អានតួអត្ថបទ
ជប៉ុន-អាហ្វ្រិក

ជប៉ុន​សន្យា​ផ្តល់​ជំនួយ​១៤ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​នៅ​អាហ្វ្រិក

នៅ​ក្នុង​ឱកាស​​សន្និសីទ​អន្តរជាតិ​ស្តីពី​តំបន់​អាហ្វ្រិក ដែល​បើក​ធ្វើ នៅ​ក្បែរ​រដ្ឋធានី​តូក្យូ នៅ​ថ្ងៃ​សៅរ៍​នេះ លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី ជប៉ុន​បាន​ប្រកាស​សន្យា​ថា​ រដ្ឋាភិបាល​ជប៉ុន​នឹង​ផ្តល់​ជំនួយ​អភិវឌ្ឍ​ន៍​ចំនួន ១៤ពាន់លាន​ដុល្លារ ដល់​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក សម្រាប់​រយៈពេល ៥ឆ្នាំ​ខាងមុខ។ លោក​ស្ហ៊ីនហ្សូ អាបេ ក៏​បាន​ប្រកាស​ឲ្យដឹង​ផងដែរ​ថា លោក​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​តំបន់​អាហ្វ្រិក នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ។

នាយករដ្ឋមន្រ្តី​ជប៉ុន, អគ្គលេខាធិការ​អ.ស.ប. និង​មេដឹកនាំ​ប្រទេស​នៅ​អាហ្វ្រិក ក្នុង​សន្និសីទ​អន្តរជាតិស្តីពី​អាហ្វ្រិក ថ្ងៃទី១ មិថុនា ២០១៣
នាយករដ្ឋមន្រ្តី​ជប៉ុន, អគ្គលេខាធិការ​អ.ស.ប. និង​មេដឹកនាំ​ប្រទេស​នៅ​អាហ្វ្រិក ក្នុង​សន្និសីទ​អន្តរជាតិស្តីពី​អាហ្វ្រិក ថ្ងៃទី១ មិថុនា ២០១៣ REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

 

សន្និសីទ​ដែល​បើក​ធ្វើ នៅ​ជប៉ុន នៅថ្ងៃ​សៅរ៍​នេះ មាន​ឈ្មោះ​ថា សន្និសីទ​អន្តរជាតិ​តូក្យូ​ស្តីពី​ការ​អភិវឌ្ឍន៍​តំបន់​អាហ្វ្រិក (Tokyo International Conference on Africa Development) ដែល​តែងតែ​បើក​ធ្វើ​នៅ​រៀងរាល់​ ៥ឆ្នាំ​ម្តង។

ថ្លែង​ទៅកាន់​មេដឹកនាំ​អាហ្វ្រិក​ប្រមាណ​ជា ៥០រូប នៅ​ក្នុង​ពេល​បើក​សន្និសីទ នៅ​ព្រឹកថ្ងៃ​សៅរ៍​នេះ លោក​ស្ហ៊ីនហ្សូ អាបេ បាន​ប្រកាស​ឲ្យដឹងថា សម្រាប់ ៥ឆ្នាំ​ខាងមុខ ជប៉ុន​នឹង​​ផ្តល់​​កញ្ចប់​ថវិកា​ ទាំងជា​​ជំនួយ​​សាធារណៈ និង​ឯកជន ដែល​គិត​ជា​ទឹកប្រាក់​រហូតដល់​ទៅ ៣២ពាន់លាន​ដុល្លារ សម្រាប់​ប្រទេស​នៅ​អាហ្វ្រិក។ ក្នុង​កញ្ចប់​ជំនួយ​នេះ មាន​ប្រមាណ​ជា ១៤ពាន់លាន​ដុល្លារ គឺ​ជា​ជំនួយ​អភិវឌ្ឍ​ដោយ​ផ្ទាល់ ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន និង​ ៦ពាន់ ៥រយ​លាន​ដុល្លារ ជា​ជំនួយទ្រទ្រង់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​ក្រៅពីនេះ គឺ​ជា​ជំនួយ ឬ​ការ​វិនិយោគ​របស់​ដៃគូ ក្នុង​វិស័យ​ឯកជន។

ជប៉ុន ដែល​ជា​ប្រទេស​មហាអំណាច​ដ៏សំខាន់មួយ ក៏ប៉ុន្តែ ​មិន​សូវសម្បូរ​ធនធាន​ធម្មជាតិ កំពុង​តែ​សំឡឹង​ទៅរក​ធនធាន​ធម្មជាតិ​ដ៏ក្រាស់ក្រែល នៅ​ក្នុង​តំបន់​អាហ្វ្រិក។ ធនធាន​ធម្មជាតិ ដូចជា ប្រេង និង​ឧស្ម័ន ដែល​ជប៉ុន​កំពុង​តែ​ត្រូវការ​កាន់តែ​ខ្លាំង ចាប់តាំង​ពី​មាន​គ្រោះថ្នាក់​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា ដែល​តម្រូវ​ឲ្យ​ជប៉ុន​ត្រូវ​បិទ ឬ​ផ្អាក​លែង​ដំណើរការ​រោងចក្រ​អគ្គិសនី​នុយក្លេអ៊ែរ។

ក៏ប៉ុន្តែ នៅ​ក្នុង​ដំណើរ​ផ្សងព្រេង​ស្វែងរក​ធនធាន​ធម្មជាតិ នៅ​ក្នុង​តំបន់​អាហ្វ្រិក​នេះ ជប៉ុន​ត្រូវ​ប្រឈមមុខ​នឹង​គូប្រជែង​ដ៏​ធំមួយ គឺ​ចិន ដែល​កំពុង​តែព្យាយាម​យ៉ាង​ខ្លាំងក្លា ក្នុង​ការ​បង្កើន​ឥទ្ធិពល​ នៅ​ក្នុង​តំបន់​អាហ្វ្រិកនេះ​ដែរ។​ នៅ​ក្នុង​ការ​ប្រកួតប្រជែង​គ្នា​នេះ គេ​សង្កេតឃើញ​ថា ជប៉ុន​នៅ​មាន​ការ​យឺតយ៉ាវ​ជាងចិន​ឆ្ងាយណាស់។

បើ​មើល​ទៅលើ​ទិន្នន័យ កាល​ពី​​ឆ្នាំ​២០១១​កន្លងទៅ គេឃើញ​ថា វិនិយោគ​ផ្ទាល់​របស់​ជប៉ុន នៅ​ក្នុង​តំបន់​អាហ្វ្រិក​មាន​តែ​ប្រមាណជា ៤៦០លាន​ដុល្លារ​ប៉ុណ្ណោះ ចំណែក​ឯចិន​វិញ មាន​រហូតដល់​ទៅជាង ៣ពាន់លាន​ដុល្លារ។

លោក​ស្ហ៊ីនហ្សូ អាបេ ដែល​ជា​អ្នក​នយោបាយ​អភិរក្ស​និយម​ ហើយ​ដែល​ចាប់តាំង​ពី​បាន​ឡើង​កាន់តំណែងមក​បាន​ធ្វើការ​វាយលុក​ផ្នែក​ការទូត ដើម្បី​ព្យាយា​ម​ប្រណាំងប្រជែង​ជាមួយចិននោះ បាន​ប្រកាស​ឲ្យដឹង​ថា លោក​មាន​គម្រោង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច ជុំវិញ​តំបន់​អាហ្រ្វិក​ នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ។

គួររំឭក​ផងដែរ​ថា លោក​ស៊ី ជីនពីង បាន​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​តំបន់​អាហ្វ្រិក តាំង​ពី​ខែ​មីនា​ម៉្លេះ ពោលគឺ ភ្លាមៗ​ក្រោយ​ពី​លោក​ឡើង​កាន់តំណែង​ជា​ប្រធានាធិបតី​ចិន ដែល​នេះ​ជា​កាយវិកា​របញ្ជាក់​ច្បាស់​ថា អាហ្វ្រិក គឺ​ជា​តំបន់​យុទ្ធសាស្រ្ត​ដ៏​ចម្បងមួយ​ ក្នុង​នយោបាយ​ការបរទេស​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ