អានតួអត្ថបទ
អាស៊ីបូព៌ា

វេន ជាប៉ាវ៖ អាស៊ី​បូព៌ា​កំពុង​ប្រឈម​នឹង​ស្ថានភាព​មួយ​ដែល​មិន​នឹងន និង​មិន​ច្បាស់លាស់

នៅក្នុង​ជំនួប​កំពូល​សេដ្ឋកិច្ច រៀបចំ នៅថ្ងៃ​អាទិត្យ​ទី​១៣ ឧសភា​នេះ ក្នុង​ទីក្រុង​ប៉េកាំង ថ្នាក់ដឹកនាំ​របស់​ប្រទេស​សេដ្ឋកិច្ច​ធំៗ​បី គឺ ចិន កូរ៉េខាងត្បូង និង​ជប៉ុន​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការបង្កើត​ឲ្យ​មាន​តំបន់​ដោះដូរ​សេដ្ឋកិច្ច​សេរី​មួយ។ សំណុំរឿង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ក៏​ត្រូវ​ប្រទេស​ទាំងបី​លើក​ទៅ​និយាយ​ដែរ។ នៅក្នុង​សន្និសីទ​កាសែត លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង លី ម្យ៉ុងបាក់​បាន​ថ្លែង​ព្រមាន​កូរ៉េខាងជើង​ដែល​ប៉ុនប៉ង​ធ្វើការ​បាញ់​សាកល្បង​អាវុធនុយក្លេអ៊ែរ​ជា​លើកទីបី។

លោក​លី ម្យ៉ុងបាក់(កូរ៉េខាងត្បូង) លោក​វេន ជាប៉ាវ(ចិន) លោក​ យូស្ស៊ីហីតូ ណូដា​(ជប៉ុន)
លោក​លី ម្យ៉ុងបាក់(កូរ៉េខាងត្បូង) លោក​វេន ជាប៉ាវ(ចិន) លោក​ យូស្ស៊ីហីតូ ណូដា​(ជប៉ុន) © REUTERS
ផ្សាយពាណិជ្ជកម្ម

 

នៅក្រោយ​ការពិភាក្សា​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងបី​ស្តីពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ប្រធានាធិបតី​កូរ៉េខាងត្បូង​ប្រកាសថា ចិន ជប៉ុន និង​កូរ៉េខាងត្បូង​បាន​យល់ស្រប​គ្នា ថា នឹង​មិនអាច​ទទួល​យក​បាន​ទេ នូវ​ការបាញ់​សាកល្បង​អាវុធ​នុយក្លអ៊ែរ​ជាថ្មី គឺ​ជា​លើក​ទីបី ឬ​ក៏​សកម្មភាព​ញុះញង់​របស់​កូរ៉េខាងជើង។

កូរ៉េខាងត្បូង និង​ជប៉ុន​ដែល​ជា​សត្រូវ​សងសឹក​របស់​កូរ៉េខាងជើង នៅ​តែ​ជឿ​ថា របប​កុម្មុយនិស្ត​កូរ៉េខាងជើង​កំពុង​ត្រៀម​រៀបចំ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ។ ផ្កាយរណប​អាមេរិក ធ្លាប់​បាន​បង្ហាញឲ្យ​ឃើញ​ពី​ទីតាំង​ដែល​គេ​សង្ស័យថា កូរ៉េខាងជើង​កំពុង​រៀបដំឡើង​ម៉ាស៊ីន​ដើម្បី​បាញ់សាកល្បង​អាវុធ​នុយក្លេអ៊ែរ នៅ​ផ្នែក​ឦសាន​ប្រទេស។ កូរ៉េខាងជើង​ទើប​តែ​បរាជ័យ មិន​អាច​បាញ់​បង្ហោះ​រ៉ុកកែត​របស់ខ្លួន កាលពី​ថ្ងៃ​ទី ១៣​មេសា​កន្លងទេ។ គេ​ជឿថា នៅរាល់​ក្រោយ​ការបាញ់​មីស្ស៊ីល ឬ​រ៉ុកកែត​តាមការអះអាង​របស់​កូរ៉េខាងជើង កូរ៉េខាងជើង តែងតែ​បាញ់​សាកល្បង​នុយក្លេអ៊ែរ ដូចកាលពី​ឆ្នាំ ២០០៦ និង​២០០៩ ដែល​ធ្វើ​ឲ្យ​អង្គការ​សហប្រជាជាតិ​បាន​ថ្កោលទោស ដាក់​ទណ្ឌកម្ម។

នៅមុន​ជំនួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង និង​នាយករដ្ឋមន្រ្តី​ជប៉ុន លោក នាយករដ្ឋមន្រ្តី​ចិន ​វេន ជាប៉ាវ ធ្លាប់​បាន​និយាយ​ទុកជាមុន​ថា តំបន់​អាស៊ី​បូព៌ា​កំពុង​ប្រឈមនឹង​ស្ថានភាពមួយ​ដែល​មិន​នឹងន និង​មិន​ប្រាកដប្រជា ដែល​គេ​ពិបាក​នឹង​ទស្សទាយ​ដឹងមុន។

ក្នុង​បរិបទ​បែបនេះ ថ្នាក់ដឹកនាំ​ចិន​បាន​អំពាវនាវ​ឲ្យ​គ្រប់ភាគី​ទាំងអស់​រួមទាំង ថ្នាក់ដឹកនាំ​កូរ៉េខាងត្បូង និង​ជប៉ុន​ប្រកាន់ខ្ជាប់ កាអត់ធ្មត់ និង​ផ្លាស់ប្តូរ​យោបល់​គ្នា​ជាមួយ​ចិន។ សម្រាប់ទីក្រុង​ប៉េកាំង ដើម្បី​បន្ថយ​ភាពតានតឹង មធ្យោបាយ និង​រក​ច្រកចេញ​ពី​វិបត្តិនុយក្លេអ៊ែរ​កូរ៉េខាងជើង គឺ​មាន​តែ​ការចរចា​ផ្នែក​ការទូត​តែមួយមុខ​ប៉ុណ្ណោះ។

ឈាន​ទៅ​ពិភាក្សា​បង្កើត​តំបន់ដោះដូរ​សេរី​រួម
តំបន់​ដោះដូរ​សេរី នឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​សមាជិក ជាពិសេស នៅខណៈពេល​សេដ្ឋកិច្ច​នៅអឺរ៉ុប និង​នៅអាមេរិក​កំពុង​ដើរ​អូសជើង។ ចិន​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទីពីរ ដែល​មាន​អឺរ៉ុប​ជា​ទីផ្សារ​ធំរបស់ខ្លួន កំពុង​ចង់​កាត់បន្ថយ​ការពឹង​ផ្អែក​របស់ខ្លួន​ទៅលើ​ទីផ្សាយ អឺរ៉ុប។ ចិន​ខំ​ជំរុញ ការប្រើប្រាស់​ក្នុង​ស្រុក និង​ងាក​មក​ពង្រឹង​ចំណង​សេដ្ឋកិច្ច​ជាមួយ​ជប៉ុន និង​កូរ៉េខាងត្បូង ដែល​កំពុង​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង។

ថ្នាក់ដឹកនាំ​ចិន និង​កូរ៉េខាងត្បូង​បាន​និយាយ នៅថ្ងៃ​នេះ ហើយថា តំបន់​ដោះដូរ​សេរីនេះ​ត្រូវ​តែ​មាន ក្នុង​កាលៈទេសៈ ដែល​សេដ្ឋកិច្ច​ពិភពលោក​បច្ចុប្បន្ន​ទើប​តែងើប​ពី​វិបត្តិ និង​ក្នុង​ពេល​ដែល​ប្រទេស​ជា​ច្រើន​កំពុង​អនុវត្ត និង​ពង្រីក​នយោបាយ​ឧបត្ថម្ភនិយម (protectionisme) គឺ​ការពារ​ទីផ្សារ​របស់​ផលិតផល​ក្នុង​ស្រុក ដោយ​ចាត់វិធានការ​នានាដើម្បី​ទប់ស្កាត់​ការលុកលុយ​របស់​ផលិតផល​ពី​បរទេស។ ដូច្នេះ បើ​​ចិន កូរ៉េខាងត្បូង និង​ជប៉ុន​បាន​សម្រេច ក្នុង​កាបង្កើត​តំបន់​ដោះដូរ​សេរី​រួមគ្នា​បាន​នោះ នោះ គេ​សង្ឃឹមថា ពន្ធ​នាំចូល​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​លុបចោល ហើយ​វិធានការរបស់​រដ្ឋ​​ដែល​ធ្លាប់​តឹងតែង​ទៅលើ​ផលិតផល​បរទេស ក៏​នឹង​ត្រូវ​គេ​បន្ធូរបន្ថយ ឬ​លុប​ចោល​ទាំងមូល។

ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួរវិញ​បាន​ប៉ាន់ស្មានហើយ ថា តំបន់​ដោះដូរ​សេរី​នឹង​ជួយ​ឲ្យ​ផលិតផល​ក្នុង​ស្រុក​សរុប ឬ​GDP របស់​ចិន កើនឡើង​ជិត ជិត ៣ភាគរយ ចំណែក​កូរ៉េខាងត្បូង ដែលជំនាញ​ខាងនាំចេញ​ផលិតផល​អេឡិចត្រូនិក នឹង​ទទួលប្រយោជន៍​ពី​តំបន់​ដោះដូរ ដោយ​ផលិតផល​ក្នុង​សរុប​ប្រទេស​នេះ នឹង​កើនឡើង​ជាង​៣ភាគរយ ច្រើន​ជាង​ចិន។ លើកលែង​តែ​ជប៉ុន ដែល​មាន​កំណើន​GDP​តិច គឺមិន​ដល់​មួយ​ភាគរយ​ផង។

ចំណុចវិជ្ជមាន​ចេះ​តែមាន ប៉ុន្តែ យ៉ាងណាក៏ដោយ ផ្លូវ​ធ្វើដំណើរ ទៅ​បង្កើត​ឲ្យ​ចេញជា​រូបរាង តំបន់​ដោះដូរ​សេរី​រវាង​បីប្រទេស វា នៅវែងឆ្ងាយ​តទៅទៀត។ សូម្បី​តែ​ចិន​ផ្ទាល់​ក៏​ទទួលស្គាល់​ដែរ ថា នឹង​មាន​ការលំបាក​ច្រើន ក្នុង​ការបង្កើត​តំបន់​ដោះដូរសេរី។ លំបាក និង​នៅវែងឆ្ងាយ ព្រោះថា នៅក្នុង​កាលៈទេសៈ​ដែល​នយោបាយ​តំបន់​នៅមិន​ទាន់​មាន​ស្ថិរភាព ជំនឿទុកចិត្ត​រវាង​ប្រទេស​ទាំងបី ត្រូវ​តែ​មាន​ចាំបាច់ ទាំង​ផ្នែក​នយោបាយការទូត និង​ទំនាក់​ទំនង​សេដ្ឋកិច្ច។

គួរដឹងថា គម្រោង​បង្កើត​តំបន់​ដោះដូរ​ចិន ជប៉ុន និង​កូរ៉េខាងត្បូង កើតមាន​នៅជួន​ពេល​ដែល​តំបន់​ដោះដូរ​សេរី មួយទៀត ឈ្មោះ ភាពជា​ដៃគូ​អន្តរប៉ាស៊ីហ្វិក​កំពុង​ត្រូវគេ​ចរចា​ត្រៀម​រៀបចំ​បង្កើត​ឡើងដែរ។ ក្នុង​ផែនការ​បង្កើត​តំបន់​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក (TPP)មាន​ជប៉ុន កំពុង​ចូលរួម​ដែរ​ជាមួយ​អាមេរិក និង​ប្រទេស​អាស៊ី​ដទៃ ទៀត ប៉ុន្តែ ​ចិន និង​កូរ៉េខាងត្បូង​មិន​បាន​ចូលរួមទេ។ ចិន​ដែល​ខំ​ជំរុញ​ឲ្យ​តំបន់​ដោះដូរសេរី​នៅ​អាស៊ី​បូព៌ា កើតចេញ​ឆាប់ៗ ព្រោះ​ដើម្បី​ប្រជែងជាមួយ​អាមេរិក។ ចិន​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​លេខពីរ បន្ទាប់ពី អាមេរិក ពិតជា​មិន​ពេញចិត្ត​ទេ​ដែល​ឃើញ​អាមេរិក ពង្រីក​ផ្នែកយោធា និង​លូកដៃ​មក​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​នៅអាស៊ីប៉ាស៊ីហ្វិក។ ចិន​តែង ចាត់ទុក​នយោបាយ​អាមេរិក នៅអាស៊ី ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ភូមិសាស្រ្ត​នយោបាយ និង​សេដ្ឋកិច្ច​របស់ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ