អានតួអត្ថបទ

អេហ្ស៊ីប​បដិសេធ​មិន​និយាយ​អំពី​សម្មតិកម្ម​​​ធ្លាក់​យន្តហោះ​រុស្ស៊ី​នៅ​ស៊ីណៃ​ជា​ភេរវកម្ម

ទោះ​បី​ជា​ការ​វិភាគ​ប្រអប់​ខ្មៅ​ ផ្តល់​សម្មតិកម្មខ្ពស់​ថា​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​រុស្ស៊ី​ កាលពី​ថ្ងៃ​ទី ៣១​តុលា មានទម្រង់​ជា​ភេវកម្ម​បំផ្ទុះ​គ្រាប់​បែក​យ៉ាងណា​ក៏ដោយ ក៏​ភាគី​អេហ្ស៊ីប តាម​រយៈ​សន្និសីទ​កាសែត​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នា​រសៀល​ថ្ងៃ​សៅរ៍​នេះ នៅ​តែ​ច្រាន​ចោល​សម្មតិកម្ម​នេះ ដោយ​ពន្យល់​ថា ក្នុង​ដំណាក់កាល​នេះ គេ​ពុំ​ទាន់​អាច​ចេញ​សេចក្តី​សន្និដ្ឋាន​អ្វី​ទាំង​អស់។ ចំណែក​ ប្រធាន​ក្រុមអ្នក​​​អង្កេត​ បាន​អះអាង​ថា​ត្រូវ​ធ្វើ​ការ​វិភាគលើ​សំឡេង​ដ៏​ចម្លែក​មួយ​ថត​ជាប់​​ពេល​បាត់​ដាន​យន្តហោះ​។

បំណែកយន្តហោះ​រុស្ស៊ី ធ្លាក់​​នៅ​ខ្ពស់រាប​ស៊ីណៃ​ប្រទេស​អេហ្ស៊ីប
បំណែកយន្តហោះ​រុស្ស៊ី ធ្លាក់​​នៅ​ខ្ពស់រាប​ស៊ីណៃ​ប្រទេស​អេហ្ស៊ីប REUTERS/Mohamed Abd El Ghany
ផ្សាយពាណិជ្ជកម្ម

អេហ្ស៊ីប នៅ​តែ​ក្រាញ​មិនព្រម​ទទួល​ស្គាល់​សេចក្តី​សន្និដ្ឋាន​បាន​មក​ពី​ការ​វិភាគប្រអប់​ខ្មៅ​ទេ។ នៅ​ក្នុង​សន្និសីទ​កាសែត​នា​រសៀល​ថ្ងៃ​សៅរ៍​ទី ៧​វិច្ឆិកា លោក​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អេហ្ស៊ីប​បាន​អះអាង​ថា​ ការ​អង្កេត​កំពុង​បន្ត​ធ្វើ ហើយ​ដរាប​ណា​ពុំ​បាន​ចប់​សព្វ​គ្រប់​ របាយការណ៍​ពុំ​ទាន់​ពេញ​លេញ គេ​មិន​អាច​ផ្តល់​អាទិភាព​ទៅ​លើ​ការ​សន្និដ្ឋាន​ណា​មួយ​បាន​ទេ។

 

តាំង​ពី​ថ្ងៃ​សុក្រ​មក ប្រភព​សិទ្ធ​នឹង​អ្នក​អង្កេត​បាន​បង្ហើប​ឱ្យ​ដឹង​ថា លទ្ធផល​នៃ​ការ​វិភាគ​ប្រអប់​ខ្មៅ​ទាំង​ពីរ បូកនឹង​​ព័ត៌មាន​ប្រមូល​បាន​នៅ​កន្លែង​ធ្លាក់​ អាច​នាំឱ្យ​គិត​ខ្លាំង​អំពី​ទង្វើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​។ សំឡេង​នៅ​ក្នុង​ប្រអប់​ខ្មៅ​ បាន​បង្ហាញអំពី​ភាព​រលូន​ធម្មតា នៅ​ក្នុង​បន្ទប់​អ្នក​បើក​បរ ​តែ​ដល់​នាទី​ទី ២៤ ស្រាប់​តែ​ប្រអប់​ខ្មៅ​ឈប់​ដើរភ្លាម​ភ្លែត។ ​ការ​គាំង​ភ្លិប​ ​ បូក​នឹង​រូបថត​បំណែក​យន្តហោះ បែក​ធ្លាយ​ពី​ក្នុង​ទៅ​ក្រៅ​​បែប​នេះ អាច​បញ្ជាក់​ថា​មាន​​ការ​ផ្ទុះ​សារធាតុ​គីមី មិន​មែន​ផ្ទុះ​ដោយ​អគ្គិភ័យ ឬ​ខុស​ប្រព័ន្ធ​បច្ចេកទេសទេ។

អង់គ្លេស បន្ទាប់មក​ប្រធានាធិបតី​អាមេរិក បារ៉ាក់អូបាម៉ា និង​រុស្ស៊ី​ សុទ្ធ​តែ​បាន​ទទួល​ស្គាល់​ដោយ​ចំហ​ថា​ ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​នេះ បណ្តាលមក​ពី​ការ​បំផ្ទុះ​​គ្រាប់​បែក និង​បាន​ផ្តើម​ជម្លៀស​ប្រជាពលរដ្ឋ​​ជា​ទេសចរ​ចេញ​ពី​ក្រុង​ឆាំអែលឆេក តាម​ជើង​ហោះហើរ​ពិសេស​ ព្រមទាំង​ប្រកាស​ផ្អាក​ការ​ហោះហើរ​មកពី​និង​សំដៅ​ទៅ​អេហ្ស៊ីប​ឬ​ទៅ​ស៊ីណៃ​សម្រាប់​អង់គ្លេស។  នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ រុស្ស៊ី បាន​បញ្ជូន​យន្តហោះ​ទទេ​ចំនួន ៤៤​គ្រឿង ទៅ​អេហ្ស៊ីប ទំនង​ដើម្បី​ដឹក​ទេសចរ​រុស្ស៊ី ជាង​៨​ម៉ឺន​នាក់​ត្រលប់​មក​ស្រុក​វិញ។

​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះនេះ មិន​ត្រឹម​តែ​ផ្តាច់​​​ជីវិត​មនុស្សអស់​២២៤​នាក់​ទេ តែ​ក៏​អាច​ជា​ការ​បាត់បង់​ដ៏​ធំ​សម្រាប់​អេហ្ស៊ីប​ ដែលស្ថិត​ក្នុង​អស្ថិរភាព​តាំង​ពី​របប​ម៉ូបារ៉ាក់​ដួល​រលំ​ទៅ និង​ដែល​​រស់​រំពឹង​ខ្លាំង​លើ​វិស័យ​ទេសចរណ៍។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ