អានតួអត្ថបទ
រុស្ស៊ី

ម៉ូស្គូ​អំពាវនាវ​សម្ព័ន្ធ​ប្រឆាំង​ក្រុម​ភេរវនិយម​ជីហាត ឲ្យ​សហការ​ជាមួយ​ក្រុង​ដាម៉ាស

ម៉ូស្គូ​បាន​អំពាវនាវ សម្ព័ន្ធអន្តរជាតិ ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ឲ្យ សហការ ជាមួយ​រដ្ឋាភិបាល​ស៊ីរី​ទៅ ទើប​សម្របសម្រួល​កម្លាំង​គ្នា បាន​គ្រាន់​បើ​ជាង សម្រាប់ វាយប្រហារ ទៅ​លើ ក្រុម​ភេរវនិយម​ជីហាត នៃ​អង្គការ​រដ្ឋអ៊ីស្លាម។ ការ​អំពាវនាវ​នេះ ត្រូវ​បាន​ធ្វើ​ឡើង នា​រសៀល​ថ្ងៃ១១​កញ្ញា​ម្សិលមិញ ដោយ​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ក្នុង​សន្និសីទកាសែត នៅ​ឯ​ក្រសួង​ការបរទេស​រុស្ស៊ី ដោយ​រួម​ជាមួយ សមភាគី​ម៉ុងហ្គោលី។

លោក​ប្រមុខ​ការទូត​រុស្ស៊ី ស៊ែរហ្គៃ ឡាវ៉្រូវ
លោក​ប្រមុខ​ការទូត​រុស្ស៊ី ស៊ែរហ្គៃ ឡាវ៉្រូវ REUTERS/Ria Novosti
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ក្នុង​សន្និសីទកាសែត​នោះ លោក​ប្រមុខ​ការទូតរុស្ស៊ី ស៊ែរហ្គៃ ឡាវ៉្រូវ លើក​ឡើង ជាអាទ៍​ថា ទោះ​យឺត​ពេល​ក្តី ក៏​នៅ​មិន​ទាន់​ហួស​ពេល​ទេ ម៉្លោះ​ហើយ​បាន​ជា​យើង សូម​អំពារនាវ ម្តង​ទៀត​ទៅ​កាន់​បណ្តា​ប្រទេស​ក្នុង​សម្ព័ន្ធ​នោះ ឲ្យ​សហការ​ជាមួយ​រដ្ឋាភិបាល​ស៊ីរី និង ជាមួយ កងទ័ព​ស៊ីរី​ទៅ ដ្បិត​ទ័ព​ជើងគោក​ស៊ីរី ល្បី​ដោយ​ប្រសិទ្ធិភាព​និង​ភាព​ខ្លាំងពូកែ​របស់​ខ្លួន ខាង ច្បាំង ទល់​នឹង អង្គការ​ភេរវនិយម​នៃ​អង្គការ​រដ្ឋអ៊ីស្លាម។ លោកឡាវ៉្រូវ សង្កត់ធ្ងន់​ថា បំណង​របស់​រុស្ស៊ី គឺ​ចង់​ឲ្យ ការ​ប្រយុទ្ធ​ទល់​នឹង អង្គការ​រដ្ឋអ៊ីស្លាម មាន​ទម្រង់ ការងារ​ជា​ក្រុម​ប្រព្រឹត្ត​ទៅ សមស្រប​នឹង​បទដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ។

ដោយ​ធ្វើ​សេចក្តី​ថ្លែងការណ៍​នេះ លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ក៏ អំពាវនាវ ក្រុង​វ៉ាស៊ីនតោន ឲ្យ​ស្តារ​ឡើង​វិញ​ទៅ ខ្សែរយៈ​គមនាគមន៍ ជាមួយ​ក្រុង​ម៉ូស្គូ។ តាម​ដែល​គាត់​លំអិត ការ​នេះ សំខាន់​ណាស់ ដើម្បី​បញ្ជៀស កុំ​ឲ្យ​កើត​ឡើង​ជា ឧប្បត្តិហេតុ​អចេតនា។ អ្នក​ការទូតកំពូល​នេះ​របស់​រុស្ស៊ី បាន​អះអាង​ជា​ថ្មី​ថា ប្រទេស​រុស្ស៊ី​នឹង​បន្ត​ផ្តល់​បរិក្ខារ​ណា ដែល​ត្រូវ​ការ​ជា​ចាំ​បាច់ សម្រាប់​រដ្ឋាភិបាល​ស៊ីរី ការពារ​ខ្លួន ទល់ នឹង ការ​គំរាម​ភេរវនិយម។

ថ្ងៃ​ព្រហស្បតិ៍ ទី១០​កញ្ញា លោកឡាវ៉្រូវបាន​បដិសេធ​ច្រានចោល ការ​ចោទ​ប្រកាន់​ពី​ខាង​ស.រ.អា. ដែល​ថា​រុស្ស៊ី បង្កើន​វត្តមាន​យោធា​ស្អី​ណា​នៅ​ស៊ីរី និង ពេល​ថ្មីៗ​ថែម​ទាំង​បាន​ពង្រាយ សម្ភារៈ យោធា​និង​ពួក​ទាហាន នៅ​ជិត​ក្រុង Lattaquié ដែល​ជា ដែនអំណាច​របស់​លោក​ប្រធានាធិបតី បាស្ហារ អាល អាសាដទៅ​ផង។ ប៉ុន្តែ លោក​ប្រមុខ​ការទូត​រុស្ស៊ី​នោះ បាន​សារភាព​ទទួល​ស្គាល់​ជា​លើកទី១​ថា យន្តហោះ​រុស្ស៊ី ដែល​ហោះ​ទៅ​ស៊ីរី​បាន​ដឹក​ទៅ មិន​គ្រាន់​តែ​ជំនួយ​មនុស្សធម៌​ប៉ុណ្ណោះ​ទេ តែ​ក៏​ទាំង​បរិក្ខារយោធា ស្របនឹង កិច្ចសន្យា​ដែល​មាន​ចុះ ជាមួយ​ក្រុង​ដាម៉ាស។

ស.រ.អា. បារម្ភ​ខ្លាច​ក្រែង យន្តហោះ​ទាំង​នោះ​ដើរ​តួ​ជា​ស្ពាន ដឹក​សម្ភារៈនិង​ទ័ព​រុស្ស៊ី​ទៅ​បង្កើត ជា​មូលដ្ឋាន​កងអាកាស​ឈានមុខ​នៅ​ស៊ីរី សម្រាប់​គាំទ្រ របប​គ្រប់គ្រង​ក្រុងដាម៉ាស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ