អានតួអត្ថបទ
ប៉ាគីស្ថាន

កងទ័ព​​ប៉ាគីស្ថាន​​ទំលាក់​​គ្រាប់បែក​​លើ​​វិហារ​​​តាលីបង់​ សម្លាប់​មនុស្ស​​១៨​នាក់​​

នៅប៉ាគីស្ថាន​​ ថ្ងៃ​អាទិត្យ​នេះ កងទ័ព​ប៉ាគីស្ថាន​បាន​បើក​យុទ្ធនាការ​​ទំលាក់​គ្រាប់បែក​ លើ​វិហារក្រុមឧទ្ទាម​តាលីបង់​​ជាច្រើន​​ នៅ​ភាគ​ពាយព្យ​​ប្រទេស ជាប់ព្រំប្រទល់​ជាមួយ​អាហ្វហ្កានីស្ថាន។ យោងតាម​​​​កងទ័ព​ ពួកឧទ្ទាម​តាលីបង់​១៨នាក់ បាន​ស្លាប់​ក្នុង​ការទំលាក់​គ្រាប់បែក​នេះ។ ហេតុការណ៍​នេះ បាន​ធ្វើអោយ​កិច្ចចរចា​ស្វែង​រង​សន្តិភាព​រវាង​រដ្ឋាភិបាល​​ប៉ាគីស្ថាន​និង​ក្រុមតាលីបង់​នៅប៉ាគីស្ថាន​ ត្រូវ​ព្យួរ​ចោល។

កងទ័ព​ប៉ាគីស្ថាន​នៅ​ខេត្ត​ភាគពាយព្យ​ប្រទេស ជាប់ព្រំដែន​ជាមួយ​អាហ្វហ្កានីស្ថាន ​
កងទ័ព​ប៉ាគីស្ថាន​នៅ​ខេត្ត​ភាគពាយព្យ​ប្រទេស ជាប់ព្រំដែន​ជាមួយ​អាហ្វហ្កានីស្ថាន ​ (Photo : Akhtar Soomro/Reuters)
ផ្សាយពាណិជ្ជកម្ម

ការទំលាក់​គ្រាប់បែក​កំទេច​វិហារ​ក្រុមឧទ្ទាមតាលីបង់​ នៅ​ភាគពាយព្យ​​ប៉ាគីស្ថាន​ ថ្ងៃ​អាទិត្យ​នេះ ជា​ប្រតិបត្តិការ​លើកទី៣​ហើយ របស់​កងទ័ព​ប៉ាគីស្ថាន គិតចាប់​ពី​ពេល​​ក្រុមតាលីបង់​បាន​សម្លាប់​ទាហានប៉ាគីស្ថាន​ ​២៣នាក់ ​កាលពី​សប្តាហ៍​ថ្មីៗ​កន្លង​ទៅនេះ។ ​យន្តហោះ​កងទ័ព​ បានទំលាក់​គ្រាប់បែក នៅ​ជ្រលង​ភ្នំ​ទីរ៉ា Tyrah ​កំទេច​រោងចក្រ​​ផលិត​គ្រាប់បែក​ដៃ​ច្នៃ​មួយកន្លែង និង​គ្រឿងផ្ទុះ​​មួយចំនួន​ធំ​ របស់​ពួកតាលីបង់។

ប្រតិបត្តិការ​យោធា​ប៉ាគីស្ថាន​ បាន​សម្លាប់​​ពួកតាលីបង់ជាច្រើន​នាក់ ធ្វើអោយ​កិច្ចចរចា​ស្វែង​រក​សន្តិភាព​រវាង​រដ្ឋាភិបាល​ប៉ាគីស្ថាន និង​ក្រុមតាលីបង់​នៅប៉ាគីស្ថាន ត្រូវ​ព្យួរ​ចោល។ កិច្ចចរចា​នេះ មាន​ទិសដៅ​បិទបញ្ចប់​ការបះបោរ​​នៅប៉ាគីស្ថាន​ ដែល​កើត​មាន​ជិត​៧ឆ្នាំ​មកនេះ។ ដោយឡែក នៅ​ភាគពាយព្យ​ ថ្ងៃ​អាទិត្យ​នេះ​​ដែរ ប៉ូលិស​បាន​ប្រាប់​ថា មាន​ការផ្ទុះ​គ្រាប់បែក​ច្នៃ​មួយ​​ នៅ​ក្រុង​កូហាត ក្បែរ​ជម្រក​ក្រុម​តាលីបង់ ​​សម្លាប់​មនុស្ស​យ៉ាងហោច​១០នាក់ ក្នុង​នោះ​មាន​​ស្ត្រី​២នាក់ និង​កុមារ​ម្នាក់។

ក្នុង​ការ​​ស្វែង​រក​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​ប៉ាគីស្ថាន ក្រុមតាលីបង់​​បានដាក់​លក្ខខណ្ឌ​អោយ​រដ្ឋាភិបាលដោះលែង​​អ្នកទោស​​តាលីបង់ ដកកងទ័ព​ចេញ​ពី​តំបន់​កុលសម្ព័ន្ធ​ដែល​ជាជម្រក​របស់​ក្រុមតាលីបង់ និង​ក្រុមអាល់កៃដា ក្នុង​ភាគខាងជើង​ប្រទេស និង​ដាក់ចេញ​ច្បាប់អ៊ីស្លាម​ស្ហារីយ៉ា នៅ​ប៉ាគីស្ថាន​​ផងដែរ។ ប៉ុន្តែ​ លក្ខខណ្ឌ​ជាច្រើន​ក្នុង​ចំណោម​ក្ខខណ្ឌ​ទាំងអស់​នេះ ត្រូវបាន​រដ្ឋាភិបាល​ក្រុងអ៊ីស្លាម៉ាបាត និង​កងទ័ព​​បដិសេធ​​មិន​ទទួលយក​​។ ​

កងទ័ពប៉ាគីស្ថាន​ បាន​ទំលាក់​គ្រាប់បែក​លើ​វិហារ​​ក្រុមតាលីបង់​​ ​​នៅព្រឹក​ថ្ងៃ​​អាទិត្យ​នេះ ចំពេល​ជាមួយ​គ្នា​​នឹង​ការដែល​ក្រុមតាលីបង់​ នៅ​អាហ្វហ្កានីស្ថាន​បា​នវាយលុក​ទីតាំង​កងទ័ព​អាហ្វហ្កានីស្ថាន​ មួយកន្លែង សម្លាប់​ទាហាន​អាហ្វហ្កានីស្ថាន​២០នាក់។ ប្រធានាធិបតី​​​អាហ្វហ្កានីស្ថាន​ ​បាន​បរិហារ​ប៉ាគីស្ថាន​ភ្លាមៗ​ថា មិន​អើពើ​នឹង​​ធ្វើការ​កំចាត់​ជម្រក​ក្រុម​ភេរវជន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ