អានតួអត្ថបទ
អ៊ីស្រាអែល-អាមេរិក

នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​សន្យា​មិន​ចុះ​ញ៉ម​នឹង​គំនាប​របស់​អាមេរិក

លោកនាយករដ្ឋមន្រ្តី អ៊ីស្រាអែល បិនចាមីន នេតានីញ៉ាហ៊ូ​បាន​ចាកចេញ​ពី​អ៊ីស្រាអែល​ទៅ​សហរដ្ឋអាមេរិក ជា​ទី​ដែល​លោក​ត្រូវ​ជួប​ប្រជុំ​ជាមួយ​លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា នៅថ្ងៃ​ចន្ទ ទី ៣ មីនា។ នៅមុន​ពេល​ឡើង​យន្តហោះ ក្នុង​ទីក្រុង​ទែលអាវីវ នាយក​រដ្ឋមន្រ្តី​​អ៊ីស្រាអែល​បាន​សន្យា​ថា លោក​នឹង​មិនចុះចាញ់​​រាល់​ការដាក់​សម្ពាធ​នានា​មកលើ​អ៊ីស្រាអែល។

នាយករដ្ឋមន្រ្តី អ៊ីស្រាអែល
នាយករដ្ឋមន្រ្តី អ៊ីស្រាអែល ©REUTERS/Gali Tibbon
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី ២៩​មេសា ដែល​ជា​ថ្ងៃ​ឱសានវាទ សម្រាប់​កិច្ចចរចា​សន្តិភាព​អ៊ីស្រាអែល​ប៉ាឡេស្ទីន ដែល​អាមេរិក​បានផ្តួចផ្តើម​គំនិត តាំងពី​ខែ​កក្កដា​ឆ្នាំមុននោះ កាន់តែ​ខិត​ចូលមក​ដល់។ ប៉ុន្តែ រហូតមកដល់​ពេលនេះ គេ​មើល​មិនឃើញ​មាន​ការរីកចម្រើន​អ្វី​ជា​ដុំកំភួន។ អ៊ីស្រាអែល​នៅ​បន្ត​ផ្គើន​​សាងសង់​លំនៅឋាន​នៅក្នុង​តំបន់​អាណានិគមកិច្ច ដែល​បើ​តាម​ភាគី​ប៉ាឡេស្ទីន គឺ​ជា​ឧបសគ្គ​រារាំង​មិន​ឲ្យ​ការចរចា​សន្តិភាព​ចេញជារូបរាង។ នយោបាយ​ពង្រីក​អាណានិគមកិច្ច​របស់​អ៊ីស្រាអែល​បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ និង​ប្រទេស​ដែល​ធ្លាប់​គាំទ្រ​អ៊ីស្រាអែល​ខកចិត្ត។ អ៊ីស្រាអែល​កាន់តែ​ឯកោ ព្រោះ​សូម្បី​តែ​អាមេរិក​ដែល​ជា​សម្ព័ន្ធ និង​គាំទ្រ​អ៊ីស្រាអែល គ្មាន​លក្ខខណ្ឌ​ក៏​មិន​សប្បាយចិត្ត​នឹង​អ៊ីស្រាអែលដែរ។

 
យោងតាម​ការចុះផ្សាយ​របស់​កាសែត​The New York Times ដែល​បាន​ដកស្រង់​សំដី​របស់​មន្រ្តី​ជាន់ខ្ពស់​អាមេរិក នៅក្នុង​ជំនួប​ពិភាក្សា​នៅថ្ងៃ​ចន្ទ លោកប្រធានាធិបតី អាមេរិក​នឹង​ដាក់​គំនាប ជំរុញ​ឲ្យ​លោកនាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នេតានីញ៉ាហ៊ូ ព្រម​ទទួល​យក​កិច្ចព្រមព្រៀង​គោល ដែល​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ចន ឃែរី​កំពុង​សរសេរ​ស្តីពី​ការចរចា​សន្តិភាព​អ៊ីស្រាអែល​ប៉ាឡេស្ទីន។ នៅក្នុង​កិច្ចព្រមព្រៀង​គោល​នោះ គេ​និយាយ​ពី​ចំណុច​គោល​ធំៗ​នៃ​បទបញ្ជា​ចុងក្រោយ ដែល​មាន​តាំង​បញ្ហា​ព្រំដែន អាណានិគមកិច្ច សន្តិសុខ កម្មសិទ្ធិ​ទៅលើ​ទីក្រុង​ហ្សេរូសេឡឹម និង​អនាគត​ជនភៀសខ្លួន​ប៉ាឡេស្ទីន។

រហូតមកដល់​ពេលនេះ ការចរចា​មិន​លឿន​ទៅមុខ ដោយសារ​តែ​ភាគី​អ៊ីស្រាអែល​បាន​បញ្ជាក់​ទាមទារ​ឲ្យ​មាន​ចំណុច​សំខាន់​មួយ​នៅក្នុង​កិច្ចព្រមព្រៀងនោះ គឺ​ការទទួល​ស្គាល់​រដ្ឋអ៊ីស្រាអែល និង​អ៊ីស្រាអែល​រដ្ឋនៃ​ជនជាតិ​ជ្វីហ្វ។ មេដឹកនាំ​ប៉ាឡេស្ទីន​បាន​រុញច្រាន​ចោល​គំនិត​នេះ​ដែល​តាមពិត​មាន​ការគាំទ្រ​ផងដែរ​ពី​ភាគី​អាមេរិក។ លោកប្រមុខ​រដ្ឋ​ប៉ាឡេស្ទីន​ផ្ទាល់ ដែល​ត្រូវ​ជួប​លោកប្រធានាធិបតី​អាមេរិក នៅថ្ងៃ​ទី ១៧​មីនា ធ្លាប់​បាន​វាយតម្លៃថា នយោបាយ​ការទូត​អាមេរិកាំង​រហូត​មក កំពុង​ជួប​បរាជ័យ។

សម្រាប់​លោកនាយរដ្ឋមន្រ្តី​អ៊ីស្រាអែល​ឧបសគ្គ​សំខាន់​នៃ​កិច្ចប្រឹងប្រែង​ស្វែងរក​សន្តិភាព​នៅ​ដើមបូព៌ា គឺ​កង្វះ​ឆន្ទះ​នយោបាយ​ពិតប្រាកដ​របស់​ប៉ាឡេស្ទីន។ នៅមួយថ្ងៃ​មុន​ជួប​ប្រធានាធិបតី​​អាមេរិក លោក​នេតានីញ៉ាហ៊ូ​បាន​ឆ្លៀត​ឱកាស​បញ្ជាក់​ជំហរ​របស់​អ៊ីស្រាអែល​​ថា អ៊ីស្រាអែល​ដែល​រង​ការដាក់​សម្ពាធ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ បាន​ប្រឆាំង​រាល់​ការដាក់​គំនាប និង​នៅបន្ត​ប្រឆាំង​តទៅ ទៅថ្ងៃ​អនាគត៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ