អានតួអត្ថបទ
អវកាស

ឧបករណ៍​ស្ទង់ទិន្ន័យ​អវកាស​Juno ​បាន​ទៅដល់​ខ្សែវ័ន​ភព​Jupiter

ថ្ងៃទី​៤កក្កដា ​ ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ឆ្នាំនេះ ​ មាន​ការ​អបអរ​មួយ​ពិសេស​បន្ថែម​ទៀត ​ គឺ​ដោយក្រុម​អ្នក​វិទ្យាសាស្ត្រនៅ​ស្ថានីយ៍​អវកាស​Nasa ​ទើប​ទទួល​បាន​ដំណឹង​ថា ​ឧបករណ៍​ស្ទង់​ទិន្ន័យ​អ​វកាស​ឈ្មោះ ​Juno​ បាន​ទៅ​ដល់​ខែ្សវ័ន​ នៃ​ភព​ជូពីទឺ ​ដោយ​ជោគជ័យ​ហើយ។ ឧបករណ៍​ស្ទង់​ទិន្ន័យ​អវកាស​នេះ ​មាន​បេសកកម្ម​ប្រមូល​យក​ទិន្ន័យ ​ទាក់ទង​ទៅនឹង​​ធាតុផ្សំ​ទាំង​ក្នុង​មាឌ ​ទាំង​ក្នុង​បរិយាកាស​​ជុំវិញ​ភព​ជូពីទឺ ​ដែល​ជា​ភព​ដ៏ធំ​ជាង​គេ​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ។

រូបភាព​តំណាង  បង្ហាញ​ពី​ឧបករណ៍​ Juno ដែលហោះទៅកៀក​​នឹង​ភព​​Jupiter
រូបភាព​តំណាង បង្ហាញ​ពី​ឧបករណ៍​ Juno ដែលហោះទៅកៀក​​នឹង​ភព​​Jupiter NASA
ផ្សាយពាណិជ្ជកម្ម

ឧបករណ៍​ស្ទង់​ទិន្ន័យ​អវកាស​ឈ្មោះ ​Juno ​បាន​ទៅ​ដល់​ក្នុង​ខ្សែវ័ន​នៃ​ភព​Jupiter ​ហើយ ​ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​អស់រយៈ​ចំងាយ​ចំនួន ​ ២៧០០​លាន​គីឡូម៉េត្រ។ ដោយសារ​តែ​ភពJupiter ​ស្ថិតនៅ​ចំងាយ​៨៦៩​លាន​​គីឡូម៉ែត្រ​ពី​ភពផែនដី ​ទើប​រលក​សញ្ញា​ស្តីពី​ជោគជ័យ​របស់​ឧបករណ៍​Juno ​ ត្រូវការ​ពេល​ចំនួន ​៤៨នាទី​ ​ដើម្បី​មកដល់​ផែនដី។ ឧបករណ៍​Juno ​នេះ ​មាន​ទំងន់​៣,៦តោន ​ ដែល​ដើរ​ដោយ​​ពន្លឺ​ព្រះអាទិត្យ។ បេសកកម្ម​នេះ​បាន​ចាប់ផ្តើម​នៅ​ខែ​សីហា ​ឆ្នាំ​​២០១១​ ដោយ​បាន​ចំណាយប្រាក់​ចំនួន​១១០០​លាន​ដុល្លារ។

 
សម្លេង​កងរំពង​ទះដៃ​អបអរ​បាន​បន្លឺឡើង​កាន់តែ​ខ្លាំង ​ នៅ​ពេល​ដែល​ឧបករណ៍​Juno​ នេះ​ បាន​បញ្ជូន​រលក​​សញ្ញា ​ប្រាប់ថា​វា​បាន​បែរ​មុខ​ទៅ​រក​ពន្លឺ​ព្រះអាទិត្យ​​ បាន​ដោយ​ជោគជ័យ​បន្ថែមទៀត ​ ដើម្បី​បន្តស្រូប​​យក​ថាមពល​ពី​ពន្លឺ​ព្រះអាទិត្យ។ បច្ចុប្បន្ន​​ ឧបករណ៍​Juno ​កំពុងស្ថិត​នៅ​លើ​ខ្សែវ័ន​ រឺ​ខ្សែ​អរប៊ីដ​តំបន់​ប៉ូល​នៃភព​Jupiter ​ក្នុងចំងាយ​៥៣,៥​ថ្ងៃ។ ហើយ​នៅ​រវាង​ខែ​តុលា ​Juno ​នឹង​រំកិល​ខ្លួន​ទៅ​ក្នុង​ចំងាយ​១៤ថ្ងៃ ​ដោយ​ត្រូវ​ស្ថិត​នៅ​ក្រោម​ផ្សែង​ឧស្ម័ន​ដ៏​ក្រាសឃ្មឹក ​ ដែល​នៅ​ជុំវិញ​ភព​Jupiter

ក្នុងបេសកកម្ម​ដែលមាន​រយៈពេល​២០ខែ ​ឧបករណ៍​​Juno ​នេះ ​ត្រូវ​ហោះ​ឆ្លងកាត់​ភពJupiter​ ​ចំនួន​៣៧ដង​ ​នៅ​រយៈ​ចំងាយ​ចន្លោះ​ពី​ ៤៦៦៧ ​ទៅ ​១ម៉ឺន​ គីឡូម៉ែត្រ​ពី​ភព​នេះ​។ នេះ​ជា​លើក​ទីមួយ​ហើយ​ ដែល​យាន​មួយ​អាច​ហោះ​ទៅកៀក​ខ្លាំង​ នឹងភពJupiter ​ ព្រោះកាល​ពី​ឆ្នាំ​១៩៧៤ ​ឧបករណ៍Pionner 11 ​បាន​ហោះ​ទៅជិត តែ​ក្នុង​ចំងាយ៤៣​ម៉ឺន​គីឡូម៉ែត្រ។

បេសកកម្ម​របស់​ឧបករណ៍​ស្ទង់ទិន្ន័យ​Juno​ គឺ​ដើម្បី​ពិនិត្យ​រាល់​ធាតុផ្សំ​ទាំង​ឡាយណា​ ដែល​លាយ​ឡំនៅ​ក្នុង​លំហរ​អាកាស ​ជុំវិញភពJupiter ​ព្រមទាំង​ស្រង់​ទិន្ន័យ​ស្តីពី​កម្លាំង​ទំនាញ​នៃ​ភព​នេះ។ ទិន្ន័យ​នៃ​កម្លាំង​ទំនាញ ​ អាច​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​សន្និដ្ឋាន​បាន​ អំពី​ធាតុផ្សំ​នៃ​ម៉ាសមាឌ​របស់​ភពនេះ។ យ៉ាងណា​ក៏ដោយ​ អ្នក​វិទ្យាសាស្ត្រNasa ​ បាន​សម្តែង​ការ​ព្រួយបារម្ភ​ ​ពី​គ្រោះថ្នាក់​ ដែល​អាច​កើត​មាន​ ក្នុង​ករណី​ដែល​ឧករណ៍​​​Juno ​ខិតចូល​ទៅ​ជិត​នឹង​ភព​នេះ​ពេក ​ព្រោះ​សំពាធ​នៃ​ស្រទាប់​អ៊ីដ្រូហ្សែន ​បូកផ្សំ​ជាមួយ​នឹង​ទំនាញ​វិលជុំ​ដ៏ខ្លាំង ​គឺ​វា​អាច​បង្កើត​ជា​ដែន​ម៉ាញ៉េទិក ​​ដែល​អាច​បំផ្លាញ​ដំណើរការ​របស់​ឧបករណ៍Juno​បាន។ មួយវិញ​ទៀត ​ ឧបករណ៍​នេះ ​ ត្រូវ​ឆ្លងកាត់​ខ្សែស្រទាប់ ​នៃ​បំណែក​អាច់ផ្កាយ ​មុន​នឹង​អាច​ឈាន​ចូល​ទៅ​ជិត​ភពJupiter

សូម​បញ្ជាក់ថា ​ភពJupiter ​គឺ​​ជា​ភព​ទីប្រាំ​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ ​ហើយ​ជា​ភព​ដែល​មាន​ទំហំ​ធំ​ជាង​គេ ​ពោលគឺ​ប្រមាណ​ជា​៣១៨ដង ​ ធំជាង​ភពផែនដី​យើង។ រហូត​មក​ទល់​ពេល​នេះ ​នៅ​មិន​ទាន់​មាន​ការសិក្សា​ស្រាវជ្រាវ​ណាមួយ​ បង្ហាញ​ពី​ចរិក​លក្ខណៈ ​និង​ធាតុផ្សំ​របស់​ភព​នេះ​ទេ។ ហើយគេ​នៅ​មិន​ទាន់​ដឹង​ថា ​ តើភព​Jupiter ​នេះ ​មាន​ស្នូល​កណ្តាល​ដែរ​រឺ​ក៏​អត់​ទេ។ អ្វីដែល​អ្នក​វិទ្យាសាស្ត្រ​ចង់​ដឹង​មួយ​ទៀត ​ ​គឺ​ថា​តើមាន​អ្វី​ខ្លះ ​នៅក្នុង​ផ្សែង​ឧស្ម័ន​ ដ៏​សែន​ក្រាស​មាន​លាយ​ពណ៌ស ​និង​ពណ៌​ក្រហម ​ដែល​ហោះ​អណ្តែត​គួច ​យ៉ាង​ខ្លាំង​នៅ​ជុំវិញ​ភពនេះ?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ