អានតួអត្ថបទ
អ.ស.ប.

អង្គការ​សហប្រជាជាតិ​ប្រកាស​បើក​​ចរចា​លើ​សន្ធិសញ្ញា​ជួញ​ដូរ​សព្វាវុធ​ជា​ថ្មី

នៅ​ថ្ងៃ​ចន្ទ​ទី ២៤​ ធ្នូ ម្សិលមិញ អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​​យល់​ព្រម​ឱ្យ​បើក​ការ​ចរចា​ឡើង​វិញ ដើម្បី​ឈាន​ដល់​ការ​បង្កើត​សន្ធិសញ្ញា​គ្រប់​គ្រង​ការ​ជួញ​ដូរ​សព្វាវុធ​អន្តរជាតិ​ ជា​លើក​ទី​មួយ។ ​សន្ធិសញ្ញា​​អន្តរជាតិ​ ដែល​​សមាគមន៍​អាមេរិក​គាំទ្រ​ការ​ប្រើ​ប្រាស់​អាវុធ ដ៏​មាន​ឥទ្ធិពល​ ប្រឆាំង​យ៉ាង​ខ្លាំង​ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​សិទ្ធិ​ប្រជាពល​រដ្ឋ​អាមេរិក។

សន្និសីទ​កាសែតរបស់​ NRA ​ត្រូវ​រំខាន​ដោត​ក្រុម​អ្នក​ប្រឆាំង​ការ​ប្រើ​ប្រាស់​អាវុធ​
សន្និសីទ​កាសែតរបស់​ NRA ​ត្រូវ​រំខាន​ដោត​ក្រុម​អ្នក​ប្រឆាំង​ការ​ប្រើ​ប្រាស់​អាវុធ​ © reuters
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​សមាជិក​ទាំង​១៩៣ របស់​អង្គការ​សហប្រជាជាតិ ១៣៣​ប្រទេស​បាន​យល់​ព្រម​ បើក​ការ​ចរចា​ជា​ថ្មី​ ចាប់​ពី​ថ្ងៃ​ទី​ ១៨ ដល់​ថ្ងៃ​ទី​២៨ មីនា ឆ្នាំ​២០១៣ នៅទីក្រុង​ញូវយ៉ក។ មាន​តែ​១៧​ប្រទេស​ប៉ុណ្ណោះ​ដែល​បាន​បោះឆ្នោត​អនុប្បវាទ។ នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​ ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ភាគ​ច្រើន​ គាំទ្រ​គំនិត​​បង្កើ​ត​សន្ធិសញ្ញា​ ដែល​មាន​បទ​ដ្ឋាន​អន្តរជាតិ មាន​តម្លាភាព​ និង​ការ​ទទួល​ខុស​ត្រូវ​ ដើម្បី​គ្រប់​គ្រង​​ការ​នាំ​ចេញ​នាំ​ចូល​គ្រឿង​សព្វាវុធ។ គ្មាន​ព័ត៌មាន​លម្អិតទាក់ទង​នឹង​​មហាសន្និបាត​​ អ.ស.ប.​យប់​មិញ​ទេ ប៉ុន្តែ​បើ​តាម​អ្នកការទូត អាមេរិក​ក៏​ទំនង​បាន​បោះឆ្នោត​យល់​ព្រម​ដែរ។ នេះ​បើតាម​ការ​អបអរ​របស់​ប្រទេស​អ្នក​ផ្តួច​ផ្តើមធ្វើ​​ពង្រាង​សន្ធិសញ្ញា។

សូម​រំលឹក​ជូន​ថា កាលពី​ខែ​កក្កដា​ ឆ្នាំ​២០១២​ ការ​ចរចារបស់​​​អ.ស.ប.​ ​លើ​សន្ធិសញ្ញា​នេះ​ ត្រូវ​ជួប​នឹង​បរាជ័យ ព្រោះ​កាលណោះ សហរដ្ឋ​អាមេរិក បាន​សុំ​ពេល​វេលា​ពិចារណា​សិន និង​មិន​ព្រម​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​សន្ធិសញ្ញា​​ទេ។ ​អ្នកការទូត​​ជា​ច្រើន​នៅ​អង្គការ​សហប្រជាជាតិ យល់​ថា​ពេល​នោះ​ ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ខ្លាច​រង​ការ​វាយប្រហារ​ពី​សំណាក់​គូ​ប្រជែង​បក្ស​សាធារណរដ្ឋ​ ព្រោះ​ជា​ពេល​វេលា​កំពុង​ឃោសនា​បោះឆ្នោត​។

ប៉ុន្តែ​ពេល​នេះ និង​ជា​ពិសេស​ ក្រោយ​មាន​ហេតុការណ៍​បាញ់សម្លាប់​កុមារ​និង​គ្រូ​បង្រៀន​អស់​២៦​នាក់ នៅ​សាលា​បឋមសិក្សា​មួយ​ ក្នុងរដ្ឋ​​ Connecticut សមាគមអ្នក​ការ​ពារ​ការ​កាន់​អាវុធ​អាមេរិក NRA (National Rifle Association) ឬ​ក្រុម​ Lobby ដែល​ប្រឆាំង យ៉ាង​ខ្លាំង​​នឹង​​​សន្ធិសញ្ញា​គ្រប់គ្រង​ការ​ជួញ​ដូរ​អាវុធ​អន្តរជាតិ បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង។ ហេតុការណ៍​បាញ់​សម្លាប់​មនុស្ស​ បាន​កើត​បន្ត​បន្ទាប់​គ្នា​ឥត​ឈប់។ ម្សិលម្ងៃ​មាន​ខ្មាន់​កាំភ្លើង​ម្នាក់​ទៀត បាន​បាញ់​សម្លាប់​អ្នក​ពន្លត់​អគ្គិភ័​យ​​ពីរ​នាក់​ នៅ​ភាគ​ឦសាន​សហរដ្ឋ។ ​ម្យ៉ាង​ទៀត​ លោក​ បារ៉ាក់ អូបាម៉ា ដែល​ទើបជាប់​ឆ្នោត​ប្រធានាធិបតី បាន​បង្ហាញ​ ដោយ​ចំហ​ ចេតនា​ចង់​ចរចា​សម្រេច​សន្ធិសញ្ញា​អន្តរជាតិ​នេះ​ឡើង​វិញ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ