អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

ទាហាន​អ៊ីស្រាអែល​បាន​វាយបក​ចំពោះ​ការ​បាញ់ផ្លោង​គ្រាប់រ៉ូកែត​ពី​ក្រុមជីហាត​ប៉ាឡេស្ទីន

នៅ​តំបន់​ដើមបូព៌ា ភាព​តានតឹង​បាន​ផ្ទុះ​ឡើង​មួយ​ប្រាវ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ នៅ​យប់​ថ្ងៃ​ពុធ ទី១២ មីនា ទាហាន​អ៊ីស្រាអែល​បាន​ធ្វើ​ការ​ទម្លាក់​គ្រាប់បែក​លើ​ទីតំាង​មួយ​ចំនួន​របស់​ក្រុម​ជីហាត​ប៉ាឡេស្ទីន​ក្នុង​តំបន់​ហ្គាហ្សា ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ក្រុមជីហាត​ប៉ាឡេស្ទីន​បាន​បាញ់ផ្លោង​គ្រាប់​រ៉ូកែត​លើ​ទឹកដី​អ៊ីស្រាអែល​ប៉ែក​ខាងត្បូង។ នៅ​ថ្ងៃ​ព្រហស្សតិ៍ ទី១៣ មីនា​នេះ លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​អាបាស់​បាន​អំពាវនាវ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​ការ​វាយប្រហារ​លើ​ទឹកដី​ប៉ាឡេស្ទីន។

ក្រុម​ទាហាន​អ៊ីស្រាអែល​កំពុង​ស្ថិតក្បែរ​អន្លុងគ្រាប់​រ៉ូកែត​របស់​ក្រុមជីហាត​ប៉ាឡេស្ទីន​ថ្ងៃទី១២ មីនា ២០១៤
ក្រុម​ទាហាន​អ៊ីស្រាអែល​កំពុង​ស្ថិតក្បែរ​អន្លុងគ្រាប់​រ៉ូកែត​របស់​ក្រុមជីហាត​ប៉ាឡេស្ទីន​ថ្ងៃទី១២ មីនា ២០១៤ AFP PHOTO/DAVID BUIMOVITCH
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ស្ថានការណ៍​បាន​ឡើង​តានតឹង​ខ្លំាង​កាល​ពី​អធ្រាត្រ​យប់​ថ្ងៃ​ពុធ ទី១២ ឆ្លង​ចូល​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ មីនា​នេះ​មក អ្វីៗ​ហាក់​ដូច​ជា​បាន​ស្ងប់ស្ងាត់​បន្តិច​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។ កងទ័ព​អ៊ីស្រាអែល​បាន​បើក​អន្តរាគមន៍​លើ​តំបន់​ហ្គាហ្សា​ក្នុង​ដែនដី​ប៉ាឡេស្ទីន ដោយ​ដំបូង បាន​ធ្វើ​ការ​បាញ់​ផ្លោង​គ្រាប់កំាភ្លើងត្បាល់ និង​បន្ទាប់​មក បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​តាម​ផ្លូវអាកាស ដោយ​ធ្វើ​ការ​ទម្លាក់​គ្រាប់បែក​លើ​ទីតំាង​ផ្ទំាងស៊ីប​ប្រមាណ​ជា ៣០កន្លែង​ដែល​ជា​មូលដ្ឋាន​របស់​ក្រុមជីហាតអ៊ីស្លាម ព្រម​ទំាង​ទីតំាង​របស់ Brigades al-Qassam ដែល​ជា​សាខា​យោធា​របស់​ចលនា​អ៊ីស្លាម​ហាម៉ាស់។

ការ​បើក​អន្តរាគមន៍​តាម​ផ្លូវ​យោធា​របស់​អ៊ីស្រាអែល​លើ​តំបន់​ហ្គាហ្សា​ក្នុង​ទឹកដី​ប៉ាឡេស្ទីន​បាន​ធ្វើ​ឡើង ប៉ុន្មាន​ម៉ោង ក្រោយ​ពី​ក្រុមជីហាត​ប៉ាឡេស្ទីន​បាន​បាញ់ផ្លោង​គ្រាប់​រ៉ូកែត​ប្រមាណ​ជា ១០គ្រាប់​លើ​ទឹកដី​អ៊ីស្រាអែល​ប៉ែកខាងត្បូង។ គ្រាប់រ៉ូកែត​ទំាង​នោះ​បាន​ធ្លាក់​លើ​ស្រុក ភូមិ​មួយ​ចំនួន​របស់​អ៊ីស្រាអែល តែ​មិនបាន​បណ្តាល​ឲ្យ​មាន​ការ​ខូចខាត​ទ្រព្យសម្បត្តិ​អ្វី​ធំដុំ​ទេ។ រីឯ​ប្រជាជន​អ៊ីស្រាអែល​ទៀត​សោត​ក៏​ត្រូវ​បាន​រត់​ចូល​ជ្រក​កន្លែង​សុវត្ថិភាព​រួច​ជា​ស្រេច បន្ទាប់​ពី​បាន​ឮ​ស្នូរ​សម្លេង​ស៊ីរ៉ែន​ប្រាប់​ជា​មុន​មក។ នៅ​ខាង​ប៉ាឡេស្ទីន​ឯណោះ ការ​ទម្លាក់​គ្រាប់បែក​របស់​ទាហាន​អ៊ីស្រាអែល​ក៏​មិន​បាន​បណ្តាល​ឲ្យ​មាន​ជនរងគ្រោះ​ដែរ។

យ៉ាង​ណា​ក៏​ដោយ ក្រុមជីហាត​ប៉ាឡេស្ទីន​បាន​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ​ថា ជា​ស្នាដៃ​របស់​ខ្លួន​ដើម្បី​សងសឹក​នឹង​ការ​ស្លាប់​គ្នីគ្នា​គេ​ម្នាក់​កាល​ពី​ថ្ងៃ​អង្គារ ទី១១ មីនា​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​កម្លំាង​ទាហាន​អ៊ីស្រាអែល។ រីឯ​ចលនា​ហាម៉ាស់​ដែល​កំពុង​កាន់​អំណាច​នៅ​ក្នុង​តំបន់​ហា្គហ្សា និង​រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅ​វិញ ទៅ​មក។ តែ​ចលនា​ហាម៉ាស់​បាន​អះអាង​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​មិន​មាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ព្រឹតិ្តការណ៍​នោះ​ទេ។ ទន្ទឹម​គ្នា​នេះ លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​អាបាស់​បាន​អំពាវនាវ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​ការ​វាយប្រហារ​លើ​ទឹកដី​ប៉ាឡេស្ទីន​ជា​បន្ទាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ