អានតួអត្ថបទ
ព្យុះហៃយ៉ាន

ព្យុះហៃយ៉ាន​​ទៅដល់​​វៀតណាម​​ព្រឹកថ្ងៃចន្ទ​​ អ្នកស្លាប់​​​​នៅ​​ហ្វីលីពីន​​​កើនជាង​​​មួយម៉ឺននាក់​​​

ព្យុះហៃយ៉ាន​បានចាកចេញ​​ពីហ្វីលីពីនរួចហើយ ហើយ​បាន​កាត់តាម​សមុទ្រ​ចិន​ខាងត្បូង និង​ត្រូវ​​​ទៅដល់​វៀតណាម​នៅព្រឹកថ្ងៃ​ចន្ទ​ស្អែកនេះ។ អាជ្ញាធរ​វៀតណាម​បាន​ជម្លៀស​​មនុស្ស​ជាង​៦សែននាក់ រួច​ហើយ។ មុន​ព្យុះ​នេះ​មកដល់ មានមនុស្ស​៦នាក់​បាន​ស្លាប់​ដោយសារ​ខ្យល់បោកបក់​ខ្លាំង ​នៅ​ភាគកណ្តាល​វៀតណាម។ ដោយឡែក ចំនួន​អ្នកស្លាប់​នៅហ្វីលីពីន​ដោយ​សារ​​ព្យុះ​នេះ​ បាន​កើនឡើងខ្ពស់​​ រហូត​ជាង​មួយម៉ឺននាក់ ហើយ​ពីរពាន់​នាក់​ទៀត​បាន​បាត់ខ្លួន។​

ក្រុង​Tacoblan ហ្វីលីពីន​ រងការ​បំផ្លាញ​ដោយ​ព្យុះ​ហៃយ៉ាន
ក្រុង​Tacoblan ហ្វីលីពីន​ រងការ​បំផ្លាញ​ដោយ​ព្យុះ​ហៃយ៉ាន REUTERS/Erik De Castro
ផ្សាយពាណិជ្ជកម្ម

ព្យុះ​ហៃយ៉ានត្រូវ​ធ្វើដំណើរ​ទៅដល់​វៀតណាម នៅ​ព្រឹកថ្ងៃ​ចន្ទស្អែកនេះ​ហើយ។ អាជ្ញាធរ​វៀតណាម​បានជម្លៀស​មនុស្ស​រាប់សែន​នាក់ និង​បាន​អនុញ្ញាត​អោយ​ប្រជាជន​២សែននាក់ បាន​ត្រលប់ទៅ​ផ្ទះ​របស់​ពួកគេ​វិញ ព្រោះថា ព្យុះ​ហៃយ៉ាន​បានប្រែ​ទិសនៃ​ការធ្វើដំណើរ​ ខុស​ពី​ការ​ព្យាករណ៍​ទុក។

នៅ​ពេល​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​​ ព្យុះហៃយ៉ាន​បាន​បន្ថយ​ឥទ្ធិពល​ខ្លួន​មួយកម្រិត។ ព្យុះ​នេះ​នឹងទៅដល់​វៀតណាម​នៅ​ព្រឹក​ថ្ងៃ​ស្អែក គឺ​ខុស​ពី​ការព្យាករណ៍​ពី​ដំបូង​ ដែល​ថា​ព្យុះហៃយ៉ាន​ត្រូវ​មកដល់​វៀតណាម​នៅព្រឹក​ថ្ងៃ​អាទិត្យ​នេះ។ ផ្នែកឧតុនិយម​វៀតណាម​ប្រាប់ថា ពេល​ដែល​មកដល់វៀតណាម​ស្អែកនេះ ព្យុះនេះ​នឹងស្ថិត​នៅ​ក្នុង​​​គ្រោះ​មហន្តរាយ​​ចំណាត់ថ្នាក់​ទី១​ប៉ុណ្ណោះ គឺ​ថា​​​​​​ល្បឿនខ្យល់​មាន​ត្រឹមតែ​​៧៤គីឡូម៉ែត្រ​​​ក្នុង​មួយម៉ោង ​ខុស​ឆ្ងាយពីល្បឿន​៣០០គីឡូម៉ែត្រ​​ដែល​ព្យុះនេះបាន​បង្ក​នៅហ្វីលីពីន។

ចំនួន​អ្នកស្លាប់​ដោយ​មហន្តរាយ​ព្យុះហៃយ៉ាន​នៅហ្វីលីពីន​មានការកើនឡើង​ខ្ពស់។ អង្គការ​សហប្រជាជាតិ​ប្រាប់ថា ​មនុស្ស​ប្រមាណ​ជាង​បួនលាន​នាក់ នៅហ្វីលីពីន​បានរង​ផលប៉ះពាល់​ដោយព្យុះនេះ។ គណៈ​កម្មការ​អឺរ៉ុប​បាន​ប្រកាស​ផ្តល់​ជំនួយ​៣លានអឺរ៉ូ​ ជួយដល់​​ហ្វីលីពីន។ ចំណែក​អង្គការ​ចំណី​អាហារ​ពិភពលោក​អង់គ្លេស​ ក៏​បានបញ្ជូន​អាហារ​ និង​សម្ភារៈ​មួយចំនួន​ជួយ​ជនរងគ្រោះ​ហ្វីលីពីនផងដែរ។​ អង្គការ​ប្រយុទ្ធ​ភាពអត់ឃ្លាន​នៅ​បារាំងបានអំពាវនាវ​រកជំនួយ​ជួយជនរងគ្រោះ​ដោយព្យុះ​ហៃយ៉ាន។ ហើយ​អង្គការ​សហប្រជាជាតិ​តាមរយៈ​ អាមេរិក អូស្ត្រាលី និង​​នូវេលហ្សេឡង់ ក៏​កំពុង​តែ​ធ្វើសកម្មភាព​ជួយជនរងគ្រោះ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ