អានតួអត្ថបទ
ស៊ីរី

សង្រ្គាម​ញាំញី​ស៊ីរី ឈាន​ចូល​ដល់​ឆ្នាំ ទី ៥

នៅថ្ងៃ​អាទិត្យ ទី ១៥ មីនានេះ សង្រ្គាម​ស៊ីវិល ផ្ទុះឡើង នៅ​ស៊ីរី មាន​អាយុ ៤​ឆ្នាំ គត់។ សង្រ្គាម​ស៊ីវិល​ស៊ីរី ដែល​ជា​ប្រភព​នៃ​ការកកើតឡើង ​អំណាច របស់​ពួកជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម បាន​សម្លាប់​មនុស្ស ច្រើនជាង ២​សែននាក់។ អង្គការ​មនុស្សធម៌​អន្តរជាតិ​បាន​យក​សប្តាហ៍​នេះ ដើម្បី​បរិហារ​អសមត្ថភាព របស់​មេដឹកនាំ​ក្នុង​ពិភពលោក ដើម្បី​បញ្ចប់​សង្រ្គាម នៅ​ស៊ីរី។ 

ការប្រយុទ្ធ​គ្នា​រវាង​ពួកជីហាត និង​ក្រុមគួដស៊ីរី នៅ​ភាគខាងជើង​ស៊ីរី នៅទីក្រុង​កូបាណេ
ការប្រយុទ្ធ​គ្នា​រវាង​ពួកជីហាត និង​ក្រុមគួដស៊ីរី នៅ​ភាគខាងជើង​ស៊ីរី នៅទីក្រុង​កូបាណេ REUTERS/Umit Bektas
ផ្សាយពាណិជ្ជកម្ម

កាលពី​៤ ​ឆ្នាំមុន គឺ​នៅថ្ងៃទី ១៥​មីនា ឆ្នាំ ២០១១ ដែល​ប្រជាជន​ស៊ីរី​បាន​ធ្វើ​បាតុកម្ម​អហិង្សា​​ដើម្បី ​ប្រឆាំង​នយោបាយ​ដឹកនាំ​របស់​រដ្ឋាភិបាល​លោក​បាស្ហា អាល់អាសាដ។ ការបង្រ្កាប​ដ៏​ហិង្សា​របស់​ទាហាន​រដ្ឋាភិបាល​ទៅលើ​បាតុករ បាន​រីករាលដាល​ទៅ​ជា​ការងើប​តស៊ូ​របស់​ចលនា​អ្នកប្រឆាំង​នឹង​រដ្ឋាភិបាល។ គឺ​តាំងពីពេលនោះ​ហើយ ដែល​ប្រទេស​ស៊ីរី​ធ្លាក់​ចូល​ទៅក្នុង​សង្រ្គាម​ស៊ីវិល និង​ការឈ្លានពាន​របស់​ក្រុមជីហាត នៃ​អង្គការ​រដ្ឋអ៊ីស្លាម​សព្វថ្ងៃនេះ។

 
ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​ដែល​កំពុង​កាន់កាប់​ទឹកដី​មួយ​ភាគធំ របស់​ប្រទេស​ស៊ីរី មានរូបរាង កកើត​ចេញ​ពី​គំនិត​ស្អប់​នយោបាយ​ផ្តាច់ការ​របស់​លោក​ប្រធានាធិបតី​បាស្ហា អាល់ អាសាដ។ យុវជន​នៅ​អឺរ៉ុប​ជាច្រើន ដែល​ទាក់ទាញ​ដោយ​រូបភាព​កាប់សម្លាប់​របស់​ទាហាន​រដ្ឋាភិបាល​បាន​ធ្វើដំណើរ​ទៅ​ចូលរួម​ក្នុង​ក្រុម​ប្រឆាំង​ស៊ីរី ដែល​មួយភាគធំ ដឹកនាំ ក្រុម​ជីហាត។ អ្នកជំនាញ​ជាច្រើន​ជឿថា ក្រុមជីហាត កាន់​តែ​រីក​មាឌ​ធំឡើង ដោយ​មក​ពី​ធ្លាប់​មាន​ជំនួយ ឧបត្ថម្ភ គាំទ្រ ពី​ដំបូង​ឡើយ ពី​ប្រទេស​នៅ​អារ៉ាប់ ដូចជា​អារ៉ាប៊ី សាអូឌីត​ជាដើម ​ដែល​ចង់​ឲ្យ​របប​លោក​បាស្ហា អាល់អាសាដ ដួលរលំ។ ប៉ុន្តែ ក្រុមជីហាត ចាប់ផ្តើម​ឡើងចាង និង​ប្រកាស​បង្កើត​រដ្ឋអ៊ីស្លាម បន្ទាប់ពី​បាន​វាយ​កាន់កាប់​តំបន់​មាន​ប្រេង សំខាន់ៗ របស់​ស៊ីរី និង​អ៊ីរ៉ាក់។ ទាំងអាមេរិក និង​ប្រទេស​អារ៉ាប់ នៅតំបន់​ដើម​បូព៌ា បាន​ចាត់ទុក​ក្រុមជីហាត នៃ​អង្គការ​រដ្ឋអ៊ីស្លាម ថា ជា​គ្រោះថ្នាក់​គម្រាមកំហែង សន្តិសុខ ពិភពលោក​ទាំងមូល។

នៅពេល​ដែល​គ្រប់គ្នា​ផ្តោត ចាប់អារម្មណ៍ តែ​ទៅលើ​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម របប​ផ្តាច់ការ​របស់​បាស្ហា អាល់ អាសាដ​សឹង​ត្រូវ​គេ​បំភ្លេច​ចោល។ សហគមន៍​អន្តរជាតិ​ហាក់ ធ្វើ​គ ធ្វើ​ថ្លង់ បើទោះបី​ជា​ទាហាន​ស៊ីរី បន្ត​វាយប្រហារ​ទៅលើ​ក្រុមប្រឆាំង​ស៊ីរី​នៅក្នុង​ប្រទេស​ក្តី។ ចាប់តាំង ពី​សង្រ្គាម​ស៊ីវិល​ផ្ទុះ នៅ​ស៊ីរី មនុស្ស​យ៉ាងតិច ២សែននាក់​បាន​ស្លាប់។ ប្រជាជន​ស៊ីរី​ជាង ៤​លាន​នាក់​បាន​រត់ចេញ​ពី ប្រទេស និង​ទៅជ្រកកោន ក្នុង​ជំរំភៀសខ្លួន ក្នុង​ប្រទេស​ជិតខាង ដូចជា​លីបង់​ជាដើម។ មន្រ្តី​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ខាងជនភៀសខ្លួន​កំពុង​បារម្ភ​ពី​វិបត្តិ​មនុស្សធម៌ និង​សង្គម​ស៊ីរី ព្រោះថា យុវជន​ស៊ីរី ប្រមាណ ២​លាន​នាក់ ដែល​មាន​អាយុ ក្រោម ១៨​ឆ្នាំ និង​ស្គាល់តែ​សង្រ្គាម នឹង​អាច​ក្លាយ​ជំនាន់​វង្វេងវង្វាន់​មួយ ដោយសារ​តែ​គ្មាន​ការសិក្សា​អប់រំ។

ក្រៅពីនោះ អង្គការ​អន្តរជាតិ​ខក​ចិត្ត​ផងដែរ​ទៅលើ​ថ្នាក់ដឹកនាំ​របស់​ប្រទេស​នៅក្នុង​ពិភពលោក ដែល​អសមត្ថភាព មិនអាច​បញ្ចប់​វិបត្តិ​នៅ​ស៊ីរី។ ចាប់តាំង​ពី​មាន​សង្រ្គាម​ផ្ទុះ​នៅ​ស៊ីរី អន្តរការី ពីរ​រូប​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ចរចា សន្តិភាព​នៅ​ស៊ីរី បាន​បោះបង់​ចោល​សមរភូមិ ដោយសារ​តែ​មិនអាច​បង្រួបបង្រួម ភាគី​ជម្លោះ។ ក្តីសង្ឃឹម​រក​សន្តិភាព សម្រាប់​ស៊ីរី មាន​តិចតួចណាស់ នោះ​បើទោះបី​ជា​ ទីក្រុង​ម៉ូស្គូ ​សម្ព័ន្ធមិត្ត​របស់​របបស៊ីរី មាន​គម្រោង​បង្កើត​ជំនួប​រវាង​ក្រុមប្រឆាំង​ស៊ីរី និង​រដ្ឋាភិបាល នៅ​ប្រទេស​រុស្ស៊ី នៅ​ខែ​មេសា​ក៏ដោយ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ