អានតួអត្ថបទ
ចិន

ការបារម្ភ​​ទៅលើ​ជោគ​វាសនា​​របស់​​ជនអ៊ុយហ្គួរ​​ដែល​​កម្ពុជាបាន​​ធ្វើបត្យាប័ន​​

ក្រុមអ្នក​ការពារ​ជនអ៊ុយហ្គួរ​បាន​ប្រកាស​អំពាវនាវ​នៅថ្ងៃសុ្រនេះ​ ឲ្យ​ទីក្រុង​ប៉េកាំង​ឆ្លើយបំភ្លឺ​ទៅលើ​ជោគវាសនា​របស់​ជនអ៊ុយហ្គួរ​២០នាក់​ដែលជា​ជនជាតិ​ពន្ធុ​ភាគតិច​រស់នៅ​តំបន់​ស៊ីនជាំង​ឋិត​នៅ​ប៉ែកពាយ័ព្យ​នៃ​ប្រទេសចិន​ ​ ហើយ​ដែល​ត្រូវបាន​​ធ្វើ​បត្យាប័ន​ដោយ​ប្រទេស​កម្ពុជា។

លោកស្រី​ Rebiya Kadeer​ ប្រធាន​សមាជ​​ពិភពលោក​​អ៊ុយហ្គួរ​
លោកស្រី​ Rebiya Kadeer​ ប្រធាន​សមាជ​​ពិភពលោក​​អ៊ុយហ្គួរ​ © Reuters
ផ្សាយពាណិជ្ជកម្ម

បើយោងតាម​ប្រភព​ព័ត៌មាន​ខ្លះ​បាន​ឲ្យដឹងថា​ ​ ជនជាតិ​ពន្ធុ​ភាគតិច​អ៊ុយហ្គួរ​៤នាក់​ក្នុង​ចំណោម​ជនជាតិ​អ៊ុយហ្គួរ​ជាច្រើន​នាក់ទៀត​ដែល​បាន​រត់គេច​ចេញពី​ប្រទេសចិន​ ​ ក្រោយពីមាន​កុបកម្ម​រវាង​ជាតិពន្ធុ​នៅឆ្នាំ២០០៩​នៅ​ទីក្រុង​ Urumqi​ ដែលជា​ទីក្រុងធំ​ជាងគេ​នៃ​​តំបន់​ស៊ីនជាំង​ ​ បាន​ត្រូវ​តុលាការចិន​កាត់ទោស​ប្រហារ​ជីវិត​ ​ ហើយ១៤នាក់​ទៀត​ត្រូវជាប់​ពន្ធនាគារ​មួយជីវិត។

 
ប៉ុន្តែ​រដ្ឋាភិបាល​ចិន​បដិសេធ​ពុំព្រម​ធ្វើការ​ឆ្លើយបំភ្លឺ​ទៅលើ​ជោគវាសនា​របស់​ជនអ៊ុយហ្គួរ​ទាំងនោះឡើយ។​ នេះបើយោងតាម​ សមាជ​ពិភពលោក​អ៊ុយហ្គួរ​ ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ Munich ​នៃ​ប្រទេស​អាល្លឺម៉ង់។

ជនជាតិ​អ៊ុយហ្គួរ​២០នាក់នេះ​បាន​ដាក់ពាក្យសុំ​លក្ខន្តិកៈ​ជា​ជនភៀសខ្លួន​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ ​ ក៏ប៉ុន្តែ​បាន​ត្រូវ​កម្ពុជា​ធ្វើបត្យាប័ន​បញ្ជូន​ទៅ​ប្រទេសចិន​វិញ​នៅ​ខែធ្នូ​ឆ្នាំ២០០៩។​ សេចក្តី​សម្រេចចិត្ត​ដ៏ឆាប់​រហ័ស​នេះ​ ធ្វើឡើង​ក្រោយពី​ប្រទេសចិន​បាន​ផ្តល់​ជំនួយ​ហើយនិង​ប្រាក់កម្ចី​ប្រមាណ​១ ២០០លានដុល្លារ​ឲ្យ​កម្ពុជា។​ ប៉ុន្តែ​រដ្ឋាភិបាលចិន​ឆ្លើយ​បដិសេធ​ទំនាក់​ទំនង​រវាង​បញ្ហា​ទាំងពីរនេះ។

ដូច្នេះហើយ​បានជា​​លោកស្រី​ Kadeer ​ប្រធាន​សមាជ​ពិភពលោក​អ៊ុយហ្គួរ​បាន​អំពាវនាវ​ជាថ្មី​ម្តងទៀត​ ​ ឲ្យ​រដ្ឋាភិបាល​បរទេស​ដាក់សម្ពាធ​ទៅលើ​អាជ្ញាធរចិន​ឲ្យ​ធ្វើការ​ឆ្លើយ​បំភ្លឺ​ទៅលើ​ជោគវាសនា​របស់​ជនអ៊ុយហ្គួរ​ដែល​បាន​ត្រូវ​កម្ពុជា​ធ្វើ​បត្យាប័ន​បញ្ជូន​ទៅ​ប្រទេសចិន​វិញ​។

បើយយោងតាម​វិទ្យុ​អាមេរិកាំង​ Radio Free Asia ​ជនអ៊ុយហ្គួរ​ម្នាក់​ឈ្មោះ​ Musa Muhamad ​ដែល​បានត្រូវ​កម្ពុជា​បញ្ជូន​ទៅ​ប្រទេសចិន​វិញ​នោះ​ ​ បានត្រូវ​តុលាការ​នៃ​ទីក្រុង​ Kashgar ​កាត់ទោស​នៅថ្ងៃទី​២០តុលា​ឲ្យ​ជាប់​គុក​១៧ឆ្នាំ។

គួរបញ្ជាក់ថា​ ​ កុបកម្ម​ដែលបាន​កើតមាន​រវាង​ជនជាតិ​ពន្ធុ​ភាគតិច​អ៊ុយហ្គួរ​និង​ជនជាតិ​ Han ​ដែល​ជា​ជនជាតិ​ភាគច្រើន​នៅ​ប្រទេសចិន​នៅ​ទីក្រុង​ Urumqi នៅ​ខែកក្កដា​ឆ្នាំ២០០៩​បាន​បណ្តាល​ឲ្យ​មាន​មនុស្សស្លាប់​យ៉ាងតិច​២០០នាក់​ ​ នេះបើយោងតាម​ប្រភព​ផ្លូវការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ