អានតួអត្ថបទ
អារ៉ាប៊ីសាអូឌីត

អារ៉ាប៊ីសាអ៊ូឌីត​ បើក​សម្ភោធ​ឆ្នាំ​ថ្មី​ ដោយ​ប្រហារ​ជីវិត​មនុស្ស​៤៧​នាក់

ព្រះរាជាណាចក្រ​អារ៉ាប់ប៊ីសាអ៊ូឌីត ​បាន​បើក​ស្វាគមន៍​ឆ្នាំ​ថ្មី​នេះ ​ជាមួយ​នឹង​ការ​កាត់ទោស​ប្រហារ​ជីវិត​មនុស្ស​ ចំនួន​៤៧​នាក់ ​ដែល​ក្នុង​ចំណោម​នោះ ​ភាគ​ច្រើន​គឺ​ជា​សកម្មជន​និកាយ​ឈីអ៊ីត ​និង​មាន​ម្នាក់​ជា​មនុស្ស​ដ៏​សំខាន់​ នៅ​ក្នុង​ចលនា​ប្រឆាំង​នេះ។ មនុស្ស​ទាំងអស់​នេះ ​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​ ពី​បទ​បាន​ប្រព្រឹត្តិ​អំពើ​ភេរវកម្ម​ ក្នុង​ចេតនា​ផ្តួល​រំលំ​របប​រាជានិយម​អារ៉ាប៊ីសាអ៊ូឌីត ​ដែល​របប​នេះ ​ត្រូវ​គេ​ស្គាល់​យ៉ាង​ច្បាស់​ ថា​ជា​របប​ផ្តាច់ការ​និយម​និកាយ​អ៊ីស្លាម​ស៊ុនីត។

បាតុកម្ម​ទាមទារ​ឲ្យដោះលែង មេដឹកនាំចលនាប្រឆាំងរបស់​ក្រុម​​ឈីអ៊ីត នីមៀរ អាល់ នីមៀរ បាន​​ធ្វើឡើង​​នៅ​​ក្រុង​​សាណា​ ប្រទេស​យេមែន
បាតុកម្ម​ទាមទារ​ឲ្យដោះលែង មេដឹកនាំចលនាប្រឆាំងរបស់​ក្រុម​​ឈីអ៊ីត នីមៀរ អាល់ នីមៀរ បាន​​ធ្វើឡើង​​នៅ​​ក្រុង​​សាណា​ ប្រទេស​យេមែន AFP PHOTO / MOHAMMED HUWAIS
ផ្សាយពាណិជ្ជកម្ម

ការ​កាត់ទោស​ប្រហារ​ជីវិត​ បាន​ធ្វើ​ឡើង​​នៅ​ក្នុង​ទី​កន្លែង​១២កន្លែង​ ផ្សេងគ្នា ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ ក្នុង​ចំណោម​អ្នក​ទោស​ចំនួន​ ៤៧​នាក់ ​គឺ​មាន​មនុស្ស​ម្នាក់​ ឈ្មោះ ​នីមៀរ​ អាល់នីមៀរ ​ អាយុ​៥៦​ឆ្នាំ។ មនុស្ស​ម្នាក់​នេះ ​ ជា​មេដឹកនាំ​ក្រុម​អ៊ីស្លាម​ឈីអ៊ីត ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ​ហើយ​ដែល​កន្លង​មក​ បាន​ដឹកនាំ​ការ​តស៊ូ​មតិ​ រិះគន់​របប​ផ្តាច់ការ​របស់​រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត។ រាជវង្ស ​អាល់សាអ៊ូដ ​ដែល​គ្រប់គ្រង​អារ៉ាប៊ីសាអ៊ូឌីត​បច្ចុប្បន្ន ​គឺជា​រាជវង្ស​អ៊ីស្លាម​ស៊ុនីត ​ហើយ​ដែល​ត្រូវ​បាន​សហគម​ឈីអីត​ ចោទ​ប្រកាន់​ថា​បាន​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​ពួកគេ។

 

រូប​លោក Nimr al-Nimr  មគុទេស​ន៍​សកម្មជន​ប្រឆាំង​​ និងជាតំណាង​និកាយ​ឈីអ៊ីត ​នៅ​អារ៉ាប៊ីសាអូឌីត
រូប​លោក Nimr al-Nimr មគុទេស​ន៍​សកម្មជន​ប្រឆាំង​​ និងជាតំណាង​និកាយ​ឈីអ៊ីត ​នៅ​អារ៉ាប៊ីសាអូឌីត EXACTLY AS RECEIVED BY REUTERS

អារ៉ាប៊ីសាអ៊ូឌីត ​បាន​ចោទ​ប្រកាន់​ក្រុម​សកម្មជន​ឈីអ៊ីត​ ថា​ជា​ក្រុម​អ៊ីស្លាម​ភេរវកម្ម ​ដែល​មាន​បំណង​ផ្តួល​រំលំ​របប​គ្រប់គ្រង​អារ៉ាប៊ីសាអ៊ូឌីត​តាម​បែប​និកាយ​ស៊ុនីត។ ជា​ការ​ពិត​ ក្នុង​ចំណោម​អ្នក​ទោស​ទាំង​នោះ ​មាន​មួយ​ចំនួន​គឺ​ជា​ក្រុម​ភេរវកម្ម​ កូនចៅ​របស់​ក្រុម​ជីហាដ​អាល់កាអ៊ីដា ​ដែល​បាន​ធ្វើ​ភេរវកម្ម​ នៅ​ឆ្នាំ​២០០៣ ​និង​ ២០០៤។

អ៊ីរ៉ង់​ ដែល​ជា​អគ្គមគុទេស​អ៊ីស្លាម​និកាយ​ឈីអ៊ីត ​បាន​ធ្វើការ​បរិហារ​ និង​ចង្អុលមុខ​អារ៉ាប៊ីសាអ៊ូឌីត ​ជាច្រើន​លើក​មក​ហើយ ​ថា​បាន​យក​លេស​ភេរវកម្ម ​ ដើម្បី​បោស​សម្អាត​សកម្មជន​ឈីអ៊ីត ​ដែល​បាន​ប្រឆាំង​រិះគន់​របប​ផ្តាច់ការ​ស៊ុនីត។ ដោយឡែក​ កាល​ពី​ដើម​ខែធ្នូ ​ក្រុម​ឧទ្ទាម​ជីហាដ​អាល់កាអ៊ីដា ​ដែល​មាន​មូលដ្ឋាន​នៅ​យ៉េមែន​ បាន​ប្រកាស​ថា​ពួក​គេ​នឹង​ធ្វើការ​បង្ហូរឈាម​ នៅ​លើ​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត​ បើ​សិន​ជា​អារ៉ាប៊ីសាអ៊ូឌីត ​ធ្វើការ​ប្រហារ​ជីវិត​ក្រុម​ជីហាដ​មិត្ត​រួម​អាវុធ​របស់​គេ។

យ៉ាងណា​ក៏ដោយ ​ការ​កាត់ទោស​ប្រហារ​ជីវិត​ នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ ​មាន​ការ​ព្រួយ​បារម្ភ ​ដោយសារ​តែ​របប​ផ្តាច់ការ​អារ៉ាប៊ីសាអ៊ូឌីត ​បាន​ត្រួតត្រា​ទាំង​ស្រុង​ទៅ​លើ​ប្រព័ន្ធ​តុលាការ។ សកម្មជន​ប្រឆាំង​ដែល​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ឈីអ៊ីត ​ ត្រូវ​គេ​លាប​ពណ៌​លាយ​ឡំ​ជា​មួយ​នឹង​ក្រុម​ជីហាដ​ជ្រុល​និយម​ ដែល​ជា​ក្រុម​ភេរវកម្ម។ យោង​តាម​តួលេខ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង ​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ ​ អារ៉ាប៊ីសាអ៊ូឌីត ​បាន​ប្រហារ​ជីវិត​មនុស្ស​ចំនួន​ ១៥៣នាក់។ ៤៧​នាក់ ​ដែល​ត្រូវ​គេ​ប្រហារ​ជីវិត​នា​ពេល​នេះ ​ គ្រាន់​តែ​ជា​ការ​បើក​ទំព័រ​ឆ្នាំ​ថ្មី​តែ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ