អានតួអត្ថបទ
រុស្ស៊ី-អវកាស

ក្រុម​អវកាសយានិក​អន្តរជាតិ​មួយ​លើក​ថ្មី​ទៀត​បាន​ត្រឡប់​មក​ដល់​ផែនដី​វិញ

ក្រុម​អវកាសយានិក​អន្តរជាតិ​នេះ​មាន​គ្នា​៣នាក់​ដែល​ជា​ក្រុមទី៣២ បន្ទាប់​ពី​បាន​ស្នាក់​ធ្វើ​ការ​ស្រាវជ្រាវ​ក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ SSI អស់​ជាង​៤ខែ និយាយ​ឲ្យ​ចំ គឺ​អស់១២៧ថ្ងៃ នៅ​វេលា​ម៉ោង ៥ និង៥៣នាទី​ព្រឹកមិញ បាន​ហោះ​ត្រឡប់​មក​ដល់​ផែនដី​វិញ តាម​រយៈ​យានអវកាស​រុស្ស៊ី​ធុន Soyuz TMA-05M។

ក្រុម​អវកាសយានិក​អន្តរជាតិ​មួយ​លើក​ថ្មី​ទៀត​បាន​ត្រឡប់​មក​ដល់​ផែនដី​វិញ
ក្រុម​អវកាសយានិក​អន្តរជាតិ​មួយ​លើក​ថ្មី​ទៀត​បាន​ត្រឡប់​មក​ដល់​ផែនដី​វិញ ©Reuters
ផ្សាយពាណិជ្ជកម្ម

អ្នក​អវកាស​៣នាក់​នោះ គឺ​ជាតិរុស្ស៊ី​លោក Yuri Malenchenko ជាតិ​អាមេរិកាំង​លោកស្រី Sunita Williams និង​ជាតិ​ជប៉ុន​លោក Akihiko Hachide បាន​ត្រឡប់​មក​ដល់​ដី​វិញ ប្រកប​ដោយ​សុវត្ថិភាព។ យាន​អវកាស​ដែល​បាន​ផ្ទុក​គេ​មក បាន​ចុះចត​នៅ​ឯ​វាលស្មៅ​នៃ​សាធារណរដ្ឋ​កាហ្សាក់ស្ថាន។ មជ្ឍមណ្ឌល​ខាង​បញ្ជា​លើ​ការ​ហោះហើរ​របស់​គេ​ដែល​ស្ថិត​នៅ​លើ​ដី​បាន​តាម​ដាន​ជាប់​ជានិច្ច អំពី​ការ​ហោះ​ចុះ​នៃ​យាន​អវកាស​នោះ តាំង​ពី​វា​ផ្តាច់ខ្លួន​ចេញ​ពី​ស្ថានីយ​អវកាស​អន្តរជាតិ SSI នៅ​កំពស់ ៤១២គ.ម.រហូត​មក​នៅ​កំពស់ ១៣៩គ.ម.កាល​ដែល Capsule ជាទី​ដែល​មាន​អ្នកអវកាស​ទាំង​៣នាក់​ស្ថិត​នៅ​ខាង​ក្នុង ផ្តាច់​ខ្លួន​ចេញ​ពី​យាន​អវកាស Soyuz ផ្ទាល់ ហើយ​កាល​ដែល​នៅ​សល់​តែ ១០,៨គ.ម. ដល់​ផ្ទៃ​ផែនដី​ផ្ទាល់ ឆ័ត្រយោង​របស់ Capsule នោះ​បាន​ដម្លោះ​ទប់​ល្បឿន​វា ឲ្យ​ធ្លាក់​ចុះ​ដោយ​សន្សឹមៗ​លុះ​មក​ដល់​ដី​ផ្ទាល់​តែ​ម្តង។

ប្រតិបត្តិការ​ខាង​តាម​ដាន​យាន​ដែល​ផ្ទុក​អ្នក​អវកាស​ទាំង​នោះ​ឲ្យ​ចុះចត​ប្រកប​ដោយ​សុវត្ថិភាព​មក​ដល់​ដី គឺ​ត្រូវ​បាន​ធានា​ដោយ​យន្តហោះ ៣គ្រឿង ឧទ្ធម្ភាគចក្រ ១២គ្រឿង និង​រថយន្ត​ពិសេស ៦គ្រឿង​ខាង​ស្វែង​រក​ទីកន្លែង​ចុះចត​ដែល​មាន​ស្មៅ​ដុះ​ស៊ុបទ្រុប​លើ​ដែនដី​កាហ្សាក់ស្ថាន។

ក្នុង​អំឡុង​ពេល ១២៧ថ្ងៃ ដែល​គេ​បាន​ស្នាក់​ធ្វើ​ការ​ស្រាវជ្រាវ​ក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ SSI ដែល​ជា​មន្ទីរពិសោធន៍​អន្តរជាតិ​ប្រចាំ​នៅ​អវកាស​តាំង​ពី​ឆ្នាំ២០០០​មក ក្រុម​អវកាសយានិក​រុស្ស៊ី អាមេរិកាំង ជប៉ុន​ចេះ​បំពេញ​បាន​ការ​ពិសោធន៍​វិទ្យាសាស្ត្រ​ចំនួន៤០ បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ឯ​ភាគ​ខាង​ក្រៅ​នៃ​ស្ថានីយ​នេះ គឺ​ក្នុង​លំហ​ល្ហល្ហេវ​នៃ​អវកាស​ផ្ទាល់​អស់​ប៉ុន្មាន​លើក​បាន​បំពេញ​អស់​ប៉ុន្មាន​លើក​ដែរ ប្រតិបត្តិការ​ខាង​ទទួល​យាន​អវកាស​រុស្ស៊ី​ធុន Progress ដែល​ផ្ទុក​ស្បៀង​ពី​ផែនដី​ទៅ​ផ្គត់ផ្គង់​ឧបត្ថម្ភ​ដល់​តម្រូវការ​គេ​មួយលើកៗ​ទម្ងន់២តោន ក្នុង​នោះ មាន​គ្រឿងបរិភោគ ទឹកហូប ខ្យល់​អុកស៊ីហ្ស៊ែន​សម្រាប់​ដកដង្ហើម និង​របស់​ប្រើប្រាស់​ផ្សេងៗ។ ឥឡូវ​នៅ​បន្ត​បេសកកម្ម​ក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ SSI មាន​អវកាសយនិក​អន្តរជាតិ​មួយ​ក្រុម​ផ្សេង មាន​គ្នា​៣នាក់​ដែរ តាម​លេខរៀង​ជា​ក្រុមទី ៣៣ ក្នុង​នោះ​គឺ​ជាតិ​រុស្ស៊ី ២នាក់ និង​ជាតិ​អាមេរិកាំង ១នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ