អានតួអត្ថបទ
កម្ពុជា

បុណ្យ​​អុំ​​ទូក​​​ថ្ងៃ​​ទី​​ពីរ​នៅ​តែ​មាន​មនុស្ស​ចូល​រួម​តិច​តួច​

ការ​ប្រណាំង​ទូក នៅ​ក្នុង​ថ្ងៃ​ទី​ពីរ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បាន​ចាប់​ផ្តើម​នៅ​ម៉ោង ​១១ ព្រឹក​ថ្ងៃ​ទី​ ០៦ វិច្ឆិកា​នេះ ដូច​ថ្ងៃ​ទី​១​ដែរ។ ប៉ុន្តែ អ្នក​ចូល​រួមនៅតែមាន​ចំនួន​តិច​ជាង​រៀង​រាល់​ឆ្នាំ។ បើ​ទោះ​បី​ជា​នៅ​ភ្នំពេញ​មាន​ការ​រៀប​ចំ​សន្តិសុខ សណ្តាប់​ធ្នាប់​ល្អ​ក៏​ដោយ ក៏ គ្រោះ​ថ្នាក់​ចរាចរណ៍​​តាម​​ដង​​ផ្លូវ​​នានា​​ទូទាំង​​ប្រទេស​​នៅពីរ​​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​អុំទូក​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​២៥​នាក់​។

កីឡាករអុំទូកកម្ពុជា នៅថ្ងៃទី ០៥ វិច្ឆិកា ឆ្នាំ ២០១៤។
កីឡាករអុំទូកកម្ពុជា នៅថ្ងៃទី ០៥ វិច្ឆិកា ឆ្នាំ ២០១៤។ @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ការ​ប្រណាំង​ទូក​ង និង​ទូក​ចេវ នៅ​ក្នុង​ថ្ងៃ​ទី​ពីរ នៃ​ពិធី​បុណ្យ​អុំ​ទូក បណ្តែត​ប្រ​ទីប និង​អក​អំ​បុក សំពះ​ព្រះ​ខែ បាន​ដំណើរ​ការ​ទៅ​ជា​ធម្មតា​។ នៅ​ថ្ងៃ​ទី​ពីរ​នេះ​មាន ការ​ប្រណាំង​ទូក​អុំ​បុរស និង​នារី​ខ្នាត​អន្តរ​ជាតិ ទូក​អុំ​បុរស​គូ​ពិសេស ទូក​អុំ​បុរស ទូក​ចេវ​នារី និង​ទូក​ចែវ​បុរស។ ការប្រ ណាំង​ទូក​អុំ​បុរស ខ្នាត​អន្តរ​ជាតិ ត្រូវ​បាន​ចាប់​ផ្តើម​ប្រណាំង​មុន​គេ​។

ការ​ប្រណាំង​ទូក​នៅ​ថ្ងៃ​ទី​២​នេះ ក៏​ប្រព្រឹត្ត​ទៅ​ដូច​ថ្ងៃ​ទី​១​ដែរ ដោយ​មាន​ចំងាយ ១៧០០ ម៉ែត្រ ហើយ​ការ​ប្រ​ណាំង​ទូក​ចាប់​ផ្តើម​ពី​ម៉ោង​១១ និង​បញ្ចប់​នៅ​ម៉ោង ៥ ល្ងាច ដោយ​ប្រណាំង​ពីរ​ជើង​ក្នុង​មួយ​ថ្ងៃ​។ ចំណែកអ្នកចូលរួមក៏មាន​តិចតួចដែរ។

នៅ​ក្នុង​ការ​ប្រណាំង​ថ្ងៃ​ទី ១ គេ​សង្កេត​ឃើញ​ថា មិន​សូវ​ជា​មាន​មនុស្ស​កុះករ ចូល​រួម​នៅ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក ដូច​ឆ្នាំ​មុន​ៗ​នោះ​ទេ នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​។ ប៉ុន្តែ គ្រាន់​តែ​ក្នុពីរ​ថ្ងៃ​ដំបូង មាន​មនុស្ស​ស្លាប់​ចំនួន ២៥​នាក់ ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​។ គ្រាន់តែថ្ងៃទី១​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង ១២ លើក បាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប ២២ គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ ១៥​គ្រឿង រថយន្ត​ធុន​តូច ៤​គ្រឿង រថយន្ត​ធុន​ធំ ១ គ្រឿង និង​យាន​យន្ត​ផ្សេង​ៗ​ទៀត​ចំនួន ២​គ្រឿង​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ប៉ូលិស​។

សូម​បញ្ជាក់​ថា ការ​រៀប​ចំ​សណ្តាប់​ធ្នាប់​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នៅ​ឆ្នាំ​នេះ ត្រូវ​បាន​រឹត​បណ្តឹង និង ការពារ​សន្តិ​សុខ​យ៉ាង​ម៉ត់​ចត់​ជូន​ដល់​ប្រជា​ពលរដ្ឋ​ដែល​បាន​មក​ចូល​រួម បន្ទាប់​ពី​ខក​ខាន​អស់​រយៈ​ពេល​៣​ឆ្នាំ​មក និង​ក្រោយ​ពី​កើត​មាន​ហេតុ​ការណ៍​ស្លាប់​មនុស្ស​អស់​ជាង ៣០០​នាក់ ក្នុង​ថ្ងៃ​បុណ្យ​អុំ​ទូក​ទី ៣ កាល​ពី​ឆ្នាំ ២០១០ ​បញ្ហា​ទឹក​ជំនន់ និង ពេល​ដែល​ព្រះ​មហាវីរ​ក្សត្រ សម្តេច នរោត្តម​សីហនុ យាង​សោយ​ទិវង្គត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ