អានតួអត្ថបទ
ស៊ីរី

ប្រេសិតពិសេស​របស់ អ.ស.ប.៖លោកអាសាដ​ជា​តួអង្គ​មិន​អាច​ខ្វះ​បាន​សម្រាប់​ដំណោះស្រាយ​វិបត្តិ​ស៊ីរី

លោក​ស្តាវ៉ាន មីទូរ៉ា (Staffan Mistura) ប្រេសិតពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​ប្រទេស​ស៊ីរី​បាន​គូសបញ្ជាក់​នៅ​ថ្ងៃ​សុក្រ ទី១៤ កុម្ភៈ​ថា គេ​មិន​អាច​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​នយោបាយ​នៅ​ស៊ីរី​ដោយ​គ្មាន​វត្តមាន​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​បាន​ទេ។ លោក​មីទូរ៉ា​បាន​និយាយ​យ៉ាង​ដូច្នេះ បន្ទាប់​ពី​លោក​បាន​ទៅ​បំពេញ​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ប្រទេស​ស៊ីរី។ គួរ​រម្លឹក​ជូន​ថា វិបត្តិនយោបាយ​នៅ​ស៊ីរី​បាន​អូសបន្លាយ ៤ឆ្នំា​មក​ហើយ និង​ដែល​វិបត្តិ​ដ៏​រុំារ៉ៃ​មួយ​នេះ​បែរ​ជា​កំពុង​ធ្វើ​ឲ្យ​អង្គការ​រដ្ឋ​អ៊ីស្លាម​ទៅ​វិញ។

លោក Staffan Mistura ប្រេសិតពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​ប្រទេស​ស៊ីរី
លោក Staffan Mistura ប្រេសិតពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​ប្រទេស​ស៊ីរី REUTERS/Pierre Albouy
ផ្សាយពាណិជ្ជកម្ម

៤ឆ្នំា​ក្រោយ​ពី​ស៊ីរី​បាន​ធ្លាក់​ក្នុង​វិបត្តិនយោបាយ​ហែកហួរ​គ្នា​មក នេះ​ជា​លើកទី១ បង្អស់​ដែល​មាន​មន្រ្តី​អង្គការ​សហប្រជាជាតិ​ម្នាក់​បាន​ប្រកាស​ជា​សាធារណៈ និង​ដោយ​ចំហ​ថា គេ​មិន​អាច​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី​ដោយ​ទាត់​ចោល​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​បាន​ទេ។ បន្ទាប់​ពី​បាន​បំពេញ​ទស្សនកិច្ច​រយៈពេល ៤៨ម៉ោង​នៅ​ស៊ីរី​មក លោក​ស្តាវ៉ាន មីទូរ៉ា (Staffan Mistura) ប្រេសិតពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​ស៊ីរី​បាន​អះអាង​នៅ​ក្រោយ​ជំនួប​ជាមួយ​ប្រមុខការទូត​ប្រទេស​អូទ្រីស​ថា លោក​ប្រធានាធិបតី​អាសាដ​ត្រូវ​តែ​មាន​វត្តមាន​នៅ​ក្នុង​ដំណោះស្រាយ និង​ថា លោក​នឹង​បន្ត​ធ្វើការ និង​ជជែក​ជាមួយ​លោក​អាសាដ​ជា​បន្ត​ទៀត។ ការ​ថ្លែង​របស់​លោក​មីទូរ៉ា​ពេល​នេះ​បាន​ធ្វើ​ឡើង មុន​ពេល​ដែល​លោក​ត្រូវ​ផ្ញើ​របាយការណ៍​មួយ​ស្តីពី​ការ​បិទបញ្ចប់​សង្រ្គាមស៊ីវិល​នៅ​ស៊ីរី​ទៅ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ទី១៧ កុម្ភៈ​ខាង​មុខ។

ក្រៅ​ពី​បញ្ជាក់​ពី​វត្តមាន​ចំា​បាច់​មិន​អាច​ខ្វះ​បាន​របស់​លោក​អាសាដ​នៅ​ក្នុង​ដំណោះស្រាយ មន្រ្តី​អង្គការ​សហប្រជាជាតិ​រូប​នោះ​ក៏​បាន​លើក​ឡើង​ពី​ផ្លូវ​ដំណោះស្រាយ​តែ​មួយ​គត់​សម្រាប់​ស៊ីរី គឺ​ដំណោះស្រាយ​តាម​ផ្លូវ​នយោបាយ។ លោក​មីទូរ៉ា​បាន​យល់​ឃើញ​ថា បើ​គ្មាន​កិច្ចព្រមព្រៀង​នយោបាយ​បាយ​ទេ នោះ​ស្ថានការណ៍​អូសបន្លាយ​នៅ​ស៊ីរី​នឹង​ផ្តល់​ឱកាស​ច្រើន​ណាស់​ឲ្យ​អង្គការ​រដ្ឋអ៊ីស្លាម។ ចំណែក​ប្រមុខ​ការទូត​អូទ្រីស​បាន​បញ្ជាក់​ថា នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម គេ​អាច​រួមសហការណ៍​ជាមួយ​លោក​អាសាដ ទោះ​បី​ជា​លោក​អាសាដ​មិនមែន​ជា​មិត្ត ឬ​ជា​ដៃគូ​ក៏​ដោយ។

គួរ​ជម្រាប​ជូន​ថា លោក​ស្តាវ៉ាន មីទូរ៉ា (Staffan Mistura) ជា​ប្រេសិតពិសេស​ទី៣ របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​ស៊ីរី បន្ទាប់​ពី​លោក​កូហ្វី អាណាន់ និង​លោក​ឡាក់ដា ប្រាហ៊ីមី។ លោក​មីទូរ៉ា​បាន​ផ្តោត​សំខាន់​លើ​បទ​ឈប់បាញ់ ពោល​គឺ​ខុស​ពី​លោក​ប្រាហ៊ីមី​ដែល​បាន​ហៅ​រដ្ឋាភិបាល និង​ក្រុមប្រឆំាង​ឲ្យ​ជួបចរចា​គ្នា​នៅ​ក្រុង​ហ្ស៊ឺណែវ​កាល​ពី​ដើម​ឆ្នំា ២០១៤ តែ​ត្រូវ​បាន​ជាប់​គំាង​ដោយសារ​តែ​របប​ដាម៉ាស់​បដិសេធ​មិន​និយាយ​ពី​ជោគ​វាសនា​របស់​លោក​អាសាដ។ សំណើ​របស់​លោក​មីទូរ៉ា​ឲ្យ​បញ្ចូល​លោក​អាសាដ​នៅ​ក្នុង​ដំណោះស្រាយ​បាន​ផ្ទុយ​ទំាង​ស្រុង​នឹង​ឆន្ទៈ​របស់​សហគមន៍អន្តរជាតិ​ទូទៅ​ដែល​ចង់​កំចាត់​លោក​អាសាដ​ចេញ​ពី​ឆាក​នយោបាយ​ស៊ីរី។ ជា​ការ​រម្លឹក​ឡើង​វិញ សង្រ្គាមស៊ីវិល​នៅ​ស៊ីរី​ក្នុង​រយៈពេល ៤ឆ្នំា​កន្លង​ទៅ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ២២០ ០០០នាក់ របួស ១លាននាក់ និង​មាន​ជនភៀសខ្លួន ៤លាននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ