អានតួអត្ថបទ
ជប៉ុន

បន្ទាប់​ពី​រញ្ជួយដី ជប៉ុន​ប្រឈមមុខ​នឹង​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ

មួយថ្ងៃ​ក្រោយ​ពី​ទទួល​រង​​គ្រោះរញ្ជួយដី និង​​រលកយក្ស (ស៊ូណាមី) ជប៉ុន​កំពុង​ប្រឈមមុខ​នឹង​គ្រោះ​មហន្តរាយ​ដ៏ធំ​មួយ​ទៀត គឺ​​ការ​លេចធ្លាយ​ធាតុវិទ្យុសកម្ម​ពី​រោងចក្រ​នុយក្លេអ៊ែរ ដែល​នៅ​ក្បែរ​ចំណុច​រញ្ជួយដី។ ប្រជាជន​៤៥០០នាក់​ ដែល​រស់​នៅ​ក្នុង​រង្វង់ ១០គីឡូម៉ែត្រ​ពី​រោងចក្រ​នុយក្លេអ៊ែរ​ ត្រូវ​បាន​រដ្ឋាភិបាល​ជម្លៀស​ចេ​ញ។ រោងចក្រ​នុយក្លេអ៊ែរ​ចំនួន ៥កន្លែង ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន។ នៅថ្ងៃ​សៅរ៍នេះ គេ​បាន​ឮ​សំឡេង​ផ្ទុះ​ដ៏​ខ្លាំងមួយ ចេញ​ពី​រោងចក្រ​នុយក្លេអ៊ែរ​មួយ​កន្លែង។

រោងចក្រ​នុយក្លេអ៊ែរ​នៅ Fukushima ដែល​ត្រូវ​រង​ការ​ខូចខាត​ដោយ​រញ្ជួយដី
រោងចក្រ​នុយក្លេអ៊ែរ​នៅ Fukushima ដែល​ត្រូវ​រង​ការ​ខូចខាត​ដោយ​រញ្ជួយដី ©Jiji Press / AFP
ផ្សាយពាណិជ្ជកម្ម

06:41

ការពន្យល់​របស់​សេង ឌីណា

អាជ្ញាធរ​ជប៉ុន​បាន​រក​ឃើញ​ថា ធាតុវិទ្យុសកម្ម​ នៅ​ក្នុង​អគារ​ ក្បែរ​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​មួយ មាន​កម្រិត​ខ្ពស់​ជាង​ធម្មតា​ដល់​ទៅ ១០០០ដង។ ក៏ប៉ុន្តែ នៅ​ក្នុង​ទីធ្លា​រោងចក្រ​នុយក្លេអ៊ែរ ធាតុវិទ្យុសកម្ម​មាន​កម្រិត​ខ្ពស់​ជាង​ធម្មតា​តែ ៨​ដង​ប៉ុណ្ណោះ។ យោងតាម​អ្នក​ជំនាញ​នុយក្លេអ៊ែរ ធាតុវិទ្យុសកម្ម​កម្រិត​នេះ នឹង​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស​​ទេ ប្រសិន​បើ​គេ​​​មិន​ស្ថិត​នៅ​ទីតាំង​នោះ​​ក្នុង​រយៈពេល​យូរ។

នៅ​ថ្ងៃ​សៅរ៍នេះ រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា គម្រប​ខាងក្រៅ នៃ​ម៉ាស៊ីន​ប្រតិករ មិនមាន​ការ​បាក់បែក ដោយ​គ្រោះ​រញ្ជួយដីទេ។ អ្នកជំនាញ​ខាង​នុយក្លេអ៊ែរ​បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​គម្រប​ខាងក្រៅ​នៃ​ម៉ាស៊ីន​ប្រតិករ​មិន​បែក​ធ្លាយ​ទេ វា​នឹង​អាច​ទប់​ធាតុ​វិទ្យុសកម្ម​​មិនឲ្យ​​សាយភាយ​ចេញ​មក​ខាងក្រៅ​បាន។ ក៏ប៉ុន្តែ បើ​សិន​ជា​កម្តៅ​ស្នូល​អ៊ុយរ៉ាញ៉ូម​ នៅតែ​បន្ត​ឡើង​តទៅទៀត គម្រប​ខាងក្រៅ​​ម៉ាស៊ីន​ប្រតិករ​ក៏​នឹង​មិន​អាច​ទប់​​ធាតុវិទ្យុសកម្ម​ជាប់​ បានដែរ។

គួរ​បញ្ជាក់ថា នៅ​ក្នុង​ម៉ាស៊ីន​ប្រតិករ ស្នូល​នុយក្លេអ៊ែរ ដែល​ផ្ទុក​ពេញ​ទៅដោយ​ធាតុ​អ៊ុយរ៉ាញ៉ូម មាន​សីតុណ្ហភាព​ក្តៅ​ខ្លាំង។ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ស្នូល​រលាយ ហើយ​លេច​ធ្លាយ​ធាតុវិទ្យុសកម្ម​មក​ខាងក្រៅ គេ​ត្រូវ​ប្រើ​ប្រព័ន្ធ​បញ្ចុះ​សីតុណ្ហភាព​ជាប់ជានិច្ច។ ប្រព័ន្ធ​​នេះ​ដំណើការ​ដោយ​ចរន្ត​អគ្គិសនី។

កាល​ពី​ថ្ងៃ​សុក្រ ម្សិលមិញ ក្រោយ​ពី​ទទួល​រង​ឥទ្ធិពល​រញ្ជួយដី រោងចក្រ​នុយក្លេអ៊ែរ​ទាំងអស់ ដែល​នៅ​ក្បែរ​ចំណុច​រញ្ជួយ ត្រូវ​បញ្ឈប់​សកម្មភាព​ដោយ​ស្វ័យប្រវត្តិ។ នៅ​ពេល​ដែល​​ម៉ាស៊ីន​ប្រតិករ​ឈប់ដើរ មិន​មាន​ចរន្ត​អគ្គិសនី គេ​ត្រូវ​ប្រើ​ម៉ាស៊ីន​ភ្លើង​បម្រុង (ម៉ាស៊ីន​ភ្លើង​ដើរ​ដោយ​ប្រេង​ម៉ាស៊ុត​ធម្មតា) ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​ទៅ​ប្រព័ន្ធ​បញ្ចុះ​សីតុណ្ហភាព ក្នុង​ម៉ាស៊ីន​ប្រតិករ។ ក៏ប៉ុន្តែ ម៉ាស៊ីន​ភ្លើង​បម្រុង នៅ​ក្នុង​រោងចក្រ​នុយក្លេអ៊ែរ​ចំនួន​ពីរ​កន្លែង ក្នុង​ក្រុង Fukushima ត្រូវ​ខូចខាត មិន​អាច​ដំណើរការ​បាន ដែល​ជាហេតុ​ធ្វើ​ឲ្យ​ប្រព័ន្ធ​បញ្ចុះ​សីតុណ្ហភាព​មិន​ដំណើរការ។ (ដើម្បី​មើល​គំនូស​បង្ហាញ​អំពី​ប្រព័ន្ធ​បញ្ចុះ​សីតុណ្ហភាព សូម​ចុច​ត្រង់នេះ)

អាជ្ញាធរ​នុយក្លេអ៊ែរ​ជប៉ុន​បាន​ឲ្យដឹងថា នៅពេលនេះ ស្នូល​នុយក្លេអ៊ែរ ក្នុង​ម៉ាស៊ីន​ប្រតិករ​មួយ ប្រហែល​ជា​កំពុង​តែ​រលាយ ឬ​ប្រហែល​ជា​រលាយ​រួចទៅហើយ ដោយសារ​តែ​​សីតុណ្ហភាព​ឡើង​ខ្ពស់​ពេក។ ប្រសិន​បើ​គេ​មិន​អាច​រកវិធី​បញ្ចុះ​សីតុណ្ហភាព​មកវិញ​បានទេ កម្តៅ​អាច​នឹង​កើន​ឡើង​រហូត​​ធ្វើ​ឲ្យ​រលាយ​ដល់​គម្រប​ខាងក្រៅ (ភាសា​អង់គ្លេស​ហៅថា Meltdown)។

នៅពេលនេះ មាន​អ្នក​ខ្លះ​កំពុង​តែ​បារម្ភ​ខ្លាច​បញ្ហា​​នៅ​​រោងចក្រ​នុយក្លេអ៊ែរ​ជប៉ុន រាលដាល​​កាន់​តែ​ធ្ងន់ធ្ងរ​រហូត​បណ្តាល​ឲ្យ​ផ្ទុះ​ម៉ាស៊ីន​ប្រតិករ ដូច​ករណី នៅ Tchernobyl (អ៊ុយក្រែន) កាល​ពី​ឆ្នាំ​១៩៨៦។

នៅ​ថ្ងៃ​សៅរ៍នេះ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង (AFP) បាន​រាយការណ៍​ថា​ គេ​បាន​ឮសំឡេង​ផ្ទុះ​ដ៏​ខ្លាំងមួយ ចេញ​ពី​រោងចក្រ​នុយក្លេអ៊ែរ​​លេខ១ នៅ Fukushima ដែល​ស្ថិត​នៅ​ប្រមាណ ២៥០​គីឡូម៉ែត្រ​ពី​ទីក្រុង​តូក្យូ។ រហូត​មក​ទល់ពេលនេះ គេ​នៅមិនទាន់​អាច​ដឹង​ច្បាស់​នៅឡើយ​ទេ​ អំពី​មូលហេតុ និង​ផលវិបាក​នៃ​ការ​ផ្ទុះ​នេះ។

គួរ​រំឭក​ឡើងវិញ​ថា ការ​ផ្ទុះ​ម៉ាស៊ីន​ប្រតិករ​នៅ Tchernobyl បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ ៤០០០​នាក់​បាត់បង់​ជីវិត (ទាំង​អ្នក​ស្លាប់ភ្លាមៗ និង​អ្នក​​ស្លាប់​​ក្រោយ​មក ដោយ​ជំងឺ​មហារីក​បង្ក​ឡើង​ដោយ​ធាតុវិទ្យុសកម្ម)។ មនុស្ស​ចំនួន ២០​ម៉ឺន​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ទីលំនៅ។ រហូត​មកទល់ពេលនេះ តំបន់ Tchernobyl នៅតែ​មិន​ទាន់​អាច​មាន​មនុស្ស​ទៅ​រស់​នៅ​បាន​នៅឡើយ​ទេ។

យោងតាម​ទីភ្នាក់ងារ AIEA អាជ្ញាធរ​ជប៉ុន​​បាន​ចាប់ផ្តើម​ចែក​ជាតិ​អ៊ីយ៉ូត​ដល់​ប្រជាជន​ដែល​រស់​នៅ​ ក្បែរ​រោងចក្រ​នុយក្លេអ៊ែរ ដែល​មាន​លេច​ធាតុ​វិទ្យុសកម្ម។ អ៊ីយ៉ូត​គឺ​ជា​ សារធាតុ​គីមី ដែល​អាច​ជួយ​ការពារ​រាង្គកាយ​ពី​ធាតុវិទ្យុសកម្ម​បាន។ ក្នុង​ ពេល​ជាមួយ​គ្នា​នេះ ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន ឈ្មោះ Jiji បាន​រាយការណ៍​ថា បុគ្គលិក​៣រូប ដែល​ធ្វើ​ការ​ក្នុង​រោងចក្រ​នុយក្លេអ៊ែរ បាន ​ទទួលរង​ធាតិ​វិទ្យុសកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ