អានតួអត្ថបទ
អ៊ីរ៉ាក់

មេក្រុ​មជីហាត​​រដ្ឋអ៊ីស្លាម​​អំពាវនាវ​​អោយ​​សកម្មជន​​ជីហាត​ប្រឹង​​​រក្សា​ទីក្រុង​​​មូស៊ូល​ មិនអោយ​របូត​​

មេអង្គការ​​​​​ជីហាត​រដ្ឋអ៊ីស្លាម ​អាប៊ូ បាកា អាល់ បាក់ដាតឌី បាន​អំពាវនាវអោយ​ទាហាន​ជីហាតប្រឹង​​រក្សាក្រុង​មូស៊ូល កុំអោយ​របូត​ទៅក្នុង​ដៃ​កងទ័ព​អ៊ីរ៉ាក់។ សម្លេង​របស់​អាល់ បាក់ដាតឌី ត្រូវបាន​ចុះផ្សាយ​ដោយ ​សារព័ត៌មាន​ អាល់ ហ្វៀរកាន់ Al-Furqan ជាសារព័ត៌មាន​​មានទំនាក់ទំនង​ជាមួយ​ក្រុមជិហាត​រដ្ឋអ៊ីស្លាម។

មេក្រុម​ជីហាត​រដ្ឋអ៊ីស្លាម ​Abou Bakr al-Baghdadi លេចមុខ​ជា​សាធារណៈ លើកដំបូង ខែ​កក្កដា ​ឆ្នាំ២០១៤
មេក្រុម​ជីហាត​រដ្ឋអ៊ីស្លាម ​Abou Bakr al-Baghdadi លេចមុខ​ជា​សាធារណៈ លើកដំបូង ខែ​កក្កដា ​ឆ្នាំ២០១៤ REUTERS/Social Media Website via Reuters TV
ផ្សាយពាណិជ្ជកម្ម

“រក្សា​ទីតាំង​​​ដោយ​កិត្តិយស គឺងាយស្រួល​ជាងព្រម​​​ចុះចាញ់​ដោយភាព​​អាម៉ាស គឺ​ងាយជាង​ក្នុង​​កម្រិត​ដល់ទៅ​១០០០​ដង​​​ទៅទៀត” ​នេះជា​​សារសម្លេង​របស់​​មេក្រុម​ជីហាត​រដ្ឋអ៊ីស្លាម អាប៊ូ បាកា អាល់ បាក់ដាតឌី ជាសារសម្លេង​អំពាវនាវ​អោយ​សកម្មជន​ជីហាតមិនចុះចាញ់​ការប្រយុទ្ធ និង​ត្រូវ​​ប្រឹង​រក្សា​ក្រុងមូស៊ូល កុំអោយ​ធ្លាក់​ក្នុងដៃ​ទាហាន​អ៊ីរ៉ាក់។

គឺនៅ​ក្រុង​មូស៊ូល​នេះហើយ ដែល​​​​មេក្រុម​ជីហាតរដ្ឋអ៊ីស្លាម អាល់ បាក់ដាតឌី​ ​បាន​ប្រកាស​បង្កើត​​ដែនដី​ក្រុមជីហាត​រដ្ឋអ៊ីស្លាមឡើង​ កាលពី​ខែ​មិថុនា ​ឆ្នាំ២០១៤ ជា​ដែនដី​ដែល​ក្រុម​ជីហាត​វាយបាន​​នៅ​ស៊ីរី និង​អ៊ីរ៉ាក់។ ​​​ សកម្មជន​ក្រុម​​​រដ្ឋអ៊ីស្លាម​ដែល​កំពុង​នៅមូស៊ូល សព្វថ្ងៃ​ ​មាន​ចំនួន​ប្រហែល​​៣០០០​ទៅ​៥០០០នាក់។ ​​

ក្នុង​សារអំពាវនាវនេះ អាប៊ូ បាកា អាល់បាក់ដាតឌី ក៏បានចោទ​អ្នកនយោបាយ​អ៊ីរ៉ាក់​ថានិកាយ​ស៊ុននីត ថា​ជា​ជនក្បត់​ផងដែរ។ ដោយឡែក ​​មេក្រុមជីហាត​រដ្ឋអ៊ីស្លាម បាន​​​​ជំរុញ​អោយ​កូនទាហាន​ជីហាតអោយ​​​វាយ​ប្រហារ​​អារ៉ាប៊ីសាអូឌីត និង​តួកគី។ ទាហាន​​តួកគី​កំពុង​បោះទីតាំង​​នៅ​មូលដ្ឋាន​មួយ​កន្លែង​​ក្បែរ​ក្រុងមូស៊ូល។

ក្រោម​ជំនួយ​ពី​កងទ័ព​សម្ព័ន្ធមិត្ត កងទ័ព​អ៊ីរ៉ាក់​ពេលនេះ កំពុង​ស្ថិត​នៅ​តំបន់ភាគ​ខាងកើត​ជុំវិញ​ក្រុងមូស៊ូល។ តាំងពី​កងទ័ព​អ៊ីរ៉ាក់ប្រកាស​​​បើក​ប្រតិបត្តិការ​វាយក្រុង​មូស៊ូល ថ្ងៃ​១៧​តុលា​មក ​ប្រជាជន​២ម៉ឺន​នាក់ បាន​នាំគ្នា​ភៀសខ្លួន។

អង្គការ​សហប្រជាជាតិ​កំពុង​បារម្ភ​ពី​​​សន្តិសុខ​ជនស៊ីវិល ២ម៉ឺន៥ពាន់​​នាក់ នៅ​ក្រុងហាម៉ាម អាល់ អាលីល ភាគខាងត្បូង​​ក្រុងមូស៊ូល។ ​កាលពី​ថ្ងៃអង្គារ​ អង្គការ​សហប្រជាជាតិ​ប្រាប់ថា ក្រុមភេរវជន​បាន​ព្យាយាម​​ដឹក​ជនស៊ីវិល​ទាំងនេះ តាម​កាំម្ញ៉ុង និង​រថយន្ត​ជាច្រើនគ្រឿង ​ឆ្ពោះ​​ទៅ​ជីត​ទីក្រុង។ អង្គការ​សហប្រជាជាតិ​បារម្ភ​ថា ក្រុមភេរវជន​រដ្ឋអ៊ីស្លាម អាច​នឹងប្រើ​ប្រជាជន​ទាំងនេះ ធ្វើជា​ខែល​​ការពារ​ ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​កងទ័ព​អ៊ីរ៉ាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ