អានតួអត្ថបទ
សមុទ្រចិនខាងត្បូង

ហ្វីលីពីន​ចាប់ផ្តើម​ពង្រាយទ័ព​ទៅកាន់​សមុទ្រ​ចិន​ខាង​ត្បូង

រដ្ឋាភិបាល​ហ្វីលីពីន​បាន​ប្រកាស​ឲ្យដឹង កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា ហ្វីលីពីន​​បាន​ចាប់ផ្តើម​ពង្រាយ​ទ័ព​ទៅកាន់​កោះ​ នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។ កោះ​ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ហ្វីលីពីន តែ​កំពុង​ជាប់ជម្លោះ​ជាមួយ​នឹង​ចិន។ ការពង្រាយ​ទ័ព​នេះ គឺ​ជា​ការ​អនុវត្ត​ទៅតាម​អ្វី ដែល​លោក​ប្រធានាធិបតី​ឌុយទែរតេ​បាន​ប្រកាស កាល​ពី​ខែ​មេសា​កន្លងទៅ ប៉ុន្តែ វា​អាច​នឹង​ធ្វើ​ឲ្យ​ចិន​ផ្ទុះកំហឹង។

កូនកោះ​មួយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ហ្វីលីពីន តែ​ទាមទារ​ដោយ​ចិន
កូនកោះ​មួយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ហ្វីលីពីន តែ​ទាមទារ​ដោយ​ចិន Reuters / Kyodo
ផ្សាយពាណិជ្ជកម្ម

យោងតាម​ការ​ឲ្យដឹង​របស់​មន្រ្តី​រដ្ឋាភិបាល​ហ្វីលីពីន ទាហាន ព្រមទាំង​គ្រឿង​បរិក្ខា​មួយ​ផ្នែក​ដំបូង ត្រូវ​បាន​បញ្ជូន​ទៅដល់​កោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង តាំង​ពី​សប្តាហ៍មុន ហើយ​ហ្វីលីពីន​គ្រោង​នឹង​បញ្ជូន​ទៅ​បន្ថែម​ជា​បន្តបន្ទាប់​ទៀត នៅ​ក្នុង​ពេល​ឆា​ប់ៗ​ខាងមុខ។ កងទ័ពមួយក្រុម​ដំបូង​នេះ នឹង​ចាប់ផ្តើម​ការងារ​សាងសង់ កែលម្អ និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​មួយ​ចំនួន នៅលើ​កោះ ក្នុងនោះ រួមមាន​ដូចជា ការ​ពង្រីក​ផ្លូវចុះយន្តហោះ ការសាងសង់​កំពង់ផែ ពង្រីក​បន្ទាយ​ទ័ព ជាដើម នៅ​ក្នុង​គម្រោង​គិតជាទឹកប្រាក់ ចំនួន ៣២លាន​ដុល្លារ​អាមេរិក។

គួរបញ្ជាក់ថា កោះដែល​ហ្វីលីពីន​បញ្ជូន​កងទ័ព​ឲ្យ​ទៅ​ធ្វើការ​សាងសង់ និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​នេះ ស្ថិត​នៅ​ក្នុង​តំបន់​ប្រជុំកោះ​ស្ព្រែតលី។ ជាកោះដែល​​បច្ចុប្បន្ន​នេះ​​ស្ថិត​ក្រោម​ការ​កាន់កាប់​ជាក់ស្តែង​របស់​ហ្វីលីពីន​ ក៏ប៉ុន្តែ ត្រូវ​ទាមទារ​ដោយ​ចិន។

គេនៅចាំបានថា កាល​ពីខែ​មេសា​កន្លងទៅនេះ លោក​ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរតេ​បាន​ប្រកាស​ថា លោក​បាន​ចេញ​បញ្ជា​ឲ្យ​កងទ័ព​ហ្វីលីពីន​ចូល​កាន់កាប់​គ្រប់កោះ​ទាំងអស់ ដែល​ហ្វីលីពីន​កំណត់​ថា ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​ខ្លួន នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ក៏ប៉ុន្តែ ក្រោយ​ពី​ទទួលរង​នូវការ​តវ៉ា​ពីចិន លោក​ឌុយទែរតេ​ក៏​បាន​កែសម្តីមកវិញ ដោយ​បាន​បញ្ជាក់ថា លោក​នឹង​បញ្ជូន​ទ័ព​ឲ្យ​ចូល​ទៅកាន់កាប់​កោះណា ដែលហ្វីលីពីន​កាន់កាប់​រួច​ទៅហើយ​ ដោយ​មិន​ចូល​កាន់កាប់​កោះ​ថ្មី​ទៀត​នោះទេ។

ក៏ប៉ុន្តែ បើទោះបីជា​ត្រឹមបញ្ជូន​ទាហាន​ឲ្យ​ទៅកាន់​កោះ​ដែល​ហ្វីលីពីន​កាន់កាប់​រួចហើយ​ក៏ដោយ ក៏​ចិន​មិនសុខចិត្ត​នោះដែរ។ ជាក់ស្តែង កាល​ពីខែមុននេះ ចិន​បាន​ធ្វើការ​តវ៉ា​ប្រឆាំង​យ៉ាងខ្លាំង នៅ​ពេល​ដែល​រដ្ឋមន្រ្តី​ការពារជាតិ​ហ្វីលីពីន​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​លើ​កោះ ដែល​ស្ថិតក្រោម​ការ​កាន់កាប់​របស់​ហ្វីលីពីន នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ សម្រាប់​ចិន កោះ​ដែល​ហ្វីលីពីន​កាន់កាប់​នេះ ក៏ដូចជា​កោះ​ជាច្រើន​ផ្សេងទៀត នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ទាំងមូល គឺ​សុទ្ធតែ​ស្ថិត​ក្នុងដែន​អធិបតេយ្យ​របស់​ចិន​ទាំងអស់។

ការណ៍​ដែល​ហ្វីលីពីន​បញ្ជូន​កងទ័ព ព្រមទាំង​គ្រឿង​បរិក្ខា ឲ្យ​ចូលទៅ​បោះទីតាំង ព្រមទាំង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​លើ​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នៅពេលនេះ ក៏ទំនង​ជា​នឹង​មិន​អាច​គេចផុត​ពី​ក្រសែភ្នែក​ខឹងសម្បារ​របស់​ចិន​នោះដែរ ហើយ​លោក​ឌុយទែរតេ​អាច​នឹង​ត្រូវ​ប្រឈមមុខ​ជាមួយ​ចិន ជុំវិញ​រឿងនេះ នៅ​ពេល​ដែល​លោក​​ធ្វើ​ដំណើរ​ទៅកាន់​ក្រុង​ប៉េកាំង ដើម្បី​​ចូលរួម​ក្នុង​​ជំនួបកំពូល​ស្តីពី​ “ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” នៅចុងសប្តាហ៍​​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ