អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ចៅហ្វាយក្រុង​​Jakarta​​ ​ឈ្នះឆ្នោត​​​ប្រធានាធិបតី​​​ឥណ្ឌូណេស៊ី​​​​​ជាមួយ​សម្លេង​ឆ្នោត​​​៥៣ភាគរយ​

នៅ​ថ្ងៃ​​អង្គារ​នេះ ​យោងតាម​​​​​​គណៈកម្មការ​បោះឆ្នោត​ឥណ្ឌូណេស៊ី ចៅហ្វាយ​ក្រុង​ចាកាតា ​គឺ​លោក​​ចូកូ វីដូដូ ​​​បាន​ទទួល​ជោគជ័យ​​ក្នុង​​ការ​បោះឆ្នោតប្រធានាធិបតី​​ កាលពី​ថ្ងៃ​៩កក្កដា ​ជាមួយ​សម្លេង​ឆ្នោត​ ​ ៥៣ភាគរយ ​ឈ្នះ​លើ​​​អតីត​មេទាហាន ​​​ប្រាបូវ៉ូ ​ស៊ូបៀនតូ ​​​ជា​​គូប្រជែង​​មកពី​​​គណបក្ស​ហ្សឺរីនដា។ លោក​ស៊ូបៀនតូ ​បាន​ទាត់ចោល​​លទ្ធផល​​បោះឆ្នោត​​ ហើយ​នឹង​​​​​ដាក់​ពាក្យប្តឹង​​ទៅ​ក្រុមប្រឹក្សា​​ធម្មនុញ្ញ។ ​គ្រាន់តែ​ថ្ងៃ​ប្រកាស​លទ្ធផល​បោះឆ្នោត ​ប៉ូលិស​ជាង​២សែន​៥ម៉ឺននាក់ ​ត្រូវ​បាន​ដាក់​ពង្រាយ​ការពារ​សន្តិសុខ ​ទូទាំង​ប្រទេស។

លោក យ៉ូកូ វីដូដូ(Joko Widodo) ហៅ យ៉ូកូវី(Jokowi) ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី។
លោក យ៉ូកូ វីដូដូ(Joko Widodo) ហៅ យ៉ូកូវី(Jokowi) ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី។ RFI
ផ្សាយពាណិជ្ជកម្ម

ចៅហ្វាយ​ក្រុង​ចាកាតា ​​លោក ចូកូ ​​វីដូដូ ដែល​គេ​តែង​ហៅថា ចូកូវី​​ នោះ​ បាន​ទទួល​ជោគជ័យ​​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​​ ថ្ងៃ​៩កក្កដា ជាមួយ​សម្លេង​ ៥៣ភាគរយ ​ឈ្នះ​លើ​ដៃគូ​ប្រជែង​លោក គឺ​លោក ប្រាបូវ៉ូ ស៊ូបៀនតូ។ ​នេះ​ជា​លទ្ធផល​បោះឆ្នោត​ប្រកាស​ដោយ​​គណៈ​កម្មការ​​បោះឆ្នោត​ឥណ្ឌូណេស៊ី​​​​ នៅ​ថ្ងៃ​អង្គារនេះ។ ​​

ចៅហ្វាយក្រុង​ចាកាតា ​ចូកូវី អាយុ​៥៣ឆ្នាំ ​មាន​ប្រជាប្រិយ​ភាព​ អាច​ទទួលជោគជ័យ​បាន​បែប​នេះ​​ ក៏​ដោយសារ​លោក​​​មិនធ្លាប់​ធ្វើ​នយោបាយ​កាលពី​មុន ដូច្នេះ​លោក​​​មាន​ឈ្មោះ​ស្អាតស្អំ​ មិន​ប្រឡាក់ប្រឡូស​នឹង​អំពើ​​ពុករលួយ ខុសពី​​អ្នកនយោបាយ​មួយ​ចំនួន​ក្នុង​​ជួរ​រដ្ឋាភិបាល​​ ​បច្ចុប្បន្ន។​ រីឯ​​គូប្រជែង​​លោក​ចូកូវី​ គឺ​លោក​ស៊ូបៀនតូ អាយុ ​៦២ ឆ្នាំ ​ជា​អតីត​មេទាហាន ជា​កូនប្រសារ​របស់​មេដឹកនាំ​ស៊ូហាតូ មិនសូវ​មាន​ប្រជាប្រិយភាព​​ ​ដោយសារ​តែ​​លោក​ស៊ូបៀនតូ ​ធ្លាប់​បង្ក្រាប​ចលនា​និស្សិត​ទាមទារ​​ប្រជា​ធិបតេយ្យ​ កាលពី​ឆ្នាំ​១៩៩៨។ ​​​ដោយសារ​ភាព​ស្អាតស្អំ​ក្នុងនយោបាយ ចៅហ្វាយ​ក្រុង​​ចាកាតា ​​ចូកូវី​ នឹង​ក្លាយ​ជា​មេដឹកនាំ​​​​ជំនាន់​ថ្មី ​នៅ​ឥណ្ឌូណេស៊ី។ ​

ប៉ុន្តែ ​លោក​ចូកូវី ត្រូវប្រឈម​នឹង​លោក​ស៊ូបៀនតូ ​​ដែល​មិន​ទទួលយក​លទ្ធផល​បោះឆ្នោត។​​ អតីត​មេទាហាន ​​​ស៊ូបៀនតូ ​​នឹង​តវ៉ា​​លទ្ធផល​នេះ។ លោក​ស៊ូបៀនតូ ​ចោទ​ថា មាន​ការ​បន្លំ​សន្លឹកឆ្នោត​​​​សន្ធឹកសន្ធាប់ ក្នុង​ថ្ងៃ​​បោះឆ្នោត​​៩កក្កដា កន្លងទៅ។​ តាំង​ពី​ថ្ងៃ​បិទទ្វារ​ការិយាល័យ​បោះឆ្នោត ​​ថ្ងៃ​៩កក្កដា​ម្ល៉េះ ទាំង​លោក​ចូកូវី ទាំង​លោក​ស៊ូបៀនតូ សុទ្ធ​តែ​ធ្លាប់​ប្រកាស​ជោគជ័យ​​បោះឆ្នោត​តែ​រៀងខ្លួន។

តុលាការ​​ឥណ្ឌូណេស៊ី មាន​ពេល​រហូត​ដល់​ចុងខែ​សីហា ដើម្បី​​​សម្រេចចិត្ត​លើ​ការប្តឹងផ្តល់​នេះ។ ទោះ​យ៉ាងនេះក្តី ​ប្រធានាធិបតី​ថ្មី ត្រូវ​ឡើងកាន់​តំណែង ក្នុងខែ​តុលា ក្រោយ​​លោក ស៊ុយស៊ីឡូ យូដូយ៉ូណូ ​​បញ្ចប់​​អាណត្តិ​ដឹកនាំ។ ឥណ្ឌូណេស៊ី ​​​ជា​ប្រទេស​នាំមុខ​សេដ្ឋកិច្ច នៅ​អាស៊ីអាគ្នេយ៍ និង​ជា​ប្រទេស​​​​កាន់សាសនា​អ៊ីស្លាម​​ធំបំផុត​ក្នុង​ពិភពលោក។ ​ប្រធានាធិបតី​​​​ឥណ្ឌូណេស៊ីថ្មី ​​ត្រូវ​ធ្វើកំណែ​ទម្រង់​ដោះស្រាយ​​បញ្ហា​មួយចំនួន​ បែបយ៉ាង​ការធ្លាក់ចុះ​នៃ​ការ​​​​ផលិត​​ក្នុង​ស្រុក រឺ​ក៏​កាត់​បន្ថយ​​ការ​ផ្តល់​​ជំនួយ​ប្រេងសាំង​ជាដើម​ព្រោះថា ​​ប្រេងសាំង​នៅ​ឥណ្ឌូណេស៊ី ​មាន​តម្លៃ​ទាប​ជាងគេ​បំផុតទៅហើយ​​ ក្នុង​តំបន់៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ