អានតួអត្ថបទ
ថៃ

ទីក្រុងបាងកក​នឹងសង​ជម្ងឺចិត្ត​ជូន​អ្នករងគ្រោះ​ដោយអំពើ​ហិង្សា​នៅប្រទេស​ថៃ​ប៉ែក​ខាងត្បូង​

ប្រទេសថៃ​បាន​យល់ព្រម​នៅ​ថ្ងៃអង្គារ​ទី២៤​មេសា​ឆ្នាំ២០១២​សង​ជម្ងឺចិត្ត​ប្រមាណ​៥០លាន​អឺរ៉ូ​ជូន​អ្នករងគ្រោះ​ដោយ​ការវាយ​ប្រហារ​គ្នា​នៅ​ប៉ែក​ខាងត្បូង​នៃ​ប្រទេសថៃ​ដែលបាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​រាប់ពាន់​នាក់​នារយៈ​ពេល​៨ឆ្នាំ​ចុងក្រោយនេះ។

ការ​វាយប្រហារ​​នៅខេត្ត​យ៉ាឡា​​ឋិត​​នៅ​ប៉ែក​ខាងត្បូង​​ប្រទេសថៃ​​នៅថ្ងៃ​ទី៣១​​មីនា​​ឆ្នាំ២០១២​
ការ​វាយប្រហារ​​នៅខេត្ត​យ៉ាឡា​​ឋិត​​នៅ​ប៉ែក​ខាងត្បូង​​ប្រទេសថៃ​​នៅថ្ងៃ​ទី៣១​​មីនា​​ឆ្នាំ២០១២​ REUTERS/Surapan Boonthanom
ផ្សាយពាណិជ្ជកម្ម

គ្រួសារ​នីមួយៗ​នៃ​ជន​រងគ្រោះ​ស្លាប់​ដោយ​ការវាយ​ប្រយុទ្ធ​គ្នា​នៅក្នុង​អធិករណ៍​នៅប៉ែក​ខាង​ត្បូង​នៃ​ប្រទេសថៃ​នឹង​ទទួល​បាន​ប្រាក់​ជម្ងឺចិត្ត​ប្រមាណ​៥០០ ០០០បាទ​ស្មើនឹង​១២ ២០០អឺរ៉ូ​ ​ ឬ​១លាន​៥សែនបាទ​បើ​ប្រសិនជា​មាន​ការ​ទទួល​ខុសត្រូវ​ដោយ​រដ្ឋាភិបាល​ថៃ។​ នេះ​ជាការ​ថ្លែង​ពន្យល់​ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថៃ។

“​យើង​សង្ឃឹមថា​ ទាំងនេះ​នឹង​ជួយ​ផ្តល់​សន្តិភាព​ជូន​ប៉ែកខាងត្បូង​នៃ​ប្រទេសថៃ” ​ ​ នេះជា​ការ​បញ្ជាក់​បន្ថែម​ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថៃ។

គួរកត់​សម្គាល់ថា​ ​ បរិមាណ​នៃ​ជម្ងឺចិត្ត​ទាំងនេះ​មាន​ចំនួន​តិចជាង​៧លាន​៥សែនបាទ​ឬ​១៨៣ ០០០អឺរ៉ូ​ដែល​រដ្ឋាភិបាល​ថៃ​ធ្លាប់បាន​សន្យា​ផ្តល់ជូន​គ្រួសារ​នីមួយៗ​​នៃ​ជន​រងគ្រោះ​ស្លាប់​ដោយ​ទង្វើ​ហិង្សា​នយោបាយ​ដែល​បាន​កើតមាន​នៅ​ទីក្រុង​បាងកក​ចាប់តាំង​ពីឆ្នាំ២០០៥។

នៅប៉ែក​ខាងត្បូង​នៃ​ប្រទេសថៃ​ ​ គ្រួសារ​នៃ​ជន​រងគ្រោះ​ស្លាប់​ជាង​៥ពាន់នាក់​ដែល​ក្នុងនោះ​មាន​អ្នករាជការ​ប្រមាណ​១ ០០០នាក់​ ​ ហើយនិង​អ្នករបួស​ប្រមាណ​៦ ០០០នាក់​អាចនឹង​ធ្វើការ​ទាមទារ​ជម្ងឺចិត្ត។

សូមបញ្ជាក់ថា​ ​ ការងើប​បះបោរ​ប្រឆាំង​ទាមទារ​ផ្តាច់ខ្លួន​ចេញពី​ការ​គ្រប់គ្រង​របស់​ទីក្រុង​បាងកក​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង​៥ ០០០នាក់​ចាប់តាំង​ពី​ខែមករា​ឆ្នាំ២០០៤មក ​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​ថៃ​ដែល​ជា​តំបន់​ធ្លាប់​បាន​ឋិត​នៅក្នុង​ដែនដី​របស់​ប្រទេស​ម៉ាឡេស៊ី​រហូត​ដល់​ដើម​សតវត្សរ៍​ទី២០។
 

អធិករណ៍​រវាង​ក្រុម​អ្នកបះបោរ​ប្រឆាំង​ទល់នឹង​ទីក្រុង​បាងកក​គឺជា​អធិករណ៍​នយោបាយ​ ​ ប៉ុន្តែ​បាន​ប្រែ​ក្លាយ​ទៅជា​មាន​លក្ខណៈ​សាសនា​ ​ នៅក្នុង​រង្វង់​ប្រជាជន​ភាគច្រើន​ដែលមាន​ដើមកំណើត​ម៉ាឡេស៊ី​​ ​ ហើយ​ដែល​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ ​ ដែលខុស​ផ្ទុយ​ពី​ប្រជាជន​ថៃ​ភាគច្រើន​ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ