អានតួអត្ថបទ
ចិន-អាមេរិក

ចេញ​ពី​ជប៉ុន លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​ឆាក់ ហាហ្គែល​បន្ត​ទស្សនកិច្ច​នៅ​ចិន

នៅ​ថ្ងៃ​ចន្ទ ទី៧ មេសា​នេះ លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​ឆាក់ ហាហ្គែល​បាន​ទៅ​ដល់​ទីក្រុង​ប៉េកំាង ប្រទេស​ចិន​ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ។ យន្តហោះ​របស់​លោក​ឆាក់ ហាហ្គែល​បាន​ហោះ​ចេញ​ពី​ប្រទេស​ជប៉ុន​ទៅ​ចុះ​ចត​នៅ​ក្នុង​ស្រុក​គីងដាវ​ប៉ែក​ខាងកើត​ដែល​ជា​មូលដ្ឋាន​ទ័ពជើង​ទឹក​របស់​ចិន។ នៅ​ទីនោះ លោក​ឆាក់ ហាហ្គែល​បាន​បាន​ទៅ​ទស្សនា​នាវា​ដឹក​យន្តហោះ​ចិន​ទី១។

លោករដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកឆាក់ ហាហ្គែល
លោករដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកឆាក់ ហាហ្គែល REUTERS/Alex Wong
ផ្សាយពាណិជ្ជកម្ម

តំាង​ពី​ចិន​បាន​ដាក់​ឲ្យ​ដំណើរការ​នូវ​នាវាដឹកយន្តហោះ​លើកទី១ របស់​ខ្លួន​ក្នុង​ខែ​កញ្ញា ឆ្នំា ២០១២ មក នេះ​ជា​លើក​ទីមួយ​បង្អស់​ដែល​មាន​អ្នកទទួលខុសត្រូវ​បរទេស​ម្នាក់​បាន​ដាក់​ជើង​ជាន់​លើ​នាវា​ដឹកយន្តហោះ​របស់​ចិន​នោះ។ ថ្នាក់ដឹកនំា​ជាន់ខ្ពស់​យោធា​អាមេរិកំាង​ម្នាក់​បាន​វាយតម្លៃ​ថា ការ​ទៅ​ទស្សនា​នាវា​ដឹកយន្តហោះ​របស់​ចិន​នោះ​បាន​បង្កប់​ដោយ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំ​ពេល​ដែល​ទីក្រុង​វ៉ាស៊ីតោន​បាន និង​កំពុង​ព្យាយាម​ជួយ​កាត់បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​តំបន់ និង​ជម្រុញ​ឲ្យ​មាន​តម្លាភាព​បន្ថែម​ទៀត​នៅ​ក្នុង​វិស័យ​ការពារ។

តាម​ពិត​ទៅ គឺ​ខាង​ភាគី​អាមេរិកំាង​ទេ​ដែល​បាន​សុំ​ចិន​ទៅ​មើល​នាវាដឹកយន្តហោះ​របស់​ចិន​ឈ្មោះ Liaoning។ Liaoning ដែល​ជា​នាវាដឹកយន្តហោះ​សល់​ពី​ជំនាន់​សហភាព​សូវៀត តែ​ត្រូវ​បាន​ចិន​ទិញ​ក្នុង​តម្លែ​ថោក​យក​មក​ជួសជុល​ឡើង​វិញ ដោយ​បាន​បំពាក់​នូវ​បច្ចេកវិជ្ជា​ទំនើបៗ។ Liaoning ជា​នាវាដឹកយន្តហោះ​ទី១ ដែល​ចិន​មាន​ តែ​វា​ជា​និមត្តិរូប​ដែល​បង្ហាញ​ពី​មហិច្ឆតា​យោធា​ជើងទឹក​របស់​ចិន។ តែ​យ៉ាង​ណា​ក៏​ដោយ មហិច្ឆតា​យោធា​ជើងទឹក​របស់​ចិន​មិន​បាន​ផ្តល់​ក្តីបារម្ភ​ដល់​ប្រទេស​ជប៉ុន ឬ​មួយ​ក៏​ប្រទេស​អាស៊ី​ផ្សេង​ទៀត​ដែល​កំពុង​មាន​ជម្លោះ​ទឹកដី​ជាមួយ​ចិន​ទេ។

នៅ​ក្នុង​ប្រទេស​ជប៉ុន លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ពី​ការ​ជួយ​ការពារ​ជប៉ុន​ដោយ​សន្យា​បញ្ជូន​ឲ្យ​ជប៉ុន​នូវ​នាវាចម្បំាង​ចំនួន​ពីរ​គ្រឿង​បន្ថែម​ទៀត​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​ប្រឆំាង​មីស៊ីល​នៅ​ឆ្នំា ២០១៧ សម្រាប់​ប្រឆំាង​ទប់​នឹង​ការ​គំរាមកំហែង​របស់​កូរ៉េខាងជើង។ ទន្ទឹម​គ្នា​នេះ លោក​ឆាក់ ហាហ្គែល​ក៏​បាន​ព្រមាន​ចិន​ពី​ការ​ប៉ុនប៉ង​ប្រើ​កម្លំាង​បាយ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ទឹកដី​ជាមួយ​ប្រទេស​ជិត​ខាង​ដែរ។ សម្រាប់​លោក​ឆាក់ ហាហ្គែល ប្រទេស​ទំាង​អស់​ត្រូវ​តែ​មាន​សិទ្ធិ​ទទួល​បាន​ការ​គោរព ទោះ​បី​ជា​ប្រទេស​ទំាង​នោះ តូច ធំ ឬ​ខ្លំាង ខ្សោយ​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ