អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Robredo ប្រកាសដើរចេញពីរដ្ឋាភិបាល
ថ្ងៃអាទិត្យនេះ អនុប្រធានាធិបតីហ្វីលីពីន លោកស្រី ឡេនី រ៉ូប្រេដូ Leni Robredo បានប្រកាសថា លោកស្រីនឹងលាលែងពីតំណែងរដ្ឋមន្ត្រីទទួលបន្ទុកលំនៅដ្ឋាន ដោយសារតែលោកស្រីមិនត្រូវគ្នា ជាមួយប្រធានាធិបតីឌុយទែរតេ។ ដំបូងសារព័ត៌មាន AFPប្រាប់ថា លោកស្រីលាតំណែងរដ្ឋមន្ត្រី តែបដិសេធនឹងចុះពីតំណែងអនុប្រធានាធិបតី តែក្រោយមក ក៏ប្រាប់ថា លោកស្រីសម្រេចលាតំណែងអនុប្រធានាធិបតីវិញ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អនុប្រធានាធិបតីហ្វីលីពីន Leni Robredo និងប្រធានាធិបតីឌុយទែរតេ កាន់តែមិនចុះ សម្រុងគ្នា ពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើអោយអនុប្រធានាធិបតីសម្រេចចិត្តដើរចេញពីរដ្ឋាភិបាល។
ថ្ងៃអាទិត្យម្សិលមិញ អនុប្រធានាធិបតី លោកស្រីរ៉ូប្រេដូ ប្រាប់ថា លោកស្រីសម្រេចចិត្តដូច្នេះ ដោយសារតែ រដ្ឋមន្ត្រីមួយរូប គឺលោកជុន អេវ៉ាស្កូ បានផ្ញើសារSMS ប្រាប់លោកស្រីថា លោកឌុយទែរតេមិនចង់អោយលោកស្រីចូលរួមគណៈរដ្ឋមន្ត្រីទៀតទេ ចាប់ពីថ្ងៃចន្ទទី៥ធ្នូនេះទៅ។ ហេតុនេះហើយ ទើបលោកស្រីសម្រេចថា លាលែងពីតំណែងតែម្តងទៅ។
យោងតាមលោកស្រីរ៉ូប្រេដូ គេកំពុងឃុបខិតគ្នាធ្វើអោយលោកស្រីចេញពីតំណែងអនុប្រធានាធិបតីហ្វីលីពីន។ ហើយការដែលលោកស្រីត្រូវគេបដិសេធវត្តមាននៅគណៈរដ្ឋមន្ត្រីពេលនេះ គូសបញ្ជាក់ច្បាស់ពីការឃុបខិតនេះ។
លោកស្រី រ៉ូប្រេដូ អាយុ៥២ឆ្នាំ ជាអតីតមេធាវី និងសកម្មជនការពារសិទ្ធិសង្គម។ លោកស្រីជាអ្នកនៅខាងក្រុមនយោបាយរបស់អតីតប្រធានាធិបតី អាគីណូ។ លោកស្រីត្រូវបានជាប់ឆ្នោត ជាអនុប្រធានាធិបតី កាលពីខែឧសភា ដើមឆ្នាំ ឈ្នះលើលោក បុងបុង ម៉ាកកូស ដែលជាកូនប្រុសរបស់អតីតមេដឹកនាំម៉ាកកូស។ លោកស្រីរ៉ូប្រេដូប្រាប់ថា កាលពីមុន លោកស្រីធ្លាប់គិតថា លោកស្រីអាចត្រូវគ្នាជាមួយប្រធានាធិបតីឌុយទែរតេ ក្នុងយុទ្ធនាការកាត់បន្ថយភាពក្រីក្រក្នុងស្រុក។
រដ្ឋមន្ត្រី ជុន អេវ៉ាស្កូ បានប្រាប់ថា អនុប្រធានាធិបតីរ៉ូប្រេដូ និងលោកឌុយទែរតេ ពិតជាមិនត្រូវគ្នាមែន។ រឿងមិនចុះសម្រុងគ្នាមានជាប់ពាក់ព័ន្ធនឹងវិធីដែលត្រូវប្រើប្រឆាំងនឹងឧក្រិដ្ឋជនគ្រឿងញៀន ពាក់ព័ន្ធនឹងការដែលលោកឌុយទែរតេ ចង់រៀបចំទោសប្រហារជីវិត រឺពាក្យពេចន៍មិនសមរម្យរបស់លោកឌុយទែរតេទៅលើលោកស្រីរ៉ូប្រេដូជាដើម។
គេចាំមើលថា តើថ្ងៃច័ន្ទ៥ធ្នូនេះ លោកឌុយទែរតេ ព្រមអោយលោកស្រីរ៉ូប្រេដូ លាលែងតំណែងដែររឺទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ