អានតួអត្ថបទ
សហរដ្ឋអាមេរិក

Sandy ក្លាយ​ជា​វិញ្ញាសា​ចុងក្រោយ មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​មក​ដល់

ខ្យល់​ព្យុះ​សង្ឃរា​ Sandy បាន​រារាំង​គម្រោង​ឃោសនា​បោះឆ្នោត​របស់​បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​របស់​អាមេរិក​នៅ​ក្នុង​តំបន់​ខ្លះ​មែន​ ប៉ុន្តែ​​បេក្ខជន​ទាំង​ពីរ​មិន​បាន​នៅ​ស្ងៀម​ឡើយ ហើយ​បាន​ប្រែក្លាយ​គ្រោះធម្មជាតិ​ដ៏​មហន្តរាយ​នេះ​ទៅ​ជា​វិញ្ញាសា​មួយ​ថ្មី​នៅ​ក្នុង​ការ​បោះឆ្នោត។ លោកបារ៉ាក់ អូបាម៉ា និង​លោក​មីត រូមនី​បាន​ចាប់​ផ្តើម​ជួប​អ្នករងគ្រោះ និង​បង្ហាញ​សម្មានចិត្ត​ចំពោះ​ពួក​គេ។ លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ប្រកាស​ដាក់​ក្រុង​ញូយ៉ក និង​រដ្ឋ New Jersey ស្ថិត​ក្នុង​ស្ថានភាព​គ្រោះមហន្តរាយ។ យ៉ាង​ហោច​ណាស់ មាន​មនុស្ស ៣០នាក់​បាន​ស្លាប់ និង​តម្លៃ​នៃ​ការខូចខាត​ត្រូវ​បាន​វាយតម្លៃ​ជាបឋម​ក្នុង​រង្វង់​២០ពាន់លានដុល្លារ។

លោក​បារ៉ាក់ អូបាម៉ា​​ថ្លែង​ទៅ​កាន់​ជនរងគ្រោះ​ដោយ​ខ្យល់ព្យុះ Sandy ក្នុង​ដំណើរ​ទៅ​កាន់ទីស្នាក់ការ​កាកបាទក្រហម
លោក​បារ៉ាក់ អូបាម៉ា​​ថ្លែង​ទៅ​កាន់​ជនរងគ្រោះ​ដោយ​ខ្យល់ព្យុះ Sandy ក្នុង​ដំណើរ​ទៅ​កាន់ទីស្នាក់ការ​កាកបាទក្រហម REUTERS/Larry Downing
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​អស់អណត្តិ បារ៉ាក់ អូបាម៉ា​នឹង​ធ្វើ​ដំណើរ​ជា​លើក​ដំបូង​ចេញ​ទៅ​សួរ​សុខទុក្ខ​ជនរងគ្រោះដោយព្យុះសង្ឃរា Hurricane Sandy នៅ​ក្នុង​រដ្ឋ​ New Jersey នៅ​ថ្ងៃ​ពុធ​នេះ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សេតវិមាន។ នៅ​ថ្ងៃអង្គារ​នេះ លោក​អូបាម៉ា​បាន​ទៅ​ទស្សនកិច្ច​ការិយាល័យ​កាកបាទក្រហម​នៅ​ក្នុង​ក្រុង​វ៉ាស៊ីនតោន​ នៅ​ទីនោះ​ហើយ​ដែល​លោក​អូបាម៉ា​បាន​ប្រកាស​ដាក់​បញ្ជា​ដល់​មន្ត្រី​ក្រោម​ឱវាទ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ។ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ដែរ លោក​អូបាម៉ា​បាន​ចុះហត្ថលេខា​ដាក់​ក្រុង​ញូយ៉ក និង​រដ្ឋ New Jersey អោយ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មហន្តរាយ និង​បាន​ប្រកាស​ដាក់​រដ្ឋ​មួយ​ចំនួន​ទៀត​ដែល​វាយប្រហារ​ដោយ​ខ្យល់​ព្យុះ Hurricane Sandy អោយ​ស្ថិត​នៅ​ក្នុង​ភាព​ប្រកាស​អាសន្ន​។

សកម្មភាព​របស់​លោក​បារ៉ាក់ អូបាម៉ា​យ៉ាងនេះ​វា​បាន​ស្ថិត​នៅ​ក្នុង​ក្របខណ្ឌ​នៃ​រដ្ឋបាល​របស់​ខ្លួន​ក៏​ពិត​មែន ប៉ុន្តែ​​ការ​នេះ វា​ក៏​ស្ថិត​នៅ​ក្នុង​រយៈ​ពេល​នៃ​ការ​ឃោសនា​បោះឆ្នោត​ផងដែរ។ ការ​ជួយ​សង្គ្រោះ និង​ការ​ស្រោយស្រង់​ប្រជាជន​​ពី​ភយន្តរាយ កំពុង​តែ​ក្លាយ​ជា​វិញ្ញាសា​ចុងក្រោយ មុន​ការ​បោះឆ្នោត​មក​ដល់​ក្នុង​មួយ​សប្តាហ៍​ទៀត​នេះ។ បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​ឈប់​និយាយ​អំពី​កម្មវិធី​នយោបាយ​របស់​ពួក​គេ​ហើយ ប៉ុន្តែ​បាន​បញ្ចេញ​សកម្មភាព​មនុស្សធម៌​​ប្រណាំង​គ្នា​វិញ។ លោកមីត រ៉ូមនី បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណៈរដ្ឋ​នៅ​តែ​ឆ្លៀត​មក​រដ្ឋ​អូហៃអូ​ដ៏​សំខាន់​អោយ​ខាង​តែ​បាន​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ជួបជុំ​ជាមួយ​អ្នកគាំទ្រ និង​ប្រកាស​រៃអង្គាស រួម​ទាំង​​ប្រមូល​គ្រឿង​ឧបត្ថម្ភ​ជួយ​ជន​រងគ្រោះ​ដោយ​ព្យុះ​កំណាច។ រាល់​ពាក្យ​ពេចន៍​នៃ​សុន្ទរកថា​របស់​លោក​សុទ្ធ​តែ​ជា​ការ​ចូលរួម​រំលែក​ក្តី​លំបាក និង​ការ​កោត​ស្ងប់ស្ងែង​ចំពោះ​អ្នក​ដែល​បាន​បរិច្ចាក​ជំនួយ​ឧបត្ថម្ភ។

លោក អូបាម៉ា​វិញ​ដោយសារ​តែ​រវល់​នឹង​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​ឯ​សេតវិមាន​ប៉ុន្មាន​ថ្ងៃ​នេះ បាន​អនុញ្ញាត​អោយ​លោក​ប៊ីល គ្លីនតុន​ និង​សហការី​ផ្សេង​ទៀត​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​តាម​រដ្ឋ​សំខាន់ៗ។ ចំណែក​លោក​ដែល​​ទំនង​ជា​នឹង​ដើរ​លុយ​ទឹក​នៅ​ក្នុង​រដ្ឋ​ New Jersey នៅ​ថ្ងៃ​ពុធ​នេះ​​បាន​ថ្លែងសារ​រួច​ហើយ​ទៅ​កាន់​ជនរងគ្រោះ​ដោយ​និយាយ​ថា យើង​ពិត​ជា​យល់​ពី​អារម្មណ៍​របស់​បងប្អូន​ដែល​កំពុង​មាន​ជីវភាព​ប្រឈម​នឹង​គ្រោះ​មហន្តរាយ​នេះ។ ប៉ុន្តែ​សារ​សំខាន់​របស់​ខ្ញុំ​ទៅ​កាន់​ពួក​គេ​គឺ​ថា សហរដ្ឋ​អាមេរិក​នៅ​ជាមួយ​អ្នក​។ យើង​ស្ថិត​នៅ​ពី​ក្រោយ​អ្នក​ជានិច្ច។ យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​សហរដ្ឋអាមេរិក ចំនួន​អ្នក​ស្លាប់​ត្រូវ​បាន​រក​ឃើញ​មិន​តិច​ជាង ៣០នាក់​ឡើយ​រហូត​ដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ រី​ឯ​ការ​ខូច​ខាត​អាច​មាន​តម្លៃ​រហូត​ដល់​២០​ពាន់​លាន​ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ