កូរ៉េខាងជើងបរាជ័យលើការសាកល្បងមីស៊ីល ខណៈភាពតានតឹងកើនឡើង
ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងទទួលបរាជ័យនៅថ្ងៃ អាទិត្យនេះ។ នេះបើតាមកងទ័ពអាមេរិក។ ការបាញ់សាកល្បងនេះ ធ្វើឡើងមួយថ្ងៃក្រោយពីក្រុងព្យុងយ៉ាងបានបង្អួតមីស៊ីលរបស់ខ្លួន ជាច្រើនប្រភេទ នៅក្នុងក្បួនព្យុហយាត្រាមួយ កាលពីថ្ងៃសៅរ៍ម្សិលមិញ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៤២
ការបរាជ័យនេះ ត្រូវបានគេមើលឃើញថាជាភាពអាម៉ាស់មួយរបស់របបដឹកនាំកូរ៉េខាងជើង ចំពេលដែលភាពតានតឹងក្នុងឧបទ្វីបកូរ៉េខាងកើនឡើង លើមហិច្ឆតាអាវុធនុយក្លេអ៊ែររបស់ប្រទេសកុម្មុយនិស្តមួយនេះ។
ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា មីស៊ីលត្រូវបានបាញ់ឡើងភ្លាមៗនៅថ្ងៃអាទិត្យនេះ។ សកម្មភាពនៃការបាញ់សាកល្បងនេះ ក៏ត្រូវបានកូរ៉េខាងត្បូងចាប់សញ្ញាបានផងដែរ។ ប៉ុន្តែក្រុមជំនាញរបស់កូរ៉េខាងត្បូង និងអាមេរិកមិនអាចកំណត់បានពីអត្តសញ្ញាណនៃប្រភេទមីស៊ីលនេះទេ។ ការសាកល្បងធ្វើឡើងនាព្រឹកព្រលឹមពីតំបន់ Sinpo ជាតំបន់មួយ ស្ថិតនៅលើឆ្នេរសមុទ្រភាគខាងកើតកូរ៉េខាងជើង ហើយក៏ជាកន្លែងមួយសម្រាប់ផលិតនាវារបស់ប្រទេសនេះដែរ។
ការបាញ់សាកល្បងកើតឡើងមួយថ្ងៃ បន្ទាប់ពីក្រុងព្យុងយ៉ាងបានដាក់បង្ហាញជាសាធារណៈនូវគ្រាប់មីស៊ីលប្រមាណ៦០គ្រាប់ រួមបញ្ចូលទាំងប្រភេទមីស៊ីលអន្តរទ្វីប ដែលអាចបាញ់ឆ្លងទ្វីបបាន។ ការដាក់បង្ហាញមីស៊ីលនេះ ធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៥មេសា ក្នុងព្យុហយាត្រាយោធាដ៏ធំមួយ ដើម្បីរំលឹកខួបកំណើត១០៥ឆ្នាំរបស់លោកគីម អ៊ីលស៊ុង ជាបីតាស្ថាបនិកកូរ៉េខាងជើង។
ព្រឹត្តិការណ៍ព្យុហយាត្រាដ៏សម្បើមរបស់កូរ៉េខាងជើង ដើម្បីបង្ហាញសាច់ដុំនេះ ធ្វើឡើងនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើន។ ខណៈដែលក្រុមអ្នកកាសែតអន្តរជាតិមិនទាន់ចាកចេញផុត ពីទីក្រុងព្យុងយ៉ាងផងនោះ ស្រាប់តែការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងបានបរាជ័យនៅក្នុងថ្ងៃទី១៦ ខែមេសានេះ។
ការទទួលបរាជ័យយ៉ាងអាម៉ាស់របស់កូរ៉េខាងជើងនេះ ក៏កើតឡើងមុនពេលប៉ុន្មានម៉ោង ដែលអនុប្រធានាធិបតីអាមេរិកលោក Mike Pence ធ្វើដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង។ ក្នុងដំណើរទស្សនកិច្ចនោះលោក Mike Pence នឹងលើកយកបញ្ហាកម្មវិធីអាវុធរបស់កូរ៉េខាងជើងមកជជែកពិភាក្សាជាមួយកូរ៉េខាងត្បូង។
ជាការកត់សម្គាល់កូរ៉េជើងតែងតែធ្វើការសាកល្បងអាវុធរបស់ខ្លួន ដើម្បីរំលឹកខួបអ្វីមួយ ដែលមេដឹកនាំប្រទេសនេះ ចាត់ទុកថាជាថ្ងៃសំខាន់ ហើយភាគច្រើនការសាកល្បងនេះ ក៏ធ្វើឡើងចំពេល ដែលមានដំណើរទស្សនកិច្ចរបស់មន្ត្រីសំខាន់ៗនៃរដ្ឋាភិបាលអាមេរិក ក្នុងតំបន់ដែរ។
សូមបញ្ជាក់ថាកាលពីខែសីហា ឆ្នាំមុន នាវាមុជទឹករបស់កូរ៉េខាងជើងធ្លាប់បានសាកល្បងមីស៊ីលបាលីស្ទីកក្នុងតំបន់ Sinpo ដោយបាញ់បានចម្ងាយប្រមាណ៥០០គីឡូម៉ែត្រ ឆ្ពោះទៅកាន់ប្រទេសជប៉ុន។ នៅពេលនោះមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានចាត់ទុកថានេះ គឺជាការសាកល្បងដ៏ជោគជ័យមួយរបស់កូរ៉េខាងជើង។
ទោះបីជាមិនបានសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួននៅថ្ងៃនេះក្តី ប៉ុន្តែទីតាំងសាកល្បងអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ ត្រូវបានក្រុមជំនាញអាមេរិកបញ្ជាក់ថាបានត្រៀមរួចរាល់ជាស្រេច។ កូរ៉េខាងជើងបញ្ជាក់ថាបានត្រៀមខ្លួនរួចជាស្រេចដែរ ដើម្បីធ្វើសង្រ្គាមជាមួយនឹងអាមេរិក ខណៈដែលកងទ័ពកូរ៉េខាងជើងបានលើកឡើងដែរថាពួកគេនឹងឆ្លើយតប គ្មានមេត្តា ចំពោះការបង្កហេតុណាមួយរបស់សហរដ្ឋអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ