អានតួអត្ថបទ
ស៊ីរី-សហរដ្ឋអាមេរិក

ក្រុមកម្លាំងគួដ និងក្រុមឧទ្ទាមស៊ីរី រួមកម្លាំងគ្នា វាយសង្រ្គុបក្រុមជីហាដ

ក្រុម​ឧទ្ទាម​ប្រជាធិបតេយ្យ​ស៊ីរី ​និង​ក្រុម​តស៊ូ​ជនជាតិ​គួដ ​ដែល​បាន​ធ្វើការ​ប្រយុទ្ធ​ ដាច់​ដោយ​ឡែក​ពី​គ្នា​ ជា​មួយ​នឹង​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ពេល​នេះ ​បាន​សម្រេច​រួបរួម​ សហការ​គ្នា ​ដោយ​បាន​ធ្វើការ​វាយ​សង្រ្គុប​ លើ​មូលដ្ឋាន​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​នៅ​ខេត្ត​ហាសាកេ​ ភាគ​ឦសាន​ស៊ីរី។ ការ​បើក​ការ​វាយ​ប្រហារ​នេះ ​ បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ បាន​ប្រកាស​ប្តូរ​យុទ្ធសាស្ត្រ ​បញ្ជូន​កង​កុម៉្មង់ដូ​ពិសេស ​៥០​នាក់​ ទៅ​ជួយ​ក្រុម​ឧទ្ទាម​ស៊ីរី ​ ដើម្បី​យក​ឈ្នះ​ ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។

ក្រុមឧទ្ទាម​តស៊ូស៊ីរី កំពុង​នៅ​សមរភូមិ​
ក្រុមឧទ្ទាម​តស៊ូស៊ីរី កំពុង​នៅ​សមរភូមិ​ REUTERS/Ammar Abdullah
ផ្សាយពាណិជ្ជកម្ម

តាម​ការ​ឲ្យ​ដឹង​ពី​លោក ​ Rami Abdel Rahmane ​អ្នក​ឃ្លាំ​មើល​ កិច្ចការ​សិទ្ធិ​មនុស្ស​នៅ​ស៊ីរី ​កាល​ពី​យប់​ថ្ងៃ​សុក្រ ​ឈាន​ចូល​ថ្ងៃ​សៅរ៍ ​មាន​ការ​វាយ​ប្រយុទ្ធ​ដ៏​ក្តៅ​គគុក ​រវាង​ក្រុម​កម្លាំង​ចម្រុះ​ ដែល​មាន​ក្រុម​គួដ ​និង​ក្រុម​ចលនា​តស៊ូ ​ស៊ីរី ​ ដែល​តទល់​ជា​មួយ​នឹង​ ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​នៅ​តំបន់​ អាល់ ហុល ​ក្នុង​ខេត្ត​ ហាសាកេ ​ភាគ​ឦសាន​ស៊ីរី។

 
ជា​ការ​ពិត​ណាស់ ​ក្រុម​តស៊ូ​គួដ ​និង​ក្រុម​ឧទ្ទាម​ស៊ីរី ​បាន​ធ្វើ​​ការ​ប្រយុទ្ធ​ ដាច់​ដោយ​ឡែក​ពី​គ្នា ​តែពួក​គេ​មាន​សត្រូវ​រួម​តែ​មួយ ​ គឺ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។ ឥឡូវ ​ ក្រុម​កម្លាំង​ចម្រុះ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ ​ជា​ផ្លូវការ ​រវាង​ក្រុម​គួដ ​ ក្រុម​ឧទ្ទាម​តស៊ូ​ប្រជាធិបតេយ្យ​ស៊ីរី ​ហើយ​នឹង​មាន​ការ​ចូលរួម​របស់ ​ក្រុម​អ្នក​តស៊ូ​ស៊ីរី ​កាន់​សាសនា​គ្រឹស្ត​ផងដែរ។ គោលដៅ​របស់​កម្លាំង​តស៊ូ​ចម្រុះ​នេះ គឺ​វាយ​សម្រុក​ខិត​ទៅ​ខាង​ត្បូង ​ ​ដើម្បី​វាយ​បំបែក​មូលដ្ឋាន​ធំ​របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ដែល​ស្ថិត​នៅ​ទីក្រុង​ រ៉ាខា ​ចំងាយ​ប្រមាណ​ជា​ជាង​១០០​គីឡូម៉ែត្រ​ តែ​ប៉ុណ្ណោះ។

ការ​ប្រកាស​បើក​ប្រតិបត្តិការ​ វាយ​ប្រហារ​នេះ ​ធ្វើ​ឡើង​ជួន​ពេល​ដែល​សហរដ្ឋ​អាមេរិក​ ទើប​សម្រេច​បញ្ជូន​កង​កម្លាំង​ពិសេស ​មាន​គ្នា​៥០​នាក់ ​ដើម្បី​មក​សម្រប​សម្រួល​ប្រតិបត្តិការ ​និង​ជួយ​ផ្តល់​ប្រឹក្សា​យោធា ​ដល់​ក្រុម​កម្លាំង​តស៊ូ​ស៊ីរី​ ដើម្បី​យក​ឈ្នះ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។ ទោះ​បី​ជា​ខាង​ក្រសួង​ការពារ​ជាតិ​អាមេរិក ​ ក៏​ដូច​ជា​សេតវិមាន​ មិន​បាន​បញ្ចេញ​ព័ត៌មាន​លំអិត​ ​ស្តីពី​បេសកកម្ម​នៃ​កង​កម្លាំង​ពិសេស​ទាំង​៥០​នាក់​នេះ ​ ប៉ុន្តែ​បើ​តាម​ការ​ស្មាន ​ កម្លាំង​ពិសេស​នេះ ​ ប្រហែល​ជា​នឹង​ទៅ​ជួយ​ក្រុម​កម្លាំង​ចម្រុះ ​រវាង​ក្រុម​អ្នក​តស៊ូ​គួដ ​ និង​ក្រុម​ឧទ្ទាម​តស៊ូ​ស៊ីរី​ នេះ​ឯង។

អ្នក​នាំពាក្យ​ របស់​កង​កម្លាំង​តស៊ូ​ស៊ីរី ​ បាន​អះអាង​ផង​ដែរ​ថា ​ថា​ក្នុង​ពេល​ប្រតិបត្តិការ​នៅ​យប់​ថ្ងៃ​សុក្រ ​ ក្រុម​កម្លាំង​តស៊ូ​ចម្រុះ ​បាន​ទទួល​ជំនួយ​ ​ពី​លើ​អាកាស​ របស់​ក្រុម​សម្ពន័្ធ​មិត្ត ​ ដែល​ដឹកនាំ​ដោយ​កង​ទ័ព​អាកាស​អាមេរិក។ យន្តហោះ​អាមេរិក ​ បាន​ហោះ​ទំលាក់​គ្រាប់  ​បើក​ផ្លូវ​ ដើម្បី​អនុញ្ញាត​ឲ្យ​ពួក​គេ​រុល​ទៅ​មុខ។

ដោយឡែក​នៅ​សមរភូមិ​ការទូត​ឯនោះ ​ប្រទេស​មហា​អំណាច ​និង​ប្រទេស​ពាក់ព័ន្ធ​ទាំង​អស់ ​កំពុង​ព្យាយាម ​ចរចា​គ្នា ​ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​នយោបាយ ​និង​ស្រោចស្រង់​ប្រទេស​ស៊ីរី។ ចំណុច​ស្នូល​នៃ​បញ្ហា ​ គឺ​តួនាទី​ និង​អនាគត​ របស់​ប្រធានាធិបតី​ផ្តាច់ការ​ស៊ីរី​បច្ចុប្បន្ន ​គឺ​លោក ​បាស្ឆា អាល់អាសាដ។ ការ​ចរចា ​បាន​ផ្អាក ​ និង​លើក​ទៅ​ពិភាក្សា​គ្នា​ បន្ត​ទៀត​ នៅ​ក្នុង​ពីរ​សប្តាហ៍​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ