទាំងពីរ​រូប​មាន​ប្រជាប្រិយភាព​ប្រកៀកប្រកិត​គ្នា​ខ្លាំង ដែល​អាច​ជា​មូលហេតុ​​នាំ​ឲ្យ​​​លទ្ធផល​ក្រៅផ្លូវការ​​ត្រូវ​បាន​គេ​គណនា​ឃើញ​ខុសៗគ្នា​បែបនេះ។

ការ​ចេញមុខ​ប្រកាស​ជោគជ័យរៀងៗខ្លួន​ រវាង​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ បាន​បង្ក​ឲ្យ​មាន​ភាពតានតឹង​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​​​យូដូយ៉ូណូ ប្រធានាធិបតី​ចប់អាណត្តិ​ចេញមុខ​ភ្លាមៗ អំពាវនាវ​ឲ្យ​ភាគី​ទាំងពីរ​មាន​ការ​អត់ធ្មត់​ ហើយ​រង់ចាំ​ការ​ប្រកាស​លទ្ធផល​ជាផ្លូវការ​។ លទ្ធផល​បោះឆ្នោត​ផ្លូវការ ដែល​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោតឥណ្ឌូណេស៊ី គ្រោង​នឹង​ប្រកាស នៅ​​​ថ្ងៃ​ទី២២ ខែកក្កដាខាងមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ