អានតួអត្ថបទ
រុស្សី-វៀតណាម

បញ្ហា​កម្មករ​ចំណាក​ស្រុក​វៀតណាម​ដែល​បាន​ធ្វើការ​ដូច​ទាសា​ទាសី​នៅ​រុស្ស៊ី​

បញ្ហា​នេះ​ ត្រូវ​​បាន​​ក្រុម​​អ្នក​​យក​ការណ៍​​របស់ ​BBC​ ទម្លាយ​​ឲ្យ​​ដឹង​​យប់​​ថ្ងៃ ​២៣ ​សីហា​​ម្សិល​មិញ។​ សាច់​រឿង​​គឺ​​អំពី​កម្មករ កម្មការិនី​វៀតណាម​៧៥​នាក់ ដែល​បាន​ធ្វើការ​ដូច​ទាសាទាសី ក្នុង​រោងចក្រ​កាត់ដេរ​មួយ​នៅ​ជាយ​ក្រុង​ម៉ូស្គូ ដែល​មាន​ជាតិ​វៀតណាម​ផ្ទាល់​ជា​ថៅកែ។ ទោះបី​ស្ថានទូត​វៀតណាម​នៅ​រុស្ស៊ី ប្រកាស​មិន​លូក​ដៃ​ចូល​ក្នុង​ទំនាស់​នៅ​រោងចក្រ​នោះ​ក្តី ក៏​នៅ​ទីបំផុត បាន​បង់​ថ្លៃ​យន្តហោះ ឲ្យ​ពួក​គេ​ភាគ​ច្រើន​បាន​ត្រឡប់​ទៅ​ស្រុក​វិញ​ទៅ។

នារី​កម្មការិនីវៀតណាម​ក្នុងរោងចក្រកាត់ដែរ​មួយនៅម៉ូស្គូ ត្រូវថៅកែបង្ខំឲ្យធ្វើការងារ​ដូចទាសាទារី
នារី​កម្មការិនីវៀតណាម​ក្នុងរោងចក្រកាត់ដែរ​មួយនៅម៉ូស្គូ ត្រូវថៅកែបង្ខំឲ្យធ្វើការងារ​ដូចទាសាទារី RFI/Keo Chhaya
ផ្សាយពាណិជ្ជកម្ម

 

គឺ​តាំងពី​ដើម​ខែ​សីហា​ម៉្លេះ ដែល​ក្រុម​អ្នកយកការណ៍​របស់ BBC បាន​ទៅ​តាម​ដាន​នៅ​ផ្ទាល់​កន្លែង អំពី​ដំណឹង​ដែល​ថា រោងចក្រ​កាត់ដេរ​នោះ​ឈ្មោះ Vinastar បាន​ប្រើ​ពលកម្ម ជា​ទាសាទាសី តែ​ម្តង។ កម្មករ កម្មការិនី​វៀតណាម​៧៥​នាក់ នៃ​រោងចក្រ​នោះ តាម​សំដី​គេ​ផ្ទាល់ គឺ​ត្រូវ​ថៅកែ បង្ខំ​ឲ្យ​ធ្វើការ ៧​ថ្ងៃ​ជាប់​ក្នុង​១​សប្តាហ៏ ហើយ​១​ថ្ងៃៗ ធ្វើការ​ដល់​ទៅ​១៨​ម៉ោង។ ពួក​គេ នាំគ្នា​ត្អូញត្អែរ​ថា ហូបចុក​មិន​ដែល​ឆ្អែត​ទេ ហើយ​ត្រូវ​ហាមឃាត់​មិន​ឲ្យ ដើរ​ចេញ​ទៅ​ក្រៅពី បរិវេណ​ដែនដី​រោងចក្រ​ឡើយ។ ពី​ប្រាក់ខែ​ប្រមាណ​២៣០​ដុល្លារ គេ​ត្រូវ​បង់​អស់​១៨០​ដុល្លារ សម្រាប់​ថ្លៃ​បាយ​តែ​២​ដង​ក្នុង​១​ថ្ងៃ និង​ថ្លៃ​ស្នាក់​នៅ​ទាំង​ប្រជ្រៀត​គ្នា ក្នុង​កូន​បន្ទប់​តែ​៤​សម្រាប់​គ្នា​៧៥​នាក់​នោះ។

តប​នឹង​សំណូមពរ BBC សមត្ថកិច្ច​រុស្ស៊ី ក៏​បាន​អន្តរាគមន៍​ទៅ​ពិនិត្យ​មើល​សភាពការណ៍ នៅ​ទីនោះ ហើយ​បាន​សង្កេត​ឃើញ មាន​សញ្ញា​នៃ​ឧក្រិដ្ឋកម្ម តាម​បទ”បាន​ឆ្លង​កាត់​ព្រំដែន​រដ្ឋ​រុស្ស៊ី ដោយ​ខុស​ច្បាប់”។ តាម​ពួក​មន្ត្រី នៃ​ស្ថាប័ន​អន្តោប្រវេសន៍​រុស្ស៊ី គឺ​អាច​ចងក្រង ជា​សំណុំរឿង ព្រហ្មទណ្ឌ តាមបទ” ប្រើ​កម្លាំង​ពលកម្ម​ជា​ទាសាទាសី” និង”បំបិទ​សេរីភាព​បុគ្គល​ដោយ ខុស​ច្បាប់” ដែល​អាច​ត្រូវ​កាត់​ទោស ឲ្យ​ជាប់​ពន្ធនាគារ​ដល់ ៥​ឆ្នាំ ហើយ​ប្រសិន ជា​បណ្តាល​ឲ្យ​អ្នក រងគ្រោះ​ធ្លាក់​ខ្លួន​ដល់​ស្លាប់ នោះ​គឺអាច​ត្រូវ​កាត់ទោស ឲ្យ​ជាប់​ពន្ធនាគារ​ដល់​១៨​ឆ្នាំ។

ប៉ុន្តែ ប៉ូលីស ដែល​ប្រហែល​ជា​ត្រូវ​គ្នា​ជាមួយ​ថៅកែ​រោងចក្រ បែរ​ទៅ​ជា​ថ្លែង​ថា ក្នុង​រោងចក្រ នោះ គ្មាន​សញ្ញា​អ្វី​ណា ដែល​ស​ឲ្យ​ឃើញ​ពី ការ​ប្រើ​ពលកម្ម​ជា​ទាសាទាសី និង​ពី​ករណី បំពាន លើ​ច្បាប់​អន្តោប្រវេសន៍​ឡើយ។

BBC ក៏​រំលឹក​ថា កាលពី​ឧសភា ដោយ​ទ្រាំ​មិន​បាន​នឹង​ល័ក្ខខ័ណ្ឌ​ធ្ងន់ធ្ងរ​នៃ​ការងារ ជាង​កាត់ដេរ ទាំង​នោះ បាន​នាំគ្នា​ធ្វើ​កូដកម្ម។ ថៅកែ​រោងចក្រ បាន​អញ្ជើញ​តំណាង​ស្ថានទូត​វៀតណាម នៅ​ម៉ូស្គូ​ឲ្យ​ទៅ​ជួបកម្មករ​ទាំង​៧៥​នាក់​នោះ។ អ្នក​ការទូត​វៀតណាម បាន​រំលឹក​ប្រាប់​កម្មករ​ទាំង​នោះ​ថា គេ​បាន​ចុះកុងត្រា​ជា​ផ្លូវការ ហើយ​គេ​ត្រូវ​តែ​គោរព​តាម។ លុះ​កូដកម្ម​នោះ​ចប់​ទៅ ពួក​គេ ត្រូវ​បាន​ថៅកែ​វៀតណាម វ៉ៃ​ធ្វើ​បាប​យ៉ាង​ចាស់​ដៃ។ ប៉ុន្តែ ស្ថានទូត​វៀតណាម ក្រោយ​មក បាន​ថ្លែង​បដិសេធ ទៅ​លើ​ការ​ចោទ​ប្រកាន់​ដែល​ថា ថៅកែ​បាន​ប្រព្រឹត្ត​សកម្មភាព​ខុស​ច្បាប់​អ្វីណា​ទៅ​លើ​កម្មករ។ លេខា​ទី​១​នៃ​ស្ថានទូត បាន​ថ្លែង​ទៅ​ BBC ថា កម្មករ​ទាំង​នោះ​ដែល​មក រុស្ស៊ី គឺ​ដើម្បី​ធ្វើការ​មិនមែន​ដើម្បី​បះបោរ​ឡើយ។

តាម​ដំណឹង​ចុង​ក្រោយ រោងចក្រ​កាត់ដេរ​នោះ បិទ​ទ្វារ​ឈប់​ដើរ​ទៅ​ហើយ រួចពី​ក្នុង​ចំណោម កម្មករ​៧៥​នាក់​នោះ ២១​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ឲ្យ​នៅ​រុស្ស៊ី​សិន ចំពោះការ​ចូល​មក​ក្នុង​ប្រទេស រុស្ស៊ី​ដោយ​ខុស​ច្បាប់ ចំណែក​៥៤​នាក់​ទៀត ត្រូវ​បាន​ស្ថានទូត​វៀតណាម​នៅ​រុស្ស៊ី​បង់ថ្លៃ​សំបុត្រ​យន្តហោះ ឲ្យ​គេ​ត្រឡប់​ទៅ​ស្រុក​វិញ​ទៅ​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ