អានតួអត្ថបទ
បារាំង

ភាពក្រីក្រ​ចាក់ឬស​កាន់តែ​ជ្រៅ​ក្នុង​ប្រទេស​បារាំង

រដ្ឋាភិបាល​បារាំង​ចាប់ផ្តើម​បើក​សន្និសីទ​ជាតិ នៅថ្ងៃ​ចន្ទ ទី ១០​ធ្នូ​នេះ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​​ភាពក្រីក្រ ដែល​រីករាលដាល​កាន់តែខ្លាំង នៅក្នុង​ប្រទេស។ យោងតាម​ការស្រាវជ្រាវ​​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ និង​សិក្សា​សេដ្ឋកិច្ច នៅឆ្នាំ ២០១០ ប្រជាជន​បារាំង ប្រមាណ ១៤,១​ភាគរយ ត្រូវ​នឹង​ជាង ៨​លាន ៦​សែន​នាក់​រស់នៅ​ក្រោមខ្សែបន្ទាត់​នៃភាព​ក្រីក្រ។

ប្រជាជន​បារាំង​ប្រមាណ​៨​លាន​នាក់​រស់នៅក្រោម​ខ្សែបន្ទាត់​នៃភាពក្រីក្រ
ប្រជាជន​បារាំង​ប្រមាណ​៨​លាន​នាក់​រស់នៅក្រោម​ខ្សែបន្ទាត់​នៃភាពក្រីក្រ ©secour catholique
ផ្សាយពាណិជ្ជកម្ម

វិបត្តិ​ប្រាក់បំណុល នៅអឺរ៉ុប​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​តំបន់​ចាយប្រាក់​អឺរ៉ូ​ចាប់រង្គោះរង្គើ។ ក្នុង​ប្រទេស​បារាំង រដ្ឋាភិបាល​បាន​អនុវត្ត​ផែនការ​រឹតត្បិត​ជាច្រើន ដើម្បី​ទប់ទល់​កុំ​ឲ្យរដ្ឋ​ធ្លាក់​ក្នុង​វិបត្តិ​ប្រាក់បំណុល។ ប៉ុន្តែ អ្នកដែល​ត្រូវ​ប៉ះពាល់ និង​រងគ្រោះ​ធ្ងន់ធ្ងរ ដោយ​វិបត្តិ​សេដ្ឋកិច្ច និង​ផែនការ​ត្បិតត្បៀត​របស់​រដ្ឋ គឺ​ប្រាកដ​ណាស់ ប្រជាជន​បារាំង ជាពិសេស កុមារ។

តាម​វិទ្យាស្ថានជាតិ​ស្ថិតិ និង​សិក្សា​សេដ្ឋកិច្ច Insee ប្រជាជន​បារំាង​ប្រមាណ​១៤ភាគរយ ត្រូវ​បាន​គេ​រកឃើញ​ថា រស់នៅ​ក្រោម​ខ្សែបន្ទាត់​នៃ​ភាពក្រីក្រ មាន​ន័យថា ពួកគេ​រក​ប្រាក់ចំណូល​បាន​តិច​ជាង ៩៦៤​អឺរ៉ូ ក្នុង​មួយខែ ឬ ប្រមាណ​៣២​អឺរ៉ូ​ក្នុង​មួយ​ថ្ងៃ។ ក្នុង​ពេល​ដែល​ប្រាក់ខែ​អប្បបរមា នៅប្រទេស​បារាំង មាន​ចំនួន ១០៩៤​អឺរ៉ូ​ក្នុង​មួយខែ។ នៅឆ្នាំ ២០១០ ប្រជាជន​បារាំង​ក្រីក្រ មាន​ចំនួន​កាន់តែច្រើន គឺ​កើន​ឡើង​ប្រមាណ ២លាននាក់​បន្ថែមទៀត បើ​ធៀប​នឹង​ឆ្នាំ ២០០៩។

ភាពក្រីក្រ​កាន់​តែ​រីកធំឡើង នៅបារាំង គឺ​ចាប់តាំងពី​មាន​វិបត្តិប្រាក់​បំណុល​ចាប់​ផ្ទុះ​​លេចមុខ ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ។ នៅឆ្នាំ ២០០៩ រដ្ឋាភិបាល​បារាំង បាន​ផ្អាក​វិធានការ​ជំនួយ​មួយចំនួន សម្រាប់​ក្រុមគ្រួសារ​បារាំង។ រដ្ឋ​បាន​កាត់​បន្ថយ​ជំនួយ​សង្គម ក្នុង​ពេល​ដែល​ទំនិញ សព្វ​សារពើ ដែល​ប្រជាជន​បារាំង​ត្រូវការ​ចាំបាច់​ប្រចាំថ្ងៃ ចេះតែ​ឡើងថ្លៃ ជាលំដាប់។

បើប្រៀបធៀប​នឹង​ប្រទេស​ក្រីក្រ​ផ្សេងទៀត ដូចជា នៅ​អាស៊ី អាហ្រ្វិក ឬ​អឺរ៉ុប​ខាងកើត ប្រាក់ចំណូល​តិចជាង ៩០០​អឺរ៉ូ​នៅ​មាន​កម្រិត​ខ្ពស់​នៅឡើយ ប៉ុន្តែ ហេតុអ្វី​បាន​ជា​គេ​ចាត់ទុក​ថា ប្រជាជន​បារាំង​រស់នៅ​ក្រោម​ខ្សែបន្ទាត់​នៃភាពក្រីក្រ​ទៅវិញ?

នៅក្នុង​ប្រទេស​បារាំង អ្នកដែល​រកលុយ​បាន​តិច​ជាង​៩០០​អឺរ៉ូ ត្រូវ​ប្រឈម​នឹង​ភាព​អត្តខាត់​ខ្លាំងណាស់។ ប្រាក់ចំណូល​តិច​ជាង ៩០០​អឺរ៉ូ​មិន​អាច​ធ្វើ​ឲ្យ​ពួកគេ​ទប់ទល់​នឹង​ថ្លៃឈ្នូល​ផ្ទះ ទំនិញ និង​ទឹកភ្លើង ដែល​ចេះ​តែឡើង​ថ្លៃ​មិនឈប់។ ដោយសារ​គ្មាន​លុយ មនុស្ស​កាន់តែ​ច្រើន គឺ​ប្រមាណ ១សែននាក់ បាន​បាត់បង់​ជម្រក និង​រស់នៅ​តាមផ្លូវ ក្នុង​ពេល​ដែល​ជិត​មនុស្ស​ជិត​មួយលាន​នាក់​ផ្សេងទៀត​ធ្លាក់ខ្លួន​ជំពាក់បំណុល​វណ្ឌក។ ចំណែក​ប្រជាជន​ប្រមាណ ២០​ភាគរយ ផ្សេងទៀត បាន​បដិសេធ​មិន​ទៅព្យាបាល​ជម្ងឺ ដោយសារ​តែ​គ្មាន​លុយ​គ្រប់គ្រាន់។

ក្នុង​ចំណោម​ប្រជាជន​បារាំង​ក្រីក្រ ទាំងអស់ ស្ត្រី​ដែលជា​ម្តាយ​មេម៉ាយ និង​យុវជន​ជា​អ្នករងគ្រោះ​ច្រើន​ជាងគេ។ កុមារ​ម្នាក់​ក្នុង​ចំណោម​៥​នាក់​រស់នៅក្នុង​ភាពក្រីក្រ។ ក្នុង​ឆ្នាំ​២០១១​កន្លងទៅ មនុស្ស​ជិត មួយលាន​នាក់​បាន​រត់រក​ជំនួយ​ពី​អង្គការ​មនុស្សធម៌ ដែល​មាន​សកម្មភាព​ចែក​របប​អាហារ ឬ​ស្បៀងអាហារ​សម្រាប់​អ្នកក្រីក្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ