អានតួអត្ថបទ
ស៊ីរី-អ៊ីរ៉ាក់

កងទ័ព​អ៊ីរ៉ាក់​ប្រកាស​ថា​បាន​វាយប្រហារ​ទៅ​ក្បួន​រថយន្ត​មេដឹកនាំ​ជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម

យន្តហោះ​ចម្បាំង​របស់​កងទ័ព​អ៊ីរ៉ាក់ បាន​វាយប្រហារ​ទៅលើ​ក្បួន​រថយន្ត ដែល​មាន​ដឹក​អាប៊ូ បាក់ អាល់ បាក់ដាឌី មេដឹកនាំ​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ដែល​កំពុង​កាន់កាប់​ទឹកដី​មួយភាគ​ធំ ពី​ស៊ីរី ទៅ​អ៊ីរ៉ាក់។ គឺ​អង្គភាព​ព័ត៌មាន សង្រ្គាម​របស់​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​មហាផ្ទៃ​អ៊ីរ៉ាក់ ដែល​បានបញ្ចេញ​ព័ត៌មាននេះ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ 

អាប៊ូ បាក់ អាល់ បាក់ដាឌី​បាន​លេច​មុខ​ជា​លើក​ទី ១ នៅ​ខែ​កក្កដា ឆ្នាំ ២០១៤ បន្ទាប់​ពី​ស្វ័យប្រកាស​ជា​មេដឹកនាំ​កាលីហ្វា
អាប៊ូ បាក់ អាល់ បាក់ដាឌី​បាន​លេច​មុខ​ជា​លើក​ទី ១ នៅ​ខែ​កក្កដា ឆ្នាំ ២០១៤ បន្ទាប់​ពី​ស្វ័យប្រកាស​ជា​មេដឹកនាំ​កាលីហ្វា REUTERS/Social Media Website via Reuters TV
ផ្សាយពាណិជ្ជកម្ម

កងទ័ព​អ៊ីរ៉ាក់​បាន​ប្រកាស កាលពី​ថ្ងៃ​អាទិត្យ ថា ខ្លួន​បាន​ធ្វើ​ប្រតិបត្តិការ​ដ៏​វីរភាព​មួយ ដោយ​បាន​វាយប្រហារ​ទៅលើ​ក្បួន​រថយន្ត ដែល​មាន​ដឹក​មេដឹកនាំ ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​អាប៊ូ បាក់ អាល់ បាក់ដាឌី។ តាម​សេចក្តី ប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារ​ជាតិ​អ៊ីរ៉ាក់ យន្តហោះ​ចម្បាំង​របស់​កងទ័ព​​អ៊ីរ៉ាក់​បាញ់ សំដៅ​ក្បួន​រថយន្ត របស់​មេដឹកនាំ​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម ដែល កំពុង​តម្រង់ សំដៅ​ទៅ​ចូលរួម​ប្រជុំ​ជាមួយ​មេដឹកនាំ​យោធា​របស់​ក្រុមអង្គការ​រដ្ឋអ៊ីស្លាម នៅ​តំបន់​ការ៉ាប្លា ដែល​ស្ថិតនៅ​ប្រមាណ ៥​គីឡូម៉ែត្រ ពី​ព្រំដែន​ស៊ីរី។ អ្នកនាំពាក្យ​របស់​ក្រសួងមហាផ្ទៃ​អ៊ីរ៉ាក់​បាន​បញ្ជាក់​ថា ប្រតិបត្តិការ​ទ័ព​ជើងអាកាស​អ៊ីរ៉ាក់ វាយប្រហារ​ទៅលើ​ក្បួន​រថយន្ត​មេដឹកនាំ​ក្រុមជីហាត ធ្វើឡើង កាលពី​ថ្ងៃ​សៅរ៍។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​ព័ត៌មាន​សង្រ្គាម នៃក្រសួងការពារ​ជាតិ អ៊ីរ៉ាក់ មិន​បាន​បញ្ជាក់​ថា តើ​មេដឹកនាំ បាក់ដាឌី ស្លាប់ ឬ​រស់​នោះទេ។ គេ​គ្រាន់​តែ​និយាយថា អាល់ បាក់ដាឌី ត្រូវ​បាន​ដឹក​ក្នុង​រថយន្ត​មួយ នៅក្រោយ ការវាយប្រហារ​របស់​ទ័ព​អាកាស​អ៊ីរ៉ាក់។

នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ អាប៊ូ បាក់ អាល់ បាក់ដាឌី ដែល​បាន​ផ្តាច់ខ្លួន​ចេញ​ពី​ក្រុមអាល់កៃដា អ៊ីរ៉ាក់ នៅ​ឆ្នាំ២០១២ បាន​ឆ្លៀត​យក​សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី ដើម្បី បង្កើន​ឥទ្ធិពល និង​អំណាច​កាន់តែខ្លាំង គឺ​ខ្លាំង​ជាង​អូសាម៉ា បិនឡាដិន មេបណ្តាញ​អាល់កៃដា​នៅ​អាហ្វហ្កានីស្ថាន​ទៅទៀត។ អាប៊ូ បាក់ អាល់ បាក់ដាឌី ដែល​ដឹកនាំ​ក្រុមជីហាត នៃ​អង្គការ​រដ្ឋអ៊ីស្លាម រាប់ម៉ឺននាក់ ធ្វើ​សង្រ្គាម​នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់ បាន​ស្វ័យប្រកាស​ជា​មេដឹកនាំ​កាលីហ្វារ កាលពី​ខែ​មិថុនា ឆ្នាំ ២០១៤​កន្លងទៅ។

អាល់ បាក់ដាឌី ដែល​អាមេរិក​ផ្តល់​តម្លៃ​ក្បាល ១០​លាន​ដុល្លារ ធ្លាប់​ត្រូវ​បាន​គេ​ប្រកាស​ស្លាប់​ជាច្រើន​ដង​មកហើយ។ កាលពី​ខែ​មេសា​កន្លងទៅ កងទ័ព​អ៊ីរ៉ាក់​ដដែល ធ្លាប់​អះអាង មេដឹកនាំ​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម បាន​ស្លាប់ ឬរបួស នៅក្នុង​ការវាយប្រហារ​របស់​យន្តហោះ​ចម្បាំង​អ៊ីរ៉ាក់។ ប៉ុន្តែ មួយខែ​ក្រោយមក សំឡេង របស់​អាប៊ូ បាក់ អាល់ បាក់ដាឌី​ត្រូវ​បាន​ក្រុមជីហាត បញ្ចេញ​ផ្សព្វផ្សាយ ដើម្បី​បំបាត់​ចោល​ទៅវិញ​ពាក្យ​ចចាមអារ៉ាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ