អានតួអត្ថបទ
អេហ្ស៊ីប-សម្ព័ន្ធអារ៉ាប់

សម្ព័ន្ធអារ៉ាប់​បើក​ជំនួបកំពូល​នៅ​អេហ្ស៊ីប ចំពេល​ដែល​អារ៉ាប៊ីសាអូឌីត​វាយប្រហារ​ពួកហ៊ូទី្ស​នៅ​យេម៉ែន

សម្ព័ន្ធអារ៉ាប់​បាន​ផ្តើម​បើក​ជំនួបកំពូល​រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ទីក្រុង​ស្ហារម៉ែល ឆែក (CHARM EL-CHEIKH) ប្រទេស​អេសហ្ស៊ីប​ដោយ​ចាប់​ផ្តើម​នៅ​ថ្ងៃ​សៅរ៍ ទី២៨ មីនា​នេះ។ ជំនួបកំពូល​របស់​សម្ព័ន្ធអារ៉ាប់​ពេល​នេះ​បាន​រៀបចំ​ធ្វើ​ឡើង ចំ​ពេល​ដែល​កម្លំាងសម្ព័ន្ធមិត្ត​អារ៉ាប់​ដឹក​នំា​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​កំពុង​វាយប្រហារ​តាម​ផ្លូវអាកាស​លើ​ពួក​ឧទ្ទាម​ហ៊ូទី្ស​និកាយ​ឈីអ៊ីត​នៅ​ក្នុង​ប្រទេស​យេម៉ែន។ មាន​ប្រធានបទ​ជា​ច្រើន​ដែល​ជំនួបកំពូល​ត្រូវ​លើក​យក​ទៅ​ជជែក ពិសេស​គម្រោង​បង្កើត​កម្លំាង​ពហុជាតិ​អារ៉ាប់​មួយ​នៅ​ក្នុង​តំបន់។

ស្តេច​ប្រទេសកាតា​កំពុង​សន្ទនា​ជាមួយប្រធានាធិបតី​អេហ្ស៊ីប​​នា​ឱកាស​ជំនួបកំពូល​សម្ព័ន្ធអារ៉ាប់​ក្នុង​ប្រទេស​អេហ្ស៊ីប
ស្តេច​ប្រទេសកាតា​កំពុង​សន្ទនា​ជាមួយប្រធានាធិបតី​អេហ្ស៊ីប​​នា​ឱកាស​ជំនួបកំពូល​សម្ព័ន្ធអារ៉ាប់​ក្នុង​ប្រទេស​អេហ្ស៊ីប Reuters
ផ្សាយពាណិជ្ជកម្ម

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​កម្លំាងពុហជាតិអារ៉ាប់​នឹង​អាច​បង្កើត​បាន ឬ​អត់ និង​ថា បើ​បង្កើត​បាន តើ​វា​នឹង​មាន​រចនាសម្ព័ន្ធ​យ៉ាង​ណា​នោះ​ទេ។ អ្វី​ដែល​គេ​ដឹង ការ​បង្កើត​ឲ្យ​មាន​កម្លំាង​ពហុជាតិ​អារ៉ាប់​មួយ​នៅ​ក្នុង​តំបន់ គឺ​ជា​សំណើ​ទាមទារ​យ៉ាង​ទទូច​របស់​លោក​ប្រធានាធិបតី​អេហ្ស៊ីប​អាប់ដែល ហ្វាតា អាល់ស៊ីស៊ី​តំាង​ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​មក។ បើ​យោង​តាម​សំណើ​របស់​អេហ្ស៊ីប កម្លំាង​ពហុជាតិអារ៉ាប់​នឹង​ត្រូវ​ចូល​រួម​ដោយ​ប្រទេស​សមាជិក​សម្ព័ន្ធអារ៉ាប់​ទំាង​អស់ និង​មាន​តួនាទី​ចេញ​ធ្វើ​អន្តរាគមន៍​យោធា​រហ័ស​ដើម្បី​ប្រឈម​ទប់​រាល់​ការ​គំរាមកំហែង​លើ​បណ្តា​ប្រទេស​អារ៉ាប់​ក្នុង​តំបន់។

អ្វី​ដែល​លោក​ប្រមុខរដ្ឋ​អេហ្ស៊ីប​បារម្ភ​ខ្លំាង គឺ​ការ​គំរាមកំហែង​ពី​ចលនា​ភេរវនិយម ពិសេស​ពី​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​​ក្នុង​ប្រទេស​ស៊ីរី ឬ​អ៊ីរ៉ាក់ និង​ដែល​ពួកជ្រុលនិយម​នេះ​បាន និង​កំពុង​បន្ត​ឆ្លង​វាតទី​ចូល​ក្នុង​ប្រទេស​លីប៊ី និង​តំបន់​ស៊ីណៃ​ក្នុង​ប្រទេស​អេហ្ស៊ីប។ ទន្ទឹម​នឹង​ការ​ប្រឈម​ទប់​នឹង​ពួក​ជ្រុលនិយម​និកាយ​ស៊ុយនីត កម្មវត្ថុ​ចម្បង​នៃ​ការ​បង្កើត​កម្លំាង​ពហុជាតិ​អារ៉ាប់​ក៏​ជា​វិធានការ​បង្ការ​ទប់​នឹង​ការ​ពង្រីក​ឥទ្ធិពល​របស់​អ៊ីរ៉ង់​និកាយ​ឈីអ៊ីត​នៅ​ក្នុង​តំបន់​ដែរ។ គួរ​ជម្រាប​ជូន​ថា អេហ្ស៊ីប​ជា​ប្រទេស​អារ៉ាប់​មួយ​ក្នុង​តំបន់​ដែល​កងទ័ព​មាន​បំពាក់​អាវុធ​ទំនើបៗ និង​មាន​ចំនួន​ទ័ព​ច្រើន​ជាង​គេ។

ក្រៅ​ពី​ជជែក​ជុំវិញ​គម្រោង​បង្កើត​កម្លំាងពហុជាតិ​អារ៉ាប់ ជំនួបកំពូល​របស់​សម្ព័ន្ធអារ៉ាប់​ក៏​ផ្តោត​លើ​សំណុំរឿង​សំខាន់​មួយ​ចំនួន​ទៀត ដូច​ជា​ជម្លោះ​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល ព្រម​ទំាង​កំណើន​ឥទ្ធិពល​របស់​អង្គការ​រដ្ឋអ៊ីស្លាម។ ជា​ការ​កត់សម្គាល់ ជំនួបកំពូល​របស់​សម្ព័ន្ធអារ៉ាប់​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ប្រទេស​អារ៉ាប៊ីសាអូឌីត​កំពុង​ដឹក​នំា​កម្លំាង​សម្ព័ន្ធអារ៉ាប់​វាយប្រហារ​តាម​ផ្លូវអាកាស​លើ​ពួក​ឧទ្ទាម​ហ៊ូទី្ស​និកាយ​ឈីអ៊ីត​ក្នុង​ប្រទេស​យេម៉ែន។ កម្លំាង​សម្ព័ន្ធអារ៉ាប់​ដែល​ចូល​រួម​ដោយ​៥ប្រទេស​ក្នុង​តំបន់​ឈូងសមុទ្រ​ពែរ្ស បូក​នឹង​ប្រទេស​អេហ្ស៊ីប។ អេហ្ស៊ីប​ដែល​បាន​ប្រកាស​ឲ្យ​ដឹង​ថា បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​បញ្ជូន​ទ័ព​ថ្មើរជើង​ទៅ​យេម៉ែន បើ​ចំា​បាច់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ