អានតួអត្ថបទ
ព្យុះសង្ឃរាMatthew

ព្យុះសង្ឃរា​​Matthew​ ចេញពី​​ហៃទី​ ​បន្ត​​ដំណើរ​​​តាម​​ឆ្នេរ​ភាគ​ខាងកើត​​​អាមេរិក​​

ព្យុះសង្ឃរា​ Matthew បាន​ចេញ​ពី​ហៃទីហើយ ហើយ​ថ្ងៃសៅរ៍នេះ បាន​​បន្ថយ​ល្បឿន និង​​បន្ត​ដំណើរ​​តាម​ឆ្នេរ​ភាគ​ខាងកើត​អាមេរិក បង្ក​ជា​​ទឹកជំនន់​នៅ​ច្រើនកន្លែង ហើយ​អាច​ធ្វើអោយ​មាន​​មនុស្ស​ស្លាប់​ច្រើន​នាក់។​ ​ព្យុះ​​ Matthew បាន​សម្លាប់​មនុស្ស​យ៉ាងហោច​៤០០នាក់ នៅ​ហៃទី ធ្វើអោយ​ហៃទី​ប្រឈម​​​​គ្រោះ​​​មនុស្សធម៌។ 

បុរស​ម្នាក់​ជិះកង់ ​នៅ​ឆ្នេរ Miami ថ្ងៃ៧តុលា​ ឆ្នាំ២០១៦
បុរស​ម្នាក់​ជិះកង់ ​នៅ​ឆ្នេរ Miami ថ្ងៃ៧តុលា​ ឆ្នាំ២០១៦ REUTERS/Javier Galeano
ផ្សាយពាណិជ្ជកម្ម

ម៉ោង​១រសៀលនៅ​កម្ពុជា​ ថ្ងៃសៅរ៍​នេះ ព្យុះសង្ឃរា​ម៉ាតជូ មានវត្តមាន​នៅ​​ក្បែរ​ឆ្នេរ​រដ្ឋ ការ៉ូលីនខាងត្បូង​ និង​ហ្ស៊កហ្ស៊ី​ សហរដ្ឋ​អាមេរិក។ ​យោងតាម​ផ្នែកឧតុនិយម ព្យុះ​ម៉ាតជូ​ដែល​បោកបក់​ក្នុង​ល្បឿន​អតិបរមា​​កម្រិត​៥ ​បាន​បន្ថយ​ល្បឿនមកនៅ​កម្រិត២​ អាច​បោកបក់​១៦៥គីឡូម៉ែត្រ​ក្នុង​មួយម៉ោង។

អាជ្ញាធរ​រដ្ឋការ៉ូលីន​ខាងត្បូង​បាន​ជម្លៀស​ប្រជាជន​រាប់ពាន់នាក់ ទៅ​រកកន្លែង​មាន​​សុវត្ថិភាព។ ​រដ្ឋផ្លរីត​ក៏បា​នជម្លៀស​មនុស្ស​រាប់សែន​នាក់​​ដែរ។ ពេល​មកដល់​រដ្ឋ​ផ្លរីត ព្យុះ​សង្ឃរា​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​៥នាក់ ក្នុង​នោះ​មាន​ស្ត្រី​២នាក់​ស្លាប់​ដោយសារ​ដើមឈើបាក់​​​សង្កត់​លើពួកគាត់។ ​ឆ្នេរ​ភាគឦសានរដ្ឋ​ផ្លរីត ហ្ស៊កហ្ស៊ី ការ៉ូលីនខាងជើង និង​ខាងត្បូង ​​​អាចប្រឈម​​​នឹង​​គ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ។

តាំងពី​ថ្ងៃ២៩កញ្ញា​មក ព្យុះ​សង្ឃរា​ម៉ាតជូ បាន​ឆ្លងកាត់​តំបន់​ការ៉ាអ៊ីប ភាគខាងត្បូង​និង​ខាងជើង ដោយបាន​វាយប្រហារ​​​កូឡុំប៊ី ចាម៉ៃអ៊ីក សាធារណរដ្ឋ​ដូមីនីក គុយបា និង​បាហាម៉ាស។ មាន​មនុស្ស​ស្លាប់​​​យ៉ាងហោច​៤នាក់ នៅ​សាធារណរដ្ឋ​ដូមីនិក។ ​ប៉ុន្តែ​ គឺ​នៅ​ហៃទី ទើបព្យុះ​ម៉ាតជូ ក្នុង​ល្បឿន​​២៣៣​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង បាន​​​បង្ក​ការខូចខាត​ធ្ងន់ធ្ងរ​ ដល់​​ផ្ទះសម្បែង និង​​​ផលដំណាំ ពិសេស​​​​ព្យុះ​សង្ឃរា​​បាន​សម្លាប់​​ប្រជាជន​​រាប់រយ​នាក់។

ព្យុះ​ម៉ាតជូ​ចេញផុត​ពី​ហៃទី​ហើយ តែ​​អាជ្ញាធរ​កំពុង​បារម្ភ​ខ្លាច​ជំងឺ​អាសន្នរោគ​រាតត្បាត ក្នុង​ប្រទេស​​។ ជំងឺ​អាសន្នរោគ​បាន​​​វាយប្រហារ​​​ហៃទី កាលពីឆ្នាំ២០១០ ក្រោយ​ពេល​មាន​​​​គ្រោះ​រញ្ជួយដី។ ​​បារាំង​ និង​អាមេរិក​បាន​​​បញ្ជូន​មនុស្ស និង​សម្ភារៈ​ផ្សេងៗ ទៅ​​ជួយ​ហៃទី៕ ​
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ