អានតួអត្ថបទ
អាមេរិក

អាមេរិក​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​គ្រប់គ្រង​ការ​ជួញដូរ​សព្វាវុធ

កាលពីថ្ងៃ​ពុធ សហរដ្ឋ​អាមេរិក​​បានសុខចិត្ត​​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​គ្រប់គ្រង​ការ​ជួញដូរ​គ្រឿងសព្វាវុធ ដែល​បង្កើត​ឡើង ក្នុង​ក្របខ័ណ្ឌ​អ.ស.ប។ ហត្ថលេខា​របស់​សហរដ្ឋ​អាមេរិក មានអត្ថន័យ​សំខាន់ ពីព្រោះ​ថា អាមេរិក​​ជា​ប្រទេស​នាំចេញ​​គ្រឿងសព្វាវុធច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក។

សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​នាំចេញ​អាវុធ​ទៅលក់​នៅក្រៅប្រទេស​ច្រើន​ជាងគេ​បង្អស់ នៅលើពិភពលោក
សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​នាំចេញ​អាវុធ​ទៅលក់​នៅក្រៅប្រទេស​ច្រើន​ជាងគេ​បង្អស់ នៅលើពិភពលោក REUTERS/Ulises Rodriguez
ផ្សាយពាណិជ្ជកម្ម

ការចុះហត្ថលេខាលើ​សន្ធិសញ្ញា​គ្រប់គ្រង​ការ​ជួញដូរ​គ្រឿង​សព្វាវុធ ត្រូវ​បាន​ធ្វើ​ឡើង ដោយ​លោក​ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក នៅ​ក្នុង​ពិធី​ចុះហត្ថលេខា ដែល​រៀបចំ​ធ្វើឡើង នៅ​ក្នុង​ទីស្នាក់ការ​អ.ស.ប នាទីក្រុង​ញូវយ៉ក។

សន្ធិសញ្ញាគ្រប់គ្រង​ការជួញដូរ​គ្រឿងសព្វាវុធ​ ដែល​ត្រូវបាន​អនុម័ត​ដោយ​​សមាជិក​អ.ស.ប កាលពី​ខែមេសា​កន្លងទៅ មានគោលដៅ​បង្កើន​តម្លាភាព ក្នុង​ចលនាផ្ទេរ​គ្រឿងសព្វាវុធ ដើម្បី​ធានា​ថា អាវុធ​ដែល​គេ​ជួញដូរ​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​មិន​ធ្លាក់​ទៅក្នុង​ដៃ​​ក្រុម​ភេរវជន ឬ​ក្រុម​ឧក្រិដ្ឋជន​អន្តរជាតិ ឬ​ក៏​ត្រូវ​គេ​យក​ទៅ​ប្រើប្រាស់​ក្នុង​ទង្វើ​រំលោភ​សិទ្ធិមនុស្ស ក្នុង​ការ​ប្រព្រឹត្តិឧក្រិដ្ឋកម្មប្រឆាំង​មនុស្សជាតិ ឬ​បទប្រល័យពូជសាសន៍។

ទម្រាំ​តែ​សន្ធិសញ្ញា​គ្រប់គ្រង​ការជួញដូរ​គ្រឿងសព្វាវុធ​នេះ​អាច​អនុម័ត​ចេញ​រួច ការចរចា​បាន​អូសបន្លាយ​ពេល​យ៉ាងយូរ ជួប​នឹង​​ភាព​ស្មុគស្មាញច្រើន និង​ត្រូវ​ជាប់គាំង​ជាច្រើន​លើក។

ការដែល​រដ្ឋាភិបាល​អាមេរិក​យល់ព្រម​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​គ្រប់គ្រង​ការ​ជួញដូរ​គ្រឿងសព្វាវុធ កាល​ពីថ្ងៃ​ពុធ​នេះ វា​គឺ​ជា​ជំហាន​ដ៏សំខាន់​មួយ ពីព្រោះ​ថា ម្យ៉ាង គេសង្កេតឃើញ​ថា នៅ​អាមេរិក មាន​ចលនាប្រឆាំង​ខ្លាំងក្លា​ទៅ​នឹង​សន្ធិសញ្ញា​នេះ ដោយសារ​តែ​ពួកគេ​ខ្លាច​ថា​ វា​អាច​ប៉ះពាល់​ដល់​សិទ្ធិ​កាន់កាប់​អាវុធ​របស់​ពលរដ្ឋ​អាមេរិក នៅ​ក្នុង​ទឹកដី​អាមេរិក​ខ្លួនឯង។ ម្យ៉ាងទៀត អាមេរិក គឺ​ជា​ប្រទេស​លក់​អាវុធ​ទៅក្រៅប្រទេស​ច្រើន​ជាងគេ​បង្អស់​នៅលើ​ពិភពលោក។ ទីផ្សារ​គ្រឿងសព្វាវុធ​ប្រមាណ​ជា ៣០% នៅទូទាំង​ពិភពលោក គ្រប់គ្រង​ដោយ​សហរដ្ឋ​អាមេរិក។ ដូច្នេះ ប្រសិនបើ​គ្មានការ​ចូលរួម​ពី​សំណាក់​សហរដ្ឋ​អាមេរិក​ទេនោះ សន្ធិសញ្ញា​គ្រប់គ្រង​ការជួញដូរ​គ្រឿង​សព្វាវុធ​ក៏មិនសូវ​ជា​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ដែរ។

នៅពេលនេះ អាមេរិក​បាន​សុខចិត្ត​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ ក៏ប៉ុន្តែ នៅ​សល់​ជំហាន​មួយ​ដ៏​សំខាន់​ទៀត គឺ​ការ​ផ្តល់​សច្ចាប័ន​ពី​សំណាក់​សភា​អាមេរិក។ នៅពេលណា ដែល​សន្ធិសញ្ញា​គ្រប់គ្រង​ការជួញដូរ​គ្រឿងសព្វាវុធ​ចូលជាធរមាន គ្រប់ប្រទេស​ជា​សមាជិក​ទាំងអស់ ទាំង​ប្រទេស​នាំចេញ និង​ប្រទេស​នាំចូល​គ្រឿងសព្វាវុធ ត្រូវ​មាន​កាតព្វកិច្ច​ផ្តល់​ព័ត៌មាន​ដល់​អគ្គលេខាធិការដ្ឋាន​អ.ស.ប អំពី​បញ្ជី​នៃ​គ្រឿងសព្វាវុធ​ដែល​ជា​កម្មវត្ថុ​នៃ​ការ​ជួញដូរ រាប់ចាប់តាំង​ពី​អាវុធ​ធុនស្រាល រហូតដល់​​រថក្រោះ មីស៊ីល និង​យន្តហោះចម្បាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ