ប៉ាគីស្ថាន៖ អ្នកព្រួតគ្នាវាយសម្លាប់និស្សិតដោយចោទពីបទប្រមាថសាសនាត្រូវតុលាការចោទប្រកាន់
កាលពីថ្ងៃសៅរ៍ តុលាការប៉ាគីស្ថានបានធ្វើការចោទប្រកាន់មនុស្សចំនួន ៨នាក់ ពីបទជាប់ពាក់ព័ន្ធនឹងសកម្មភាពព្រួតគ្នាវាយសម្លាប់និស្សិតម្នាក់ ដោយចោទថាបានប្រមាថសាសនា។ ហេតុការណ៍វាយសម្លាប់និស្សិតនេះ កំពុងតែក្លាយជាបញ្ហាចម្រូងចម្រាសយ៉ាងខ្លាំងនៅក្នុងប្រទេសប៉ាគីស្ថាន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៧
ហេតុការណ៍បានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍។ ម៉ាស្ហាល ខាន់ និស្សិតផ្នែកសារព័ត៌មាន វ័យ ២៣ឆ្នាំ ត្រូវបានក្រុមនិស្សិតដូចគ្នាព្រួតវាយដំរហូតដល់ស្លាប់។ មូលហេតុ គឺដោយសារតែគេចោទប្រកាន់ម៉ាស្ហាល ខាន់ ថាបានប្រមាថសាសនាអ៊ីស្លាម ក្រោយពីមានការជជែកដេញដោលគ្នាយ៉ាងតឹងសសៃ ក នៅក្នុងសកលវិទ្យាល័យ ទាក់ទងនឹងសាសនា។
គួរបញ្ជាក់ថា ប៉ាគីស្ថាន ដែលជាប្រទេសមានប្រជាជនភាគច្រើនលើសលុបកាន់សាសនាអ៊ីស្លាម ហើយភាគច្រើនជាអ្នកប្រកាន់គំនិតអភិរក្សនិយម មានច្បាប់ដាក់ទោសដល់អ្នកប្រមាថសាសនា ដែលអាចត្រូវជាប់គុកអស់មួយជីវិត ឬរហូតដល់ប្រហារជីវិតក៏មាន។
ក៏ប៉ុន្តែ ហេតុការណ៍វាយសម្លាប់និស្សិតម៉ាស្ហាល ខាន់ កាលពីថ្ងៃព្រហស្បតិ៍ បានបង្កឲ្យមានការបរិហាររិះគន់យ៉ាងខ្លាំងៗពីសំណាក់អង្គការសិទ្ធិមនុស្ស ក៏ដូចជា ក្រុមអ្នកមានគំនិតសេរីនិយមនៅប៉ាគីស្ថាន។ សកម្មភាពនេះមិនត្រឹមតែជាការសម្លាប់មនុស្សក្រៅផ្លូវតុលាការតែប៉ុណ្ណោះទេ ក៏ប៉ុន្តែ អ្វីដែលធ្វើឲ្យគេកាន់តែរន្ធត់ និងហួសចិត្តទៅទៀត គឺអ្នកដែលធ្វើសកម្មភាពព្រួតវាយសម្លាប់និស្សិតនេះ គឺសុទ្ធសឹងជានិស្សិតដូចគ្នា។ ជានិស្សិតថ្នាក់ឧត្តមសិក្សា ដែលទទួលបាននូវការអប់រំខ្ពស់ ហើយដែលគួរតែចេះគិតពិចារណា និងមានគំនិតទូលាយ។
គណៈកម្មការសិទ្ធិមនុស្សឯករាជ្យរបស់ប៉ាគីស្ថានបានបរិហាររិះគន់រដ្ឋាភិបាលថា អសមត្ថភាពក្នុងការការពារសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ម៉ាស្ហាល ខាន់ ហើយបានទាមទារឲ្យអាជ្ញាធរវែកមុខរកអ្នកពាក់ព័ន្ធនឹងសកម្មភាពដ៏ឃោរឃៅនេះ ដើម្បីនាំខ្លួនយកមកកាត់ទោសតាមច្បាប់។
ប៉ូលិសប៉ាគីស្ថានបានឲ្យដឹងថា គិតមកត្រឹមនឹងថ្ងៃសៅរ៍ ប៉ូលិសបានចាប់ខ្លួនមនុស្ស ១២នាក់ ជាប់សង្ស័យក្នុងការសម្លាប់ម៉ាស្ហាល ខាន់ ហើយកំពុងតែស្វែងរកចាប់ខ្លួនជនសង្ស័យផ្សេងទៀត។ ចំណែកឯរដ្ឋអាជ្ញាវិញបានប្រាប់ទីភ្នាក់ងារព័ត៌មានអាអែហ្វប៉េថា ក្នុងចំណោមជនសង្ស័យទាំង ១២នាក់ ដែលត្រូវចាប់ខ្លួន មាន ៨នាក់ ត្រូវបានបញ្ជូនទៅដល់តុលាការ ហើយត្រូវចោទប្រកាន់ជាផ្លូវការពីបទមនុស្សឃាត និងភេរវកម្ម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ