អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន​

ផ្អាកសង្គ្រាមដោយអាវុធ អ៊ីស្រាអែល​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម​ផ្លូវច្បាប់​ជាមួយ​តុលាការ

បន្ទាប់​ពី​បាន​ដាក់​អាវុធ​ផ្អាក​ឈប់​បាញ់​បណ្តោះ​អាសន្ន​ អ៊ីស្រាអែល​កំពុង​រៀប​ជើងព្រួល​ដើម្បី​ធ្វើ​សង្គ្រាម​តាម​ផ្លូវច្បាប់​ជាមួយ​តុលាការ​អន្តរជាតិ​ ដែល​អ៊ីស្រាអែល​ប្រឈម​មុខ​ជាមួយ​បណ្តឹង​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​មនុស្សជាតិ។ អ៊ីស្រាអែល​ថា​ខ្លួន​មិន​ខ្លាច​នឹង​ប្រឈមមុខ​នឹង​ការពិត​នោះ​ទេ ព្រោះ​ថា​ខ្លួន​មាន​ភស្តុតាង​គ្រប់គ្រាន់​ ដើម្បី​អះអាង​ថា​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ទៅ​លើ​តំបន់​ហ្គាហ្សា​គឺ​ជា​ការ​ការពារ​ខ្លួន​ដោយ​ស្រប​ច្បាប់។

ផ្សែង​ខ្មៅ​ខ្មួល​ខ្មាញ់​បណ្តាល​ពី​គ្រា​ប់ផ្លោង​របស់​អ៊ីស្រាអែល​នៅ​ថ្ងៃ​១១​សីហា​២០១៤
ផ្សែង​ខ្មៅ​ខ្មួល​ខ្មាញ់​បណ្តាល​ពី​គ្រា​ប់ផ្លោង​របស់​អ៊ីស្រាអែល​នៅ​ថ្ងៃ​១១​សីហា​២០១៤ REUTERS/Ahmed Zakot
ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សា សិទ្ធ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ទើប​បាន​រៀបចំ​បង្កើត​គណៈកម្មាធិការ​មួយ​ទទួល​បន្ទុកស៊ើបអង្កេត​ជុំវិញ​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ទាំងអស់​ ដែល​បាន​កើតឡើង​ក្នុង​ពេល​មាន​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ជា​ពិសេស​ការ​វាយប្រហារ​នៅ​តំបន់​ហ្គាហ្សា​ នា​ពេល​កន្លង​មក​នេះ។ បើ​ទោះបី​ជា​ក្រុមប្រឹក្សា​នេះ​ មិនទាន់​ដាក់​ការ​ចោទ​ប្រកាន់​ទៅ​លើ​ភាគី​ណាមួយ​ក៏ដោយ​ ក៏​អ៊ីស្រាអែល​ បាន​ដឹង​ខ្លួន​ទុក​ជាមុន ថា​គ្មាន​នរណា​ក្រៅ​ពី​អ៊ីស្រាអែល​ទេ ដែល​ក្រុមប្រឹក្សា​សិទ្ធមនុស្ស​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម។

 
ដើម្បី​ទប់ទល់​ផ្នែក​ផ្លូវ​ច្បាប់​ អ៊ីស្រាអែល​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​រៀបចំ​រួច​យ៉ាង​ល្អិតល្អន់​ អំពី​ប្រតិបត្តិការណ៍​វាយប្រហារ​របស់​ខ្លួន។ អ្នកនាំពាក្យ​យោធា​អ៊ីស្រាអែល​បាន​និយាយ​ពន្យល់​ថា យោធា​អ៊ីស្រាអែល​បាន​កត់ត្រា​យ៉ាង​ច្បាស់​នូវ​រាល់​ទីតាំង​វាយប្រហារ​របស់​ខ្លួន ​ដែល​ជា​ទីតាំង​បាញ់​គ្រាប់រ៉ុកែត​របស់​ពួក​ហាម៉ាស។ អ្នក​នាំ​ពាក្យ​នេះ​បន្ត​ថា ក្នុង​ករណី​ទីតាំង​នោះ​ជា​ទីតាំង​បាញ់​ផ្លោង​គ្រាប់រ៉ុកែត ដូច្នេះ​តាម​ច្បាប់សង្គ្រាម អ៊ីស្រាអែល​មាន​សិទ្ធិ​វាយ​បក​ទៅ​វិញ បើ​ទោះ​ទីតាំង​នោះ​ជា​ផ្ទះ​របស់​ប្រជាជន​ក៏​ដោយ។ ដូច្នោះ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​គឺ​ជា​ការ​ការពារ​ខ្លួន​ដោយ​ស្របច្បាប់។

ទន្ទឹម​នឹង​នោះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អ៊ីស្រាអែល​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា លោក​ស្រី​បាន​រៀបចំ​ក្រុម​អ្នកច្បាប់​មួយ​ ដើម្បី​វាយ​បក​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​រាល់​ការ​ចោទ​ប្រកាន់​ទាំងអស់។ ក្រុម​នោះ​នឹង​ដាក់​ពាក្យ​បណ្តឹង​បក​ទៅ​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​វិញ​ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ដោយ​បាន​ យក​ប្រជាជន​ស្លូតត្រង់ ​ធ្វើ​ជា​ខែល ព្រោះ​បាន​បាញ់​គ្រាប់រ៉ុកែត​ចេញ​ពី​ដំបូល​ផ្ទះ​ប្រជាជន​ទាំង​នោះ។

មួយវិញទៀត​អ៊ីស្រាអែល​បាន​ធ្វើ​ការ​រិះគន់​ទៅ​លើ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ថា​មាន​ការ​លម្អៀង ដោយ​បាន​តែងតាំង​លោក​ វីល្លៀម ឆាបាស៍​ ជា​ប្រធាន​គណៈកម្មាធិការ​ស៊ើបអង្កេត។ អ៊ីស្រាអែល​ថា នរណា​ក៏​គេ​ដឹង​ ថា​លោក​ម្នាក់​នេះ​ប្រឆាំង​នឹង​អ៊ីស្រាអែល​យ៉ាង​ពេញទី។ ទោះ​បី​ជា​យ៉ាងណា​លោក វីល្លៀម ឆាបាស៍ បាន​សុំឲ្យ​អ៊ីស្រាអែល​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ ក្នុង​ការ​លាត​ត្រដាង​ការ​ពិត បើសិន​ជា​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ ពិត​ជា​សមមាត្រ​ទៅ​នឹង​ការ​គម្រាម​កំហែង​របស់​ពួក​ហាម៉ាស​ប្រាកដ​មែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ