អានតួអត្ថបទ
រុស្ស៊ី

រុស្ស៊ី​បន្ត​ស្ថិត​នៅ​នាំ​មុខ​គេ​ក្នុង​លោក ខាង​ចំនួន​បង្ហោះ​ទៅ​អវកាស

នេះ​ជា​សេចក្តីសន្និដ្ឋាន នៅ​ក្នុង​របាយការណ៍​ថ្មី​ទើប​ចេញ​ដោយ​ក្រុមហ៊ុន Futron នៅ​ក្រុង​វ៉ាស៊ីនតោន ដែល​មាន​ឯកទេសកម្ម​សិក្សា​អំពី​និន្នាការ​សម័យ​បច្ចុប្បន្ន ខាង​ប្រើ​លំហ​អវកាស​ក្នុង​គោលដៅ​វិទ្យាសាស្ត្រ​យោធា និង​ពាណិជ្ជ។ អស់៥ឆ្នាំ​ជាប់​មក​ហើយ ដែល​ក្រុមហ៊ុន​នេះ​តាក់តែង​ឡើង​ជា​តារាង​ស្តីអំពី​សមត្ថភាព​ប្រជែងគ្នា​រវាង​រដ្ឋ​ផ្នែក​អវកាស។

រុស្ស៊ី​បន្ត​ស្ថិត​នៅ​នាំ​មុខ​គេ​ក្នុង​លោក ខាង​ចំនួន​បង្ហោះ​ទៅ​អវកាស
រុស្ស៊ី​បន្ត​ស្ថិត​នៅ​នាំ​មុខ​គេ​ក្នុង​លោក ខាង​ចំនួន​បង្ហោះ​ទៅ​អវកាស
ផ្សាយពាណិជ្ជកម្ម

តារាង​ស្តីអំពី​សមត្ថភាព​ប្រជែង​នេះ តាម​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី ITAR-TASS កត់សម្គាល់ គឺ​ឈរ​លើ​ការ​ធ្វើ​វិភាគ​អំពី​កម្មវិធី​រដ្ឋាភិបាល អំពី​មូលដ្ឋាន​ឧស្សាហកម្ម និង​អំពី​ធនធានមនុស្ស​នៅ​តាម​ប្រទេស​ដែល​ជាប់ដៃ​រវល់​នឹង​ការ​ស្រាវជ្រាវ​ប្រើប្រាស់​លំហអវកាស។ កាល​មុន របាយការណ៍ Futron ប៉ះ​តែ​លើ​តួអង្គ១០​ដ៏​សំខាន់​នៅ​លើ “ទីផ្សារ​ពិភពលោក​ខាង​ផ្តល់​សេវា​អវកាស” ពោល​គឺ​រុស្ស៊ី ស.រ.អ. ចិន ប្រេស៊ីល អឺរ៉ុប អ៊ីស្រាអែល ឥណ្ឌា កាណាដា កូរ៉េខាងត្បូង និង​ជប៉ុន។ ឥឡូវ​ក្នុង​ឆ្នាំ២០១២​នេះ មាន​បន្ថែម​ទៅ​ដោយ​៥ប្រទេស​ផ្សេង គឺ អូស្ត្រាលី អារហ្សង់ទីន អ៊ីរ៉ង់ អ៊ុយក្រែន និង សាធារណរដ្ឋ​អាហ្វ្រិក​ខាងត្បូង ហេតុ​ដែល​ស​ឲ្យ​ឃើញ ពី​ការ ”ពន្លឿន​ពិភពលោក​ភាវូបនីយកម្ម​នៃ​សកម្មភាព​ក្នុង​អវកាស”។

របាយការណ៍ Futron កត់​សម្គាល់​ថា រុស្ស៊ី និង ស.រ.អ.នៅ​តែ​នាំ​មុខ​គេ​ដដែល​ក្នុង​លោក ខាង​វិស័យ​អវកាស ប៉ុន្តែ​កំពុង​ពើប​ប្រទះ​នឹង​ការ​ប្រជែង​កាន់​តែ​ខ្លាំង​ឡើងៗ ពី​ខាង​ប្រទេស​ឯទៀត ជា​បឋម គឺ​ពី​ខាង​មហា​ប្រទេស​ចិន។ តាម​ទិន្នន័យ​លើក​ឡើង​ដោយ​របាយការណ៍ Futron ៖ក្នុង​១០ឆ្នាំ​ចុង​ក្រោយ ពី​ក្នុង​ចំណោម​ការ​បង្ហោះ​យ៉ាង​ជោគជ័យ​ទៅ​អវកាស​ចំនួន ៦៤០លើក ធ្លាក់​មក​លើ​ប្រទេស​រុស្ស៊ី​ដែល​ជាប់លេខ១​នាំ​មុខ​គេ គឺ​មាន​ចំនួន​ដល់​ទៅ ២២៥លើក។ ជាប់លេខ២ គឺ ស.រ.អ. ១៩១លើក លេខ៣ គឺចិន​៨៧លើក លេខ៤ គឺ អឺរ៉ុប ៦១លើក លេខ៥ គឺជប៉ុន ២៤លើក លេខ៦ គឺ​ឥណ្ឌា ១៧លើក លេខ៧ គឺ​អ៊ីស្រាអែល ៣លើក ហើយ​លេខ៨ គឺ​អ៊ីរ៉ង់ ២លើក។ ប៉ុន្តែ​ក្នុង​រយៈពេល​នេះ ខាង​ចំនួន​សាតេលីទ​ដែល​មាន​សង់​បាន​ចំនួន ១.០៨៦គ្រឿង គឺ ស.រ.អ. ដែល​ជាប់​លេខ១ មាន​ចំណែក​ដល់​ទៅ ៣៨% រុស្ស៊ី​ជាប់លេខ២​ដោយ​អត្រា ២០% លេខ៣ គឺ​អឺរ៉ុប ១៧% លេខ៤ គឺ​ចិន ៩% និង​លេខ៥ គឺ​ជប៉ុន ៦%។

និយាយ​ពី​ករណី​រុស្ស៊ី របាយការណ៍​នៃ​ក្រុមហ៊ុន​ស្រាវជ្រាវ​អាមេរិកាំង Futron សង្កត់ធ្ងន់​ថា រុស្ស៊ី​ស្ថិត​នៅ​ជា​ប្រទេស​នាំមុខគេ​ក្នុង​លោក ខាង​ចំនួន​បង្ហោះ​ទៅ​អវកាស ហើយ​តាម​មើល​ទៅ គឺ​នឹង​នៅ​រក្សា​ទុក​តួនាទី​នេះ ទាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចំពោះ​មុខ ដោយសារ​យានអវកាស​រុស្ស៊ី​ធុន Soyuz បន្ត​ស្ថិតនៅ​ជា​នាវា​តែ​មួយ​គត់​ដែល​ដឹក​អ្នកអវកាស​សញ្ជាតិប្លែកៗ​ទៅ​កាន់ “ស្ថានីយ​
អវកាស​អន្តរជាតិ” SSI ហោះ​ក្នុង​ឋានៈ​ជា ”មន្ទីរពិសោធ” ប្រចាំ​នៅ​កំពស់​ប្រមាណ ៤០០គ.ម. លើ​ផែនដី​អស់១២ឆ្នាំ​ជាប់​មក​ហើយ។ មិន​តែ​ប៉ុណ្ណោះ នាវា Soyuz របស់​រុស្ស៊ី​ក៏​ចាប់​ផ្តើម​បង្ហោះ​ចេញ​ពី​អវកាសយានដ្ឋាន​បារាំង​ឈ្មោះ Kourou នៅ​លើ​ដែនដី Guyane ទៅ​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ