អានតួអត្ថបទ
ស៊ីរី

កងទ័ព​​ស៊ីរី​​ដណ្តើម​​បាន​​​តំបន់​​អាឡិប​​​​ជាង​ពាក់កណ្តាល​​ពី​​ក្រុម​​ឧទ្ទាម​ អ.ស.ប​​​​​​ទាមទារ​​​​​​​លោក​​​អាសាដ​​​​ចរចា​​

គិតដល់​ថ្ងៃសៅរ៍​ម្សិលមិញ កងទ័ព​ស៊ីរីបានកាន់កាប់យកបាន​តំបន់​អាឡិប​​៦០ភាគរយ ដែល​ធ្លាប់​តែ​ជាតំបន់​ស្ថិត​ក្រោម​ការកាន់កាប់​របស់​ក្រុមឧទ្ទាម។ អង្គការ​សហប្រជាជាតិ​និង​សហភាព​អឺរ៉ុប​​បាន​ព្រមាន​ពី​ជោគជ័យ​បែប”​ភ័ន្តច្រឡំ”​របស់​រដ្ឋាភិបាល​ស៊ីរី និង​បាន​អំពាវនាវ​អោយ​មាន​ការ​ចរចា​​​ច្បាស់លាស់ និង​ហ្មត់ចត់។ ​អង្គការ​យូនីសេហ្វ ​កំពុង​បារម្ភ​ពី​កុមារ​ស៊ីរី​ជិត​២ម៉ឺន​នាក់​ ​ដែល​បានភៀសខ្លួន​តាំង​ពី​ថ្ងៃ២៤​វិច្ឆិកា​មក។ 

កងទ័ព​ស៊ីរី​កំពុង​សម្លឹង​មើល​ក្រុងអាឡិប ​ក្រោយ​ដណ្តើមបាន​សង្កាត់​អាល់ សាឃួ ថ្ងៃ​២៨វិច្ឆិកា​២០១៦
កងទ័ព​ស៊ីរី​កំពុង​សម្លឹង​មើល​ក្រុងអាឡិប ​ក្រោយ​ដណ្តើមបាន​សង្កាត់​អាល់ សាឃួ ថ្ងៃ​២៨វិច្ឆិកា​២០១៦ SANA/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅ​ស៊ីរី ​កងទ័ព​​លោក​អាសាដ​កំពុង​​បន្តទៅមុខ ដោយ​ដណ្តើមយក​បាន​សង្កាត់ ​​តារីក អាល់ បាប ​នៅ​អាឡិប កាលពី​​យប់​ថ្ងៃសុក្រ​ចូល​ព្រឹកថ្ងៃសៅរ៍ម្សិលមិញ​នេះ។ ​គិត​មកដល់​ពេល​នេះ​ ​កងទ័ព​ស៊ីរី​​​កាន់កាប់បាន​៦០ភាគរយ ​នៃ​​តំបន់​ភាគខាងកើត​អាឡិប ​ដែល​​ក្រុម​ឧទ្ទាម​វាយ​យក​បាន​​ ​កាលពី​​​ឆ្នាំ២០១២។ ដោយឡែក កាលពី​ថ្ងៃសុក្រ ​​ក្រុមឧទ្ទាម​ដែល​ទទួលបាន​ជំនួយ​ពី​ក្រុមភេរវជន​ហ្វាតិ អាល់ ឆាម ​​​ដណ្តើម​យក​បាន៧០ភាគរយ​​​មកវិញ នូវ​សង្កាត់​ឆេក សេត នៅ​ភាគខាងត្បូង។ ​

ទោះ​យ៉ាងនេះ​ក្តី កងទ័ព​នៅតែ​មានប្រៀប។ ក្រៅ​ពី​អាឡិប ប៉ុន្មាន​សប្តាហ៍​នេះ កងទ័ព​​​​​​​​វាយ​យកបាន​​ទីតាំង​ជាច្រើន​នៅ​ជុំវិញ​ទីក្រុង​ដាម៉ាស​ ពី​ក្រុមឧទ្ទាម​ផងដែរ។ រុស្ស៊ី​ចង់​ពិភាក្សា​​​ជាមួយ​អាមេរិក ដើម្បី​រៀបចំ​អោយ​ក្រុមឧទ្ទាម​នៅ​អាឡិប​ដកថយ។ តែ​​​​មេក្រុមឧទ្ទាម​ជាច្រើន​ប្រាប់ថា ពួកគេ​​​មិន​ចាកចេញ​ពី​អាឡិប​ទេ។

សហភាព​អឺរ៉ុប​មិនទទួលស្គាល់​ជោគជ័យ​កងទ័ពស៊ីរី​ទេ ដរាប​ណា​គ្មានការ​ចរចារវាង​លោកអាសាដ​និង​ក្រុមឧទ្ទាម។ សហភាពអឺរ៉ុប​និង​អង្គការ​សហប្រជាជាតិ​​បាន​អំពាវនាវអោយ​មា​នការ​ចរចា​។ ​អង្គការ​សហប្រជាជាតិ​បារម្ភ​ថា ដោយសារ​ជោគជ័យ​នេះ លោក​អាសាដ​អាច​នឹង​មិនចង់​ចរចា​ទៅវិញ ហើយ​ស៊ីរី​អាច​នឹង​ធ្លាក់ចូល​​​ក្នុង​ដំណាក់កាល​នៃ​ការកកើត​ទ័ព​ព្រៃ​ផ្សេងៗ។ ​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​អោយ​រុស្ស៊ី និង​អ៊ីរ៉ង់​ដែល​ជា​មិត្ត​របស់​លោក​អាសាដ អោយ​​ជួយ​បញ្ចុះបញ្ចូល​លោក​អាសាដ​អោយ​ចរចា។

គិតតាំង​ពី​ថ្ងៃ​២៦វិច្ឆិកា​មក ​​ជោគជ័យ​របស់​កងទ័ព​ស៊ីរី​ បានធ្វើអោយ​​​​ប្រជាជន​អាឡិប​ភាគ​ខាងកើត​​៥០០០០​នាក់​ ​ភៀសខ្លួន​​។ ​អង្គការ​យូនីសេហ្វ ​កំពុង​បារម្ភ​ពី​​កុមារ​​១ម៉ឺន៩ពាន់នាក់​ ដែល​​​បាន​ភៀសខ្លួន​ តាំង​ពី​ថ្ងៃ​២៤វិច្ឆិកា។ ពួកគេ​ត្រូវ​ការ​ជំនួយបន្ទាន់ ព្រោះ​ចូល​ដល់​រដូវ​រងា​នៅ​ស៊ីរី​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ