អានតួអត្ថបទ
អាមេរិក - អាហ្វ្រិក

ប្រមុខការទូត​អាមេរិក Pompeo ធ្វើ​ទស្សនកិច្ច​លើកទី១​ នៅ​​អាហ្វ្រិក

ចាប់ពីថ្ងៃសៅរ៍ទី​១៥កុម្ភៈ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសអាមេរិក​ លោក​ Mike Pompeo បាន​ចាប់​ផ្តើម​ទស្សនកិច្ច​ផ្លូវការ​ នៅ​តំបន់​អាហ្វ្រិក​។ នេះ​ជាលើក​ទី១របស់​​​​ប្រមុខ​ការ​ទូត​អាមេរិក ចាប់តាំងពី​លោកបានចូល​កាន់​តំណែង​ជិត​២ឆ្នាំមក​។ អាហ្វ្រិក​ជា​តំបន់​ក្តៅ​ និង​​រឹតតែ​ក្តៅ​ខ្លាំង​សម្រាប់​ទំនាក់​ទំនង​ទូត​រវាង​​អាមេរិកនិង​​អាហ្វ្រិក ហើយ​កម្តៅ​ចំណង​ការ​ទូត​ ហាក់​កាន់​តែ​ឆេះ​ខ្លាំង គឺ​បន្ទាន់ពី​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាលពី​ឆ្នាំ​២០១៨ បាន​ប្រមាថ​​ប្រទេស​មួយ​ចំនួន​នៅអាហ្វ្រិក​ថាជា​«លាមក»។ ២ឆ្នាំចុង​ក្រោយ​ ស្លាកស្នាម​នៃ​ការ​ប្រមាថ​ ហាក់​មិន​ទាន់​រលំបាត់​ពី​សតិ​អារម្មណ៍​​នៃ​ថ្នាក់​ដឹកនាំ​ប្រទេស​អាហ្វ្រិក​នៅឡើយទេ។​ ដូច្នេះហើយ​ នៅក្នុង​ដំណើរ​ទស្សនកិច្ចរបស់​ប្រមុខ​ការ​បរទេស​អាមេរិក​​នៅ​ប្រទេសក្នុង​​អាហ្វ្រិក​លើកនេះ គឺលោក​ Mike Pompeo សង្ឃឹមថា នឹងអាច​ស្តារ​ទំនាក់ទំនង​បាន​ខ្លះ​មកវិញ។

រូបថតរបស់ Mike Pompeo ប្រមុខការបរទេសអាមេរិក
រូបថតរបស់ Mike Pompeo ប្រមុខការបរទេសអាមេរិក Kevin Lamarque/Reuters
ផ្សាយពាណិជ្ជកម្ម

សេណេហ្កាល់​ ជា​ប្រទេស​អាហ្វ្រិក​ទី១ ដែលលោក Mike Pompeo ចុះ​ចត​ជាលើកដំបូង​បំផុត ​ក្នុងនាម​ជា​រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក។ នៅ​​រដ្ឋធានី​ដាការ លោក​ចំណាយ​ពេល​ពីរថ្ងៃ​សៅរអាទិត្យ​នេះ  ដើម្បីជួបសំណេះសំណាល​ជាមួយ​​​ថ្នាក់​ដឹកនាំ​សេណេហ្គាល ដ្បិត​​ជា​ឱកាសបុណ្យ​​ខួប​៦០​ឆ្នាំ នៃ​​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​។ ចេញពី​សេណេហ្កាល់ លោក Pompeo នឹង​បន្តទៅប្រទេសអង់ហ្គោឡានិង​ ​អេត្បូពី រហូត​ដល់​ថ្ងៃទី​១៩កុម្ភៈ​សប្តាហ៍​ក្រោយ​។ តាមគម្រោង​ ប្រមុខការទូត​​អាមេរិក​ នឹង​លើកឡើង​ពីវិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម សន្តិសុខ ប្រជាធិបតេយ្យ​ និង​សំណុំ​រឿង​ពុក​រ​លួយ​​។

នៅ​លើ​ផ្នែ​កសន្តិសុខ ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អាមេរិក​នេះ ​ចំពេល​ដែល​អាហ្វ្រិក​មាន​ក្តីបារម្ភ​ថា មន្ទីរបញ្ចកោណ​អាមេរិក​នឹង​ផ្តាច់​ជំនួយ​ផ្នែក​យោធា ឬ​ដក​ការ​ឧបត្ថម្ភដល់​ប្រតិបត្តិ​ការ​ប្រឆាំង​ភេវរកម្ម ក្នុង​តំបន់​សាហ៊ែ​ល។

នៅលើ​ទិដ្ឋភាព​សេដ្ឋកិច្ច ប្រទេស​មួយ​ចំនួន​នៅ​អាហ្វ្រិក​ ហាក់​រក​ស៊ី​ចូល​ដៃ ស្ទើរតែ​ក្លាយ​ជា​ដែន​យុទ្ធសាស្ត្រ​​សេដ្ឋកិច្ច​ របស់​ចិន​ បាត់ទៅហើយ។ ​ឧទាហរណ៍​​ជាក់​ស្តែង អង់ហ្គោឡា បា​នត្រូវ​ចិន​វិនិយោគ​រាប់​សិប​លាន​ដុល្លារ ហើយ​ជាថ្នូរ​មកវិញ ចិន​បូម​យក​ប្រេង​ពី​ប្រទេស​នេះ​។ លោក Pompeo ជ្រើសរើសប្រទេសបីខាងលើ​ សម្រាប់​​ដំណើរទស្សនកិច្ច​លើកនេះ​​​ ក៏​ដោយសារតែ​លោក​​យល់ថា រដ្ឋ​ទាំង​បី ជា​តំបន់​យុទ្ធសាស្ត្រ​សំខាន់​ ដែល​រួម​ចំណែក​ខ្លាំង​ក្នុង​ស្ថិរភាព​របស់​តំបន់​អាហ្រ្វិក ពិសេស​ទៅលើ​ទិដ្ឋភាព​សេដ្ឋកិច្ច​តែម្តង។ ​

នៅពេល​នេះ សហរដ្ឋអាមេរិក​ហាក់​បាន​ភ្លឺភ្នែក​ច្បាស់។ ​រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បាន​ដឹង​យ៉ាង​​ច្បាស់ថា អាហ្វ្រិក​ជា​តំបន់​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច ដោយសារ​ប្រជាពលរដ្ឋ​​តំបន់​អាហ្វ្រិក នឹង​កើនឡើង​ពីរដង នៅ​ឆ្នាំ​២០៥០ ​ពិសេស​យុវជន​អាហ្វ្រិក​នឹង​រួម​ចំណែកយ៉ាង​​សំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច ពាណិជ្ជ​កម្ម និងការ​វិនិយោគ។ ហេតុនេះ ​ចាប់ពី​ដើម​ឆ្នាំ​២០២០ អាមេរិក បា​នប្តូរ​យុទ្ធសាស្ត្រ​ និងងាក​មើល​ប្រយោជន៍​ពី​អាហ្វ្រិក​កាន់តែខ្លាំង ដោយ​បាន​បញ្ជូន​ក្រុម​ហ៊ុន​អាមេរិក​ជាង​៤០ ទៅ​តាំងទី​នៅសេណេហ្កាល់។ ក្រុម​ហ៊ុន​អាមេរិក​ថ្មីៗ ភាគច្រើន​រកស៊ី​ខាងប្រេង​ ក៏​បានរុល​ទៅ​អាហ្វ្រិក​​​ជាបន្តបន្ទាប់ដែរ។

ទោះ​យ៉ាងនេះក្តី សាស្ត្រាចារ្យ​​ Ahmadou Aly Mbaye នៅសាកលវិទ្យាល័យ  Cheikh Anta Dio នៅក្រុង​ដាការ​ យល់ឃើញថា «សហរដ្ឋ​អាមេរិក​ហាក់​ដូច​ជា​ខ្វះ​យុទ្ធសាស្ត្រ​នយោបាយ​នៅ​អាហ្វ្រិក ហើយសហរដ្ឋ​​អាមេរិក​បាត់មុខ​ពី​អាហ្វ្រិ​ក​យូរពេក​ ដូច្នេះ​ដំណើរ​ទស្សនកិច្ចរបស់លោក Pompeo  លើក​នេះ ក្នុង​ប្រទេស​ពីរបី​ នៅ​ទ្វីប​អាហ្វ្រិក​មួយ​ដ៏ធំ ទំនង​ជា​​មិន​សូវ​បាន​ផល​ប្រយោជន៍​ច្រើន​ប៉ុន្មាន​ទេ​​​»៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ