អានតួអត្ថបទ
អាមេរិក

លោក​អូបាម៉ា​ពិនិត្យ​កន្លែង​រងគ្រោះ​ដោយ​ព្យុះ Sandy ខណៈ​លោករ៉ូមនី​ជួប​អ្នកគាំទ្រ

លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បាន​ទៅដល់​រដ្ឋ New Jersey​ តាម​ការ​គ្រោងទុក​ ដើម្បី​ត្រួតពិនិត្យ​និង​វាយតម្លៃ​ការ​ខូចខាត​ដោយ​សារព្យុះ​សង្ឃរា Sandy នៅ​ទីនោះ។ បើទោះជាមិន​បាន​ជួប​អ្នកគាំទ្រ​របស់​ខ្លួន​ដូច​គូប្រជែង​របស់លោក គឺ​លោក​ មីត រ៉ូមនី​ ក៏ដោយ លោក​ ​អូបាម៉ា​បាន​ឆ្លៀត​បង្ហាញ​ការ​ប្រើប្រាស់​តួនាទីផ្លូវការ​របស់​របស់​លោក​ជា​ប្រធានាធិបតី ​ដើម្បី​ដាក់​បញ្ជា​អោយ​អាជ្ញាធរ​ មិន​អោយមានការ​​យឺតយ៉ាវ និង​មាន​ការិយាធិបតេយ្យ​ក្នុង​ការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ឡើយ។ លោក​អូបាម៉ា​មាន​គម្រោង​ត្រឡប់​ចូលមក​ក្នុង​ការ​ឃោសនា​បោះឆ្នោត​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក​អូបាម៉ា ពេល​ចុះទៅ​ជួប​ជនរងគ្រោះ​ដោយ​ព្យុះ Sandy នៅ​រដ្ឋ New Jersey
លោក​អូបាម៉ា ពេល​ចុះទៅ​ជួប​ជនរងគ្រោះ​ដោយ​ព្យុះ Sandy នៅ​រដ្ឋ New Jersey REUTERS/Larry Downing
ផ្សាយពាណិជ្ជកម្ម

ឧទ្ធម្ភាគចក្រ​បាន​ដឹក​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា និង​មន្ត្រី​ជំនិត​របស់​លោក​មួយ​ចំនួន​ហោះ​ឆ្វែល​ពី​លើ​តំបន់​រងគ្រោះ​ដោយខ្យល់ព្យុះ​ក្នុង​រដ្ឋ​ New Jersey កាល​ពី​រសៀល​ថ្ងៃ​ពុធ​នេះ។ លោក​អូបាម៉ា ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​អភិបាល​រដ្ឋ New Jersey ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ ដែល​ជា​គណបក្ស​របស់​លោក​មីត រ៉ូមនី គូ​ប្រជែងដណ្តើម​ធ្វើ​ជា​ម្ចាស់​សេតវិមាន​​របស់​លោក។

ក្រោយពី​បាន​ជួប​ជាមួយ​ក្រុម​ការងារ​ជួយ​សង្គ្រោះ​ផង និង​ជួបប្រជាជន​រងគ្រោះ​ផង នៅ​ក្នុង​សន្និសីទ​កាសែត​ លោក​អូបាម៉ា​បាន​ប្រកាស​ណែនាំ​មិន​អោយមាន​​ការិយាធិតេយ្យ​ណាមួយ​រំខាន ឬ​បង្អាក់​ការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​នោះឡើយ។ តុល្យការ​ចុងក្រោយ​នៃ​អ្នក​ស្លាប់​បាន​ឡើង​ដល់​ជាង៦០​នាក់​ហើយ ហើយ​ថា ​តួលេខ​អ្នក​ស្លាប់​នឹង​អាច​កើនឡើង​បន្ថែមទៀត។

លោកប្រធានាធិបតី​ផុតអាណត្តិ​នៅ​តែ​និយាយ​ដដែល​លើកទឹកចិត្ត​ដល់​អ្នករងគ្រោះ​ថា រដ្ឋាភិបាល​នឹង​មិន​បោះបង់​ពួកគេ​ឡើយ ​រហូត​ដល់​អ្វី​ៗ​ត្រូវ​បាន​ធ្វើ​អោយ​ត្រឡប់មក​ដូចដើមវិញ។

មាន​មនុស្ស​ជិត​៨លាន​នាក់ ដែល​កំពុង​តែ​រស់​នៅ​ដោយមិន​​មាន​ចរន្ត​អគ្គិសនីនៅ​ក្នុង​តំបន់​ឆ្នេរខាងកើត​នៃ​សហរដ្ឋ​អាមេរិក​ ដែល​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ខ្យល់​ព្យុះ​យក្ស ​Sandy។ នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​រៀបចំ​ការបោះឆ្នោត ​នៅ​ថ្ងៃ​ទី​៦​វិច្ឆិកា​សប្តាហ៍​ក្រោយ​នេះ​ហើយ​នោះ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​តំបន់​ដែល​ទទួលរងការ​វាយ​ប្រហារ​ដោយ​ខ្យល់​ព្យុះ​នេះ​នឹង​ត្រូវ​ដំណើរ​ការ​បោះឆ្នោត​យ៉ាងដូចម្តេច​នោះ​នៅ​ឡើយ​ទេ។ រហូត​ដល់​ពេលនេះ​ក៏​មិន​មាន​សេចក្តី​ប្រកាស​អំពី​ការ​ពន្យារពេល​នៃ​ការ​បោះឆ្នោត​ដែរ។

ការ​បោះឆ្នោត​ជិតមកដល់​ ការ​ឃោសនា​ក៏រឹតតែតានតឹង​ខ្លាំងដែរ។ លោក​អូបាម៉ា​នឹង​ត្រឡប់​មក​ការ​ឃោស​នា​បោះឆ្នោត​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ។

ខណៈលោកអូបាម៉ាកំពុង​ពិនិត្យ​ស្ថានភាព​ខូចខាតនៃ​រដ្ឋ​New Jersey លោក​មីត​ រ៉ូមនី​បាន​ទៅ​ជួប​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋ​ Florida។

សារព័ត៌មាន​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ផ្សព្វផ្សាយ​ការ​សិក្សា​មួយ​ដែល​បង្ហាញថា ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១២នេះ​មាន​ការ​ចំណាយលុយ​​ច្រើន​ជាងគេ​ ក្នុង​ប្រវត្តិ​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​​​អាមេរិក​កន្លងមក។ យោងតាម​ការ​សិក្សា ដោយ​រាប់​ជា​ពិសេស​លើការ​ចំណាយលើការ​ឃោសនា​របស់​បេក្ខជន​ទាំងពីរនោះ ការ​បោះឆ្នោត​នេះ​មានតម្លៃ​រហូត​ដល់​៦ពាន់​លាន​ដុល្លារ​ឯណោះ។ ការ​សិក្សា​សរសេរថា បេក្ខជន​ទាំងពីរ​បាន​ចំណាយលុយ ម្នាក់ៗ​មិន​តិចជា​១ពាន់​លានដុល្លារទេ លើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ